រាជធានីភ្នំពេញ៖ តុលាការ បានចេញដីកាកោះ បង្គាប់ឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលខ្លួនទៅកាន់អយ្យការ អមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ ការកោះហៅនេះ បានធ្វើឡើង បន្ទាប់ពីស្ត្រីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស បានដាក់ពាក្យប្តឹង ទៅតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ អាចប្រឈមមុខនឹង ការលុបឈ្មោះ ចេញពីកងទ័ព បើសិនជាតុលាការ រកឃើញថា មានកំហុសបានប្រព្រឹត្ត ដូចជាការចោទប្រកាន់ របស់ស្ត្រីរងគ្រោះមែននោះ ពាក់ព័ន្ធករណីប្រើ អំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងមនុស្ស ដោយខុសច្បាប់។
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិ បានមានប្រសាសន៍ ប្រាប់ថា ចំពោះករណីលោក ឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺជនរងគ្រោះ បាន
ប្តឹងទៅតុលាការហើយ គឺលោកបានមានវិធានការ ឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលខ្លួនទៅឆ្លើយបំភ្លឺ នៅតុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមផ្លូវច្បាប់។ ចំពោះរឿងនេះ គឺអត់មានអ្នកណាមួយ មកការពារលោក ឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺធ្វើទៅតាមផ្លូវច្បាប់។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិ បានសង្កត់ធ្ងន់ថា បើសិនជាតុលាការ កាត់ក្តីថា លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ខុសគឺក្នុងកងទ័ព ត្រូវលុប ឈ្មោះ ចោលតែម្តង។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថាៈ ” ដើមបណ្តឹង ដែលជាអ្នករងគ្រោះ គេបានប្តឹង
ទៅតុលាការហើយ គឺខ្ញុំមាន វិធានការមួយ ឲ្យមនុស្សហ្នឹង (លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន) ចូលខ្លួនទៅតាមផ្លូវច្បាប់ ហើយអត់មានអ្នកណាមួយ មកការពារទេ ខ្ញុំបានណែនាំអប់រំ អស់ហើយ គឺកាលណាដីកាកោះហៅ ត្រូវតែចូលខ្លួន ដើម្បីទៅដោះស្រាយ ហើយបើសិនណា ចូលខ្លួនហើយ តុលាការ កាត់ថា មនសុ្សហ្នឹងខុស គឺត្រូវទៅតាម តុលាការ គេកាត់ ហើយក្នុងកងទ័ពយើង ត្រូវតែលុបឈ្មោះគាត់ ចោលតែម្តង” ។
បើយោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្ត ដែលកំពុងជិះ តែពីរនាក់ លើដងផ្លូវ ស្ថិតនៅចំណុចម្ដុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់ធឿន បានវាយដំអ្នកស្រី និងបានដកកាំភ្លើងខ្លី ភ្ជង់គំរាម មិនឲ្យស្រែក និងគំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវ រហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ ព្រមទាំងបាន ចាប់បង្ខាំងទុក នៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទី ជានាយស្តីទី ការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់ វេលាម៉ោង ៧ យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាល ចុះមកអន្តរាគមន៍ រំដោះអ្នកស្រីចេញពីផ្ទះ ដែលបានបង្ខាំងអ្នកស្រី យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕