មីយ៉ាន់ម៉ា ៖ ជារឿងរ៉ាវដ៏ឲ្យគួរឲ្យស្លុតចិត្តខ្លាំងបំផុត ខណៈដែលបាតុករជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមួយរូប ត្រូវបានក្រុមប៉ូលិសមីយ៉ាន់ម៉ាធ្វើការបាញ់ចំក្បាលនៅផ្នែកខាងក្រោយ បណ្តាលឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតត្រូវយកទៅសង្គ្រោះជាបន្ទាន់នៅក្នុងមន្ទីរពេទ្យ។
នារីរងគ្រោះខាងលើឈ្មោះ Mya Thwate Khaing មានអាយុ២០ឆ្នាំ ត្រូវបានក្រុមប៉ូលិសបាញ់មកលើនាងក្នុងរដ្ឋធានី ណៃពិដោ ស្របពេលដែលនាងបានចូលរួមជាមួយនឹងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតដើម្បីទាមទារឲ្យមានការបញ្ចប់ការធ្វើរដ្ឋប្រហារដឹកនាំដោយយោធា ដែលចាប់ផ្តើមកាលពីសប្តាហ៍មុន។
យ៉ាងណាមិញមានវីដេអូមួយបានបង្ហាញឲ្យឃើញពីការបាញ់របស់ក្រុមប៉ូលិសមកលើនាង ដោយនាង Mya បានកំពុងតែនៅផ្នែកម្ខាងនៃក្រុមមន្រ្តី និងនៅពីក្រោយចំណតឡានក្រុងមុនពេលត្រូវគ្រាប់កាំភ្លើងដែលបានបាញ់ចេញពីខាងក្រោយជួរប៉ូលិស។ ចំពោះវីដេអូនេះក្រុមប៉ូលិសបានចេញមកបដិសេធការប្រើគ្រាប់កាំភ្លើងពិត និងនិយាយថា Mya ត្រូវគ្រាប់កាំភ្លើងជ័រ ខណៈដែលអ្នកជំនាញលើកឡើងថាប្រសិនបើជាគ្រាប់ជ័រពិតមែន មួកសុវត្ថិភាពដែលនាងបានពាក់គឺប្រាកដជាអាចការពារក្បាលរបស់នាងបានហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះការបាញ់ប្រហារមួយនេះបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំងពីក្រុមបាតុករប្រឆាំងនឹងបូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ាមួយនេះ ខណៈដែលកម្មកររាប់រយពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានី ណៃពិដោ ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលយោធា និងកាន់ស្លាកគាំទ្រលោកស្រី អង់សាន ស៊ូជី។
គួររំលឹកផងដែរថា មានមនុស្សរាប់ពាន់នាក់បាននាំគ្នាមកប្រមូលផ្តុំធ្វើបាតុកម្មនាទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងដ៏ធំបំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រភព ៖ Daily Mail Online