មហាជនសុទ្ធតែបានស្គាល់រួចមកហើយតារាសម្ដែងប្រុសរូបសង្ហាលោក Maiwarit ដែលជាតារាសម្ដែងម្នាក់កំពុងទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈទេពកោសល្យសម្តែង និង រូបរាងដ៏ស្រស់សង្ហានោះ ។
យ៉ាងណាមិញ ថ្មីៗនេះរឿងភាគថ្មីមួយរបស់លោកក្នុងប៉ុស្តិ៍លេខ ៣ បានចាក់បញ្ចាំង ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍បន្ទាប់ពីរឿងភាគនោះបានចេញផ្សាយភ្លាម បានធ្វើឱ្យមហាជនផ្ទុះការខឹងសម្បាទៅវិញ ព្រោះតែសាច់រឿងដែលលោកបានសម្ដែងនោះមានឈុតឆាកមួយធ្វើឱ្យអ្នកគាំទ្រស្អប់ និង ខឹងលោក ដោយឈុតឆាកនោះគឺតារា Maiwarit ជាតួឯកប្រុសដើរតួជាស្វាមីមិនខ្វល់ខ្វាយនឹងប្រពន្ធ ខណៈដែលប្រពន្ធត្រូវបានតួប្រុសចិត្តអាក្រក់ចាប់រំលោភ តែបែរជាលោកទៅខឹងស្អប់ប្រពន្ធខ្លួនឯងទៅវិញ ពិតជាមិនស័ក្តិសមសោះឡើយ ។
ជុំវិញឈុតឆាកនេះ បានធ្វើឱ្យមហាជនអ្នកទស្សនាតាមដានរឿងកើតជាក្ដីក្ដៅក្រហាយខឹងនឹងតួអង្គប្រុសលោក Maiwarit ដែលជាអង្គឯកក្នុងរឿងនោះយ៉ាងខ្លាំង ។ ដូចគ្នានោះ គេក៏កត់សម្គាល់ឃើញមានមហាជនច្រើនណាស់បានបង្ហោះរូបភាព និង ជេរដៀលដល់តួអង្គក្នុងរឿងនេះ ព្រោះម្នាក់ៗយល់ថាវាមិនស័ក្ដិសមឡើយ ដែលមានឈុតឆាកបែបនេះសម្ដែងឡើង ជាពិសេសអ្នកនិពន្ធសាច់រឿងនេះ មិនគួរណាឱ្យមានឈុតឆាករំលោភចំពោះតួអង្គស្រី ពិតធ្វើឱ្យមហាជនខកចិត្ត និង មិនពេញចិត្តទាល់តែសោះ ។
ដោយឡែកក្រោយមានការផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្នុងរឿងរួចមក ទន្ទឹមនឹងនោះគេក៏ឃើញតារាសម្ដែងប្រុសលោក Maiwarit បានចេញមកបង្ហោះសារក្នុង Instagram របស់លោកថា «សូមអញ្ជើញជេរមកចុះ ដៀលមកចុះ» ។ តាមរយៈសារបង្ហោះនេះ លោកចង់មានន័យថា ឱ្យមហាជនជេរចុះ គឺជេរតួអង្គដែលលោកកំពុងតែដើរតួក្នុងរឿងហ្នឹង ព្រោះជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ មិនយល់ពីអារម្មណ៍ប្រពន្ធ ក៏ប៉ុន្តែក្នុងនោះ គេក៏ឃើញវត្តក្រុមហ៊ុនផលិតរឿងនេះក៏បានចេញមុខសំទោសចំពោះឈុតឆាកដែលមហាជនមិនពេញចិត្តនោះរួចហើយដែរ ។
តាមពិតទៅការខឹងសម្បារបស់មហាជនេះគឺមហាជនខឹងជេរទៅកាន់តួអង្គឯកប្រុស និង សាច់រឿងប៉ុណ្ណោះ ដែលមើលទៅវាមិនសមនឹងភ្នែក មិនមែនមហាជនខឹងនឹងតារាសម្ដែងលោក Maiwarit នោះទេ ហើយហេតុដែលលោកចេញមកបង្ហោះសារបែបនេះ ក៏ព្រោះតែលោកបានដើរតួជាតួអង្គឯកក្នុងរឿងនោះដែរ ៕