ខេត្តសៀមរាប៖ បុរសចំណាស់ម្នាក់ ត្រូវកូនប្រុសប្តឹងចាប់ដាក់ពន្ធនាគារ រួចយកដីចំនួន១៣កន្លែង ហើយនៅថ្មីៗនេះ បុរសជាកូននោះ បានជួលមនុស្សឲ្យកាត់សោរបងផ្ទះឪពុកដែលគាត់កំពុងរស់នៅ ដើម្បីចូលកាន់កាប់។បុរសជាឪពុកដែលកូនប្រុសបង្កើតប្តឹងចាប់ដាក់ពន្ធនាគារ និងយកដីជាង១០កន្លែងនេះ
មានឈ្មោះ មុយ ហ៊ួត អាយុ៦៥ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកកូនបង្កើតមានឈ្មោះមុយ វួចស៊ុន ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី។ លោកមុយ ហ៊ួត បានប្រាប់បណ្តាញសារព័ត៌មានថា កូនប្រុសបង្កើតរបស់គាត់ (មុយ វួចស៊ុន) បានប្តឹង
ទាមទារយកដីរបស់គាត់ចំនួន១៣កន្លែងរួចមកហើយ ដោយដំណើររឿងក្តីនេះ កំពុងស្ថិតនៅសាលាឧទ្ធរណ៍នៅឡើយ។ តែអ្វីដែលធ្វើឲ្យគាត់កាន់តែឈឺចាប់នោះ គឺកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កូនរបស់គាត់បានជួលមនុស្សឲ្យយមកកាត់សោរបង ហើយចាក់សោថ្មីមិនឲ្យយរូបគាត់ចូលផ្ទះ ដែលកំពុង
រស់នៅឡើយ តែគាត់បានកាត់សោនោះចូលរស់នៅវិញ។ លុះរំលងបាន២ថ្ងៃ គឺនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ស្រាប់តែមានមនុស្ស២នាក់ចូលមកនៅផ្ទះរបស់គាត់ ដោយអះអាងថា កូនរបស់គាត់ជួលពួកគេឲ្យយមកនៅកាន់កាប់។ បុរសខាងលើបន្តថា កាលពីអំឡុងឆ្នាំ២០១៨ កូនរបស់គាត់ បានមកកុហកថា ដីដែលកំពុង
ដំណើរការជួលឲ្យយគេនោះចប់កុងត្រា ហើយសុំឲ្យរូបលោកជាឪពុកផ្តិតមេដៃលើក្រដាសជាថ្មី ដើម្បីធ្វើកុងត្រាជួលបន្ត តែដឹងអី ! ក្រោយផ្តិតមេដៃហើយ មិនបាន១ខែផង ស្រាប់តែកូនទៅចាក់សោរបងលើដី១៣កន្លែង ដោយអះអាងថា រូបគាត់ជាឪពុកបានផ្តិតមេដៃផ្ទេរសិទ្ធិឲ្យរូបគេជាកូនអស់ហើយ ទើប
មានការប្តឹងផ្តល់គ្នា ហើយរឿងក្តីនេះ កំពុងស្ថិតក្នុងស្ថាប័នតុលាការនៅឡើយ ហើយថ្មីនេះ កូនប្រុស បានជួលមនុស្សឲ្យមកគំរាមបណ្តេញរូបគាត់ចេញពីផ្ទះដែលកំពុងរស់នៅអាស្រ័យផល មានទំហំជាង៩០ម៉ែត្រ គុណជាង១៤០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទើបស្នើសុំដល់ស្ថាប័ន
ពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ជូនគាត់ផង។ ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនអាចសុំការបំភ្លឺពីលោកមុយ វួចស៊ុន ជាកូនបង្កើតលោកមុយហ៊ួត បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕