តោះមកមើលមុខលោកចោរចំនួន៥នាក់ ដែលលួចគោក្របីអ្នកស្រុកយ៉ាងសកម្មនៅខេត្តសៀមរាប

0
451

សៀមរាប​ ៖​ កម្លាំង​នគរបាល​ខេត្ត​សៀមរាប​ បាន​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​ប្រជា​ការពារ​ភូមិ បាន​ល្បាត​ រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ក្រុមចោរ​ដ៏​សកម្ម​ចំនួន​៥​នាក់ ដែល​តែងតែ​លួច​គោក្របី​អ្នកភូមិ ជា​ញឹកញាប់​នៅក្នុង​ខេត្តសៀមរាប​និង​ខេត្ត​ផ្សេងៗ​ទៀត។

ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង នៅ​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៩​ចំណុច ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ក្រោម​កិច្ចសហការ​ប្រទាក់​ក្រឡា​រវាង​អធិការ​ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​សៀមរាប​រួម​នឹង​ប្រជា​ការពារ​ស្រុក​ប្រាសាទបាគង យើង​បង្ក្រាប​ក្រុមចោរ​១​ក្រុម​មាន​គ្នា​៥​នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​គោ​ដឹក​តាម​រថយន្ត​។

លោក​បន្ត​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ហើយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ មាន​រថយន្ត​១ គ្រឿង​ម៉ា​កកូ​រេ ​ពណ៌​សរ ៣​តោន​កន្លះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-1155 សង្ស័យ​ថា ​មាន​គោ​ហើយ​កម្លាំង​យើង​ក៏​ឃាត់​រថយន្ត​ធ្វើការ​ត្រួតពិនិត្យ​ក៏​ឃើញ​មាន​ដឹក​គោ​ញី​ចំនួន​៣​ក្បាល​សម្បុរ ចំប៉ា​១​ក្បាល​និង​ក្រហម​២​ក្បាល​ពេល​កម្លាំង​យើង​ធ្វើការ​សួរនាំ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ បាន​ធ្វើការ​រត់គេច​ហើយ​កម្លាំង​យើង​បានធ្វើការ​ហ៊ុមព័ទ្ធ​ហើយ​ចាប់បាន​។

លោក​បន្ថែម​ថា ជនសង្ស័យ​ទី​១ ឈ្មោះ ឆន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ដើម​រការ ឃុំ​ខ្នា​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​ ទី​២ ឈ្មោះ​ម៉ម ចន្ថា ភេទ ប្រុស អាយុ​៣៧​ឆ្នាំ​សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ចេក​ចាវ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​ ទី​៣ ឈ្មោះ ឌី សៅ​រ៉ា​ន់ ភេទ ប្រុស អាយុ​៣២​ឆ្នាំ សញ្ជាតិ​ខ្មែរ​នៅ​ភូមិ កណ្ដុរសរ ឃុំ​បង​កន្ទួត ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់​។ ទី៤ ឈ្មោះ កុក លី​សារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​ម្ចាស់​ឡាន នៅ​ភូមិ​ចំការ​តា​ពង ឃុំស្រែ​ស្ដុក​ ស្រុកក​ន្ដៀ​ង ខេត្ត​ពោធិ៍សាត់​។

លោក​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព​របស់​អ្នក​ទាំង​៤ ឈាន​ដល់​ការ​នាំ​ខ្លួន​ឈ្មោះ គា តូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ដូន​នំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប មក​សួរនាំ​។ ក្រោយពី​សួរនាំ​រួច​ជនសង្ស័យ​ទាំង​៥ ​បាន​ឆ្លើយ​សារភាពថា​ ពិតជា​បានធ្វើ​សកម្មភាព​លួច​គោក្របី​ពិតប្រាកដ​មែន​។

កន្លងមក​ជនសង្ស័យ​ទាំង​៥ នាក់​ធ្លាប់ធ្វើ​សកម្មភាព​លួច​គោ ក្របី ជា​សកម្ម​ផង​ដែរ។ ហើយ​យើង​បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដែល​ពួកគេ​ប្រព្រឹត្តិ​សកម្មភាព​លួច គោ ក្របី​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​ការ​ចាប់​បាន​ក្រុម​ចោរលួច​គោ ក្របី ទាំងនេះ​បាន​ហើយ ក៏​គួរតែ​ចេះ​ប្រុងប្រយ័ត្ន​ផង​។

ជុំវិញ​ករណី​បង្ក្រាប​ដោយ​ទទួល​បាន​ជោគជ័យ​ពី​សំណាក់​កម្លាំង​នគរបាល​ខេត្ត​សៀមរាប នេះ​ដែរ ពលរដ្ឋ​ដែល​ចិញ្ចឹម​គោ ក្របី ក្នុង​ខេត្តសៀមរាប បាន​សម្តែង​ការ​ត្រេកអរ និង​សប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​ចំណាត់​ការ​ដ៏​ល្អ​នេះ ​ព្រោះ​ពួកគាត់​លែង​ភ័យ​បារម្ភ​ទៀតហើយ​៕ប្រភព៖ Kampuchea Thmey Daily