Home Blog Page 205

សមត្ថកិច្ចឃាត់បានយានយន្តចំនួន១គ្រឿងថែមទៀតអ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន យប់មិញ

0

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន១គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូ១គ្រឿង។

បច្ចុប្បន្នយានយន្តទាំងនោះ បានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕ប្រភព fresh news

 

 

 

 

ដើម្បបញ្ជាក់ពីភាពស្អាតស្អំព្រះសង្ឃ ទូទាំងខេត្តប៉ៃលិន អាច នឹង ត្រូវចូលរួមធ្វើតេស្តរកសារធាតុញៀន

0

ប៉ៃលិន​ ៖ ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ​ឆ្នាំ២០១៩ នៅ​បរិវេណ​វត្ត​កោង​កាង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន លោក​ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​កងកម្លាំង និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​ព្រះសង្ឃ​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​ចូលរួម​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា​ គ្មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន។

ពិធី​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ លោកគ្រូ អ្នកគ្រូ និង​យុវជន​កាយ​រិ​ទ្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

លោក​ផាន់​ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន មានប្រសាសន៍​លើកឡើង​ថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ចម្បង ដែល​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ កំពុងតែ​ខិតខំ​យកចិត្តទុកដាក់ ជាពិសេស​គឺ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ហើយ​ចំពោះ​ខេត្ត​ប៉ៃលិន នា​ពេល​កន្លងមក កងកម្លាំង​សមត្ថកិច្ច​ចម្រុះ របស់​យើង បាន​ចុះ​ធ្វើ​សកម្មភាព យ៉ាងសកម្ម ក្នុង​ការ​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន នៅ​តាម​ដងផ្លូវ និង​នៅ​កន្លែង​កម្សាន្ត​នានា​ខេត្ត​ប៉ៃលិន ក្នុង​នោះ មានការ​ធ្វើតេស្ត ដល់​អ្នក​ធ្វើ​ដំណើរ ដោយ​រកឃើញថា​ មាន ៥០% ផ្ទុក​នូវ​សារធាតុ​ញៀន​ផងដែរ​។

ជា​មួយ​គ្នា​នេះ ​លោក​អភិបាលខេត្ត ក៏​បាន​សូម​អំពាវនាវ ដល់​កងកម្លាំង និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ព្រះសង្ឃ​ទូទាំង​ខេត្ត​ប៉ៃលិន ត្រូវ​ចូលរួម​គ្នា ធ្វើតេស្ត​រក​សារ​ធាតុ​ញៀន​ទាំងអស់​គ្នា ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ហើយ​ក៏​បង្ហាញ​ផង​ដែរ​ថា ​ព្រះសង្ឃ នៅ​ខេត្ត​ប៉ៃលិន គ្មាន​ផ្ទុក​សារធាតុ​ញៀន​ផងដែរ​។

ជា​មួយ​គ្នា​នេះ ត្រូវ​បន្ត​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​មន្ត្រី​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​ចៀសវាង ឲ្យបាន​ជាដាច់ខាត​នូវ កុំ​៤ គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស​គ្រឿងញៀន។

សូម​បញ្ជាក់​ថា​ បើ​តាម​របាយការណ៍ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ក្នុង​ពិធី​នេះ មានការ​ផុត​បំផ្លាញ​គ្រឿងញៀន​ចំនួន​២​ប្រភេទ​គឺ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន​៣១​គ្រាប់​ស្មើនឹង​ទម្ងន់​៥,៧៤​ក្រាម និង​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ១​តូច ១​ធំ​សរុប​មាន​ទម្ងន់​១២២,៣២​ក្រាម ផង​ដែរ​៕ប្រភព Kompuchea Thaey
សេង សុវណ្ណារិទ្ធ

 

 

 

 

 

 

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាចង់បានការវិនិយោគច្រើនថែមទៀតពីអាមេរិក ដើម្បីជួយធ្វើពិពិធកម្ម, បង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា

0

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Wichalak។

ក្នុងនាមគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន, លោក Alexander Feldman មានប្រសាសន៍ថា ដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ មានការចូលរួមពីក្រុមហ៊ុនធំៗ អាមេរិកចំនួន ១៥ និងមានគោលបំណងស្វែងយល់នូវឱកាសវិនិយោគ ក៏ដូចជាដើម្បីធ្វើការពិភាក្សាលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា។

លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានទាំងអស់ ហើយលោក និងសហការីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសេចក្តីសោមនស្សរីករាយ ក្នុងការពិភាក្សាលើបញ្ហានានា ដែលជាសំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអាមេរិក ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគថ្មីពីអាមរិកបន្ថែមទៀត ក្នុងគោលដៅពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មីទៀត ដើម្បីផលប្រយោជន៍ទាំងសងខាង ក្នុងរយៈពេលវែង។

លោកបានគូសបញ្ជាក់ថា កម្ពុជាចង់បានការវិនិយោគបន្ថែមកាន់តែច្រើនពីអាមេរិក ដើម្បីធ្វើពិពិធកម្ម, បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិតកម្មនៅតំបន់ និងពិភពលោក ជាពិសេសការផ្ទេរនូវចំណេះដឹង, បច្ចេកវិទ្យា, នានុវត្តន៍ និងសហគ្រិនភាពជាដើម។

លោកបានបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបាន និងកំពុងបន្តរីកចំរើនទៅមុខយ៉ាងលឿន។ ក៏ប៉ុន្តែនិន្នាការនិងភាពមិនប្រកដប្រជាមួយចំនួនក្នុងពិភពលោក និងតំបន់ បាននាំមកនូវទាំងកាលានុវត្តភាព ទាំងហានិភ័យ និងបញ្ហាប្រឈមមកជាមួយគ្នាផងដែរ។ កម្ពុជាមានការប្តេជាចិត្តខ្ពស់ក្នុងការជំនះឱ្យបាននូវរាល់បញ្ហាប្រឈមទាំងនេះ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍប្រទេសឱ្យទាន់ចរន្តក្នុងតំបន់ និងនាំប្រទេសកម្ពុជាឱ្យឈានទៅដល់កម្រិតនៃការអភិវឌ្ឍថ្មីមួយទៀត។

ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដោយជំរុញបង្កើនពិពិធកម្ម និងភាពប្រកួតប្រជែងសេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍ចំនួន ៤ ធំៗ រួមមាន៖

១៖ វិធានការស្រូបយកការប៉ះទង្គិចផលវិបាកពីវិបត្តិណាមួយជាយថាហេតុ
២៖ វិធានការដោះស្រាយបញ្ហារចនាសម្ព័ន្ធ ក្នុងនោះមានការបង្កើនភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃដើម ជាពិសេសការផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអគ្គីសនី, ការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មទំនិញ និងទីផ្សារ ៣៖ វិធានការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានទាំងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ
៤៖ បង្កើនប្រសិទ្ធភាពក្នុងវិស័យសាធារណៈ ដើម្បីកសាងរដ្ឋបាលសាធារណៈមួយ ដែលកាន់តែស្អាតស្អំ, ឆ្លាតវៃ និងខ្លាំងពូកែមានសមត្ថភាពខ្ពស់ (A Cleaner, Smarter & Stronger Government)។

លោក វង្សី វិស្សុត ក៏បានធ្វើការពិភាក្សាផងដែរ អំពីសក្តានុពល និងការទាញយកធនធានប្រេងកាតក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា ដែលបានលើកឡើងដោយក្រុមហ៊ុន ConocoPhillips។ ក្រៅពីការផ្គត់ផ្គង់គ្រឿងបរិក្ខាពេទ្យ, លោក វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន GE ក្នុងការចូលរួមអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាផងដែរ។

ចំពោះចំណាប់អារម្មណ៍ និងមតិលើកឡើងរបស់តំណាងក្រុមហ៊ុន VISA, MASTERCARD, AMAZON, Facebook និង ORACLE ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល, E-Commerce, E-Payment System និង Cloud Policy ជាដើមនោះ, លោក វង្សី វិស្សុត មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយ ស្តីពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដែលជាក្របខ័ណ្ឌគោលនយោបាយវែង សម្រាប់នាំកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នៅក្នុងរយៈពេលពី ១៥ ទៅ ២០ ឆ្នាំខាងមុខ។

លោកបានគូសបញ្ជាក់ថា អាទិភាពដំបូងគេនៅក្នុងក្របខណ្ឌនេះ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចឌីជីថល ពិសេសវិស័យអគ្គីសនី និងការតភ្ជាប់ផ្នែកឌីជីថលនៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាការបង្កើតនូវប្រព័ន្ធអេកូ (Ecosystem) សម្រាប់ជំរុញដល់សកម្មភាពសេដ្ឋកិច្ចនានា នៅក្នុងសេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិច E-Commerce ឱ្យបានខ្លាំងក្លាថែមទៀត ព្រោះបច្ចុប្បន្ននៅមានចំណែកតូចនៅឡើយ តាមរយៈការរៀបចំក្របខណ្ឌនីតិកម្ម រួមទាំងគោលនយោបាយពន្ធដារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងផ្នែករឹង និងទន់ ដូចជា National Payment Platform ជាដើម។

ដោយឡែកពាក់ព័ន្ធចំពោះការលើកឡើងពាក់ព័ន្ធ នឹងការបញ្ឈប់ការនាំចូលប្រេងតាមផ្លូវគោក ខាងភាគីកម្ពុជាបានស្នើសុំឱ្យមានការយោគយល់ ព្រោះការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីពង្រឹងការប្រមូលចំណូល ក៏ដូចជាពង្រឹងប្រសិទ្ធភាព ក្នុងការទប់ស្កាត់អំពីរត់គេចពន្ធ។ ពិតណាស់ថា ក្រុមហ៊ុនមួយចំនួនអាចជួយប្រទះនូវការលំបាកខ្លះក្នុងរយៈពេលខ្លី តែការដាក់ចេញនូវវិធានការទាំងនេះ នឹងជួយលើកកម្ពស់អនុលោមភាពពន្ធ និងការប្រកួតប្រជែងដោយស្មើភាពនៅក្នុងរយៈពេលវែង។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងយកចិត្តទុកដាក់នូវសំណូមពរទាំងនេះ ទន្ទឹមនឹងការខិតខំធានាឱ្យមាននូវបរិយាកាសវិនិយោគអនុគ្រោះ និងផ្តល់ប្រព្រឹត្តកម្មដោយស្មើភាពដល់ក្រុមហ៊ុនទាំងអស់៕ប្រភព fresh news

 

 

 

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព ដល់មន្រ្តីនគរបាល១៤០នាក់

0

(សៀមរាប)៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាពជូនដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុយ ដាវិន ប្រធានមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងលោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា បានបញ្ជាក់ថា គោលបំណងដែលស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីចង់ឲ្យ មន្រ្តីនគរបាលជំនាញ និងមន្ត្រីនគរបាលនៅមូលដ្ឋាន បានយល់ដឹងច្បាស់អំពីសុវត្ថិភាពចំណីអាហារ ផលប៉ះពាល់ពីការបរិភោគចំណីមានសារធាតុពុល ឬសារធាតុគីមី និងវិធីសាស្រ្ត នៃការត្រួតពិនិត្យគុណភាពចំណីអាហារ ព្រមទាំងប្បញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ ដើម្បីយកទៅផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានសម្រាប់បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។

លោកស្នងការរងរំលឹកថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិកន្លងទៅនេះ នាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំងនគរបាលរាជធានី/ខេត្ត/ក្រុងទាំងអស់ ត្រូវបង្កើនការខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារជំនាញ ដើម្បីបង្ការ ទប់ស្កាត់និង បង្រ្កាបបទល្មើសឪសថក្លែងក្លាយ និងចំណីអាហារមានសារធាតុពុល និងមេរោគ ដែលវាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា បច្ចុប្បន្នដោយសារបច្ចេកវិទ្យាមានការរីកចម្រើនជឿនលឿនយ៉ាងខ្លាំង បានធ្វើឲ្យពិភពលោកមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស តាមរយៈការរីកចម្រើន នៃបច្ចេកវិទ្យានេះ វាបានបង្កើតភាពងាយស្រួលជាច្រើនដល់មនុស្សលោកយើងលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យពាណិជ្ជកម្ម អន្តរជាតិផងដែរ។ ទន្ទឹមនឹងការរីកចម្រើននេះ ក្រុមឧក្រិដ្ឋជនបានប្រើបច្ចេកវិទ្យាផលិតឪសថក្លែងក្លាយ ទំនិញក្លែងក្លាយ ចំណីអាហារក្លែងក្លាយ និងសារធាតុគីមី សម្រាប់ដាក់ក្នុងចំណីអាហារឲ្យរក្សាទុកបានយូរឲ្យឆាប់ទុំ ឆាប់ធំ និងប្រើប្រាស់សារធាតុគីមីក្នុងជី និងថ្នាំបាញ់សម្រាប់វិស័យកសិកម្ម ឲ្យទទួលបានទិន្នផលខ្ពស់ជាដើម ដែលកត្តាទាំងអស់នេះ វាអាចបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋទូទៅ។

ដូច្នេះដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យមានប្រសិទ្ធិបាន លុះត្រាតែមន្រ្តីនគរបាលជំនាញ និងមន្រ្តីនគរបាលនៅមូលដ្ឋានយើងយល់ឲ្យច្បាស់អំពី សុវត្ថិភាពចំណីអាហារ វិធីសាស្រ្តក្នុងការត្រូតពិនិត្យគុណភាពចំណីអាហារ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ដើម្បីយកទៅអនុវត្ត។ វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ដល់មន្រ្តីនគរបាល ដោយលោកសំណូមពរឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវការណែនាំ ចង្អុលបង្ហាញពីគន្លឹះ និងការចែករំលែកបទពិសោធន៍របស់អ្នកជំនាញ ដើម្បីយកទៅផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារជំនាញឲ្យទទួលបានជោគជ័យ៕ប្រភព fresh news

 

 

ប្រទះឃើញបដិមាធំមួយនៅក្នុងកសិន្ធុប្រាសាទព្រះគោ

0

(សៀមរាប)៖ បដិមាធំមួយប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាន នៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

បដិមានេះ ត្រូវបានប្រទះឃើញដោយប្រជាជន ដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។

លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមាបានឱ្យដឹងថា កន្លងមកលោកតែងជីកយកដី នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោ ដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់។

លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថា ជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌ ដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថា ជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌ ដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព

លោកអនុសេនីយិ៍ទោ អួន យ៉ង់ នគរបាលបេតិកភណ្ឌប្រចាំឧទ្យានរលួសបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម លោកបានស្នើសុំឱ្យផ្អាកសកម្មភាព រង់ចាំលោកចុះមកពិនិត្យដល់ទីតាំងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ។

សមត្ថកិច្ចរូបនេះបានបញ្ជាក់ថា កន្លងមកមានប្រជាជនបានជួបប្រទះនូវបដិមាផ្សេងៗដូចករណីនេះជាច្រើនដងមកហើយ និងបានរាយការណ៍ដល់សមត្ថកិច្ចជាប្រចាំ ដែលនេះជាសកម្មភាពដ៏គំរូគួរយកតម្រាប់តាម។

លោកបានអំពាវនាវដល់ប្រជាជន ក៏ដូចជាសាធារណជនទាំងអស់ ដែលបានប្រទះឃើញនូវបដិមា សំណល់បុរាណវត្ថុនៅកន្លែងណាក៏ដោយ សូមប្រគល់ឬរាយការណ៍ដល់អាជ្ញាធរកុំបីខាន។

សូមបញ្ជាក់ថា បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុក នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដោយមានការចូលរួមពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៃខេត្តសៀមរាប៕ប្រភព fresh news

 

 

 

 

 

នគរបាលខេត្តបន្ទាយមានជ័យ កិនកម្ទេចចោលបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃចំនួន ២៣២គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ បង្កសម្លេងខ្លាំងៗប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

0

(បន្ទាយមានជ័យ)៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកិនកម្ទេចចោល បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ (ប្រែន) ២៣២គ្រឿង ដែលកម្លាំងនគរបាលរបស់លោក បង្រ្កាប និងដកហូតពីក្រុមក្មេងទំនើងបើកបរបង្កសម្លេងលាន់ឮរំខានការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ។

នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សន គឹមសួរ៍ ប្រាប់ឱ្យដឹងថា បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ (ប្រែន) ខាងលើ ត្រូវបានកម្លាំង នគរបាលការិយាល័យចរាចរណ៍ខេត្ត និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ ខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបដកហូតតាមដងផ្លូវរយៈពេល ៥ខែមកហើយ ដោយឡែក អ្នកបើបបរប្រព្រឹត្តល្មើសសមត្ថកិច្ចអប់រំ ឱ្យធ្វើកិច្ចនាយការិយាល័យ ប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កម្លាំងនគរបាលចរាចរណ៍ខេត្តក៏ដូចជា តាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ តែងតែចុះទប់ស្កាត់ និងបង្រ្កាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង (ប្រែន) ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេស និងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើមនោះ។សន្យាបញ្ឈប់សកម្មភាពខុសច្បាប់បែបនោះទៀត។

នាយការិយាល័យ ប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កម្លាំងនគរបាលចរាចរណ៍ខេត្តក៏ដូចជា តាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ តែងតែចុះទប់ស្កាត់ និងបង្រ្កាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង (ប្រែន) ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេស និងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើមនោះ។

នាយការិយាល័យ បញ្ជាក់ឱ្យដឹងទៀតថា ច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា ៦៦ ចែងថា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះ មិនឱ្យធ្វើចរាចរណ៍ ឬឃាំងទុកមិនលើស៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរប្រព្រឹត្តល្មើស និងបទបញ្ញត្តិចរាចរណ៍ អនុវត្តនៅត្រង់ចំណុច៤យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសម្លេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេសឬបំពាក់ប្រព័ន្ធភ្លើងខុសស្តង់ដារកំណត់រំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នករស់នៅជាប់ដងផ្លូវនោះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញឱ្យកងកម្លាំងនគរបាលក្រោមបង្គាប់ ត្រូវបន្តចុះទប់ស្កាត់នូវការប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ដែលកែច្នៃខុសបច្ចេកទេសបង្កប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈ ពីព្រោះថា ការប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង (ប្រែន) និងការប្រើប្រាស់រថយន្តបំពង់ស៊ីម៉ាំង (ប្រែន) នៅលើថ្នល់ប្រជាពលរដ្ឋ បានធ្លាប់ប្តឹងរាយការណ៍មកលោកផ្ទាល់ពីការរំខាន នៃការរស់នៅរបស់ពួកគាត់ និងសំណូមពរឱ្យមានការទប់ស្កាត់។

លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវឱ្យក្មួយៗយុវជន ដែលប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូ (ប្រែន) ត្រូវបញ្ឈប់នាំគ្នានាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់សាធារណៈនិងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាលើកទី២ហើយ ដែលធ្វើពិធីកំទេចចោលបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស។ លើកទី១ បានកិនកំទេចចោលជាង៣០០គ្រឿង និងលើទី២ កិនកំទេចចោលជាង២០០គ្រឿង៕ ប្រភព fresh news

 

 

 

 

ដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនក្នុងក្រុងបាវិត ដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនមួយ កាយដីសាងសង់អាគារប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម

0

 

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧៖៤៥នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនី ចាប់ពី ភូមិតាបឹប រហូតដល់ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន THE NEW WENETLAN RESORT Co.Ltd កាយដីសាងសង់អាគារប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២យប់នាទីយប់រំលងអធ្រាត្រ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕ប្រភព fresh-news

 

 

អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចៀសវាងពិនិត្យ និងព្យាបាលពេទ្យឯកជន ភូមិដែលគ្មានវិជ្ជាជីវះត្រឹមត្រូវ បើសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវនាំទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ។

0

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ពលរដ្ឋ បើសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវនាំទៅមណ្ឌលសុខភាពដែលជិតផ្ទះ ចៀសវាងពិនិត្យ និងព្យាបាលពេទ្យឯកជន តាមភូមិដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ។

អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវបែបនេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោកស្រី រួមដំណើរដោយ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរស្រុកក្រូចឆ្មារ និងកាកបាទក្រហមខេត្ត ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បាននាំយកសេរ៉ូម ចំនួន១,៥០០កំប្លោក ដែលឧបត្ថម្ភដោយសាខាកកាបាទក្រហមខេត្ត ទៅផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកផងដែរ។

លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អ្នកជំងឺកំពុងសម្រាកព្យបាល នៅក្នុងមន្ទីរពេទ្យបង្អែកក្រូចឆ្មារ សរុបចំនួន ៤៥នាក់ ក្នុងនោះអ្នកជំងឺគ្រុនឈាម ២៤នាក់ ចំណែកបុគ្គលិកមាន ៣៧នាក់ សរុបចំនួន៨២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលលើកទឹកចិត្ត ទាំងអ្នកជំងឺ និងអ្នកព្យាបាលថែទាំអ្នកជំងឺ។

លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានធ្វើការសំណេះសំណាល និងសម្តែងនូវការអាណិតអាសូរដល់អ្នកជំងឺគ្រុនឈាម និងអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅទីនេះ និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុនសែន ជូនពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺ ផ្គត់ផ្គង់ឱសថសម្ភារៈបរិក្ខារ ទាក់ទងនឹងជំងឺគ្រុនឈាម ក៏ដូចជាជំងឺទូទៅនេះកុំឲ្យដាច់៕ ប្រភព fresh-news

នៅម៉ោងជាង ១១ ថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៩ ឆេះរថយន្ត១គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ រត់ជាន់ជើងគ្នា

0

(ព្រះសីហនុ)៖ សមត្ថកិច្ច នៃអធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានរថយន្តធុនតូចមួយគ្រឿង បានឆាបឆេះជាអគ្គិភ័យ នៅទីប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលបន្តថា ពេលកំពុងកើតហេតុភ្លាមៗ សមត្ថកិច្ច ក៏បានមកបញ្ចេញឡានទឹក មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ផងដែរ។

សមត្ថកិច្ចឲ្យដឹងទៀតថា រថយន្តដែលឆេះខាងលើនេះ ជាប្រភេទរថយន្តលុចសុីស RX ៣០០។

យ៉ាងនេះក្តី សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ នៅមិនទាន់ដឹងមូលហេតុ ឆ្លើងឆេះរថយន្តខាងលើនេះ បណ្តាលមកពីអ្វីឲ្យពិតប្រាកដនោះទេ។ ហើយថា ហេតុការណ៍នេះ ក៏មិនមានមនុស្សរងគ្រោះថ្នាក់នោះដែរ៕ ប្រភព fresh-news

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩នេះកម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី និង ឃាត់ខ្លួន៥១នាក់

0

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១២ករណី ឃាត់ខ្លួនជនសង្ស័យ៥១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៣២២ករណី ឃាត់មនុស្ស៩,២០៦នាក់ (ស្រី៦៩៣នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ផងដែរ៕ប្រភពFressnews