ប្រយ័ត្នផងបងប្អូន! មានករណីពុលនំបុ័ង នៅខេត្តសៀមរាប បណ្ដាលអោយមនុស្សក្មេង ចាស់ជាង៣០នាក់ រាគរូស ក្អួតចង្អោរ

0
310

សៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ពុល​នំបុ័ង​នៅ​ស្រុក​ប្រាសាទបាគង​និង​ស្រុក​បន្ទាយស្រី បណ្តាល​ឲ្យ​មនុស្ស​ចាស់​ក្មេង​ជាង​៣០​នាក់​រាករូស​និង​ក្អួតចង្អោរ​។ ​ហេតុការណ៍​នោះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ និង​នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែសីហា ​ឆ្នាំ២០១៩​ ក្នុង​ចំនួន​២​នៃ​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ឡុង​សំណាង អធិការ​នគរបាល​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹង​នៅ​ល្ងាចថ្ងៃ​នេះ​ថា ចំពោះ​ករណី​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែសីហា ​ឆ្នាំ​២០១៩ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៨​នាក់ រស់នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី បាន​ពុល​នំប៉័ង ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​យក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុន​រាម និង បាន​ធូរស្បើយ​ខ្លះ​អស់ហើយ ប៉ុន្តែ​នៅ​សម្រាក​មួយ​យប់​ទៀត​ដើម្បី​តាមដាន​បន្ថែមទៀត​។

លោក​បន្ត​ថា ជនរងគ្រោះ​ទាំង​០៨​នាក់​នេះ រួមមាន ១. ឈ្មោះ រ៉​ន តាត ភេទ​ស្រី អាយុ​៣៨ ឆ្នាំ , ២.​ស៊ីន សៅ​រី ភេទ​ស្រី អាយុ​៣​ឆ្នាំ , ៣. ឈ្មោះ លាន ណា​សា ភេទ​ស្រី អាយុ​៤​ឆ្នាំ , ៤. ឈ្មោះ​លាន ដាលីន ភេទ​ស្រី អាយុ​២​ឆ្នាំ , ៥. ឈ្មោះ ជីន សុផល ភេទ​ប្រុស អាយុ​៤​ឆ្នាំ , ៦.​ឈ្មោះ ជីន សុផាត ភេទ​ប្រុស អាយុ​២០​ខែ , ៧. ឈ្មោះ ចក មករា ភេទ​ប្រុស អាយុ​៣​ឆ្នាំ និង ៨. ឈ្មោះ ជីន ម៉ី​យ៉ា ភេទស្រី អាយុ​៦​ឆ្នាំ បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ។

លោក​បន្ថែម​ថា ករណី​ពុល​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ បាន​ទិញ​ពី​អ្នកដើរ​លក់​នំប៉័ង​នៅ​តាម​ភូមិ ក្នុងស្រុក​បន្ទាយស្រី ជាប់​ជាប្រចាំ ហើយ​ដែល​អ្នកលក់​នំប៉័ង​នេះ​មាន​ទីលំនៅ នៅ​ស្រុក​ប្រាសាទបាគង។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ក៏​មាន​ករណី​ពុល​នំ​បុ័ង​ដូចគ្នានេះ​ដែរ នៅ​ចំណុច​សាលា​បឋមសិក្សា​កំពង់​ភ្លុក ស្ថិត​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​ខេត្ត សៀមរាប បណ្ដាល​ឲ្យ​ពុល​ក្មេងៗ​សិស្សសាលា​ចំនួន​២៩​នាក់ ក្នុង​នោះ​ស្រី​២២​នាក់ ដែល​មាន​អាយុ​ក្រោម​១០​ឆ្នាំ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ដោយ​គ្រាន់តែ​ក្អួត និង​រាករូស។

លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា ករណីនេះ គឺ ក្មេងៗ​បាន​ទិញ​នំ​បុ័ង​ញ៉ាំ​ពី​អ្នកគ្រូ​បង្ហាត់​សិស្ស​បឋម នៅ​ចំណុច​សាលារៀន​បឋមសិក្សា​កំពង់​ភ្លុក ឈ្មោះ ខ្ចៅ ម៉ា​រ៉ា អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ដោយ​អ្នកគ្រូ​បានទទួល​យក​ពី​ម៉ូយ ឈ្មោះ សុខ លីន ភេទ ស្រី នៅ​ភូមិ កញ្ជរ ឃុំ រលួស ស្រុក​ប្រាសាទបាគង ខេត្ត សៀមរាប។

លោក​បាន​បន្ត​ទៀតថា បន្ទាប់ពី​ពុល​រួច លោក​បាន​បញ្ជូន​ទៅ​ដេកពេទ្យ​ឯកជន​ក្នុង​ឃុំ​កំពង់​ភ្លុក​ចំនួន​២១​នាក់ និង​បញ្ជូន​ទៅ​ដេកពេទ្យ​នៅ​ឃុំ​រលួស​ចំនួន​៨​នាក់ ហើយ​ក្រោយពី​ការពិនិត្យ​រួច បាន​បញ្ជាក់​ថា ករណីនេះ​គឺ​បណ្តាលមកពី ពុល​នំប៉័ង ហើយ​ក៏បាន​ធូរស្បើយ​អស់​ដែរ។

ចំណែក​លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​គឺ​លោក​វរសេនីយ៍ឯក សឿន សេន បាន​ឲ្យ​ដឹង​នៅ​ល្ងាច​នេះ​ថា ករណី​នេះ​លោក​បាន​ចុះទៅ​ពិនិត្យមើល ហើយ​គឺ​ភាគច្រើន​មកពី​នំប៉័ង​ទាំងនោះ​ទុក​គ្មាន​អនាម័យ និង​នៅសល់​យូរពេក​។​

លោក​បន្ត​ថា ករណី​នេះ​សមត្ថកិច្ច​ចម្រុះ​នឹង​ចុះទៅ​ពិនិត្យមើល​ទីតាំង​ផលិត​នំប៉័ង​នេះ​ដល់​កន្លែង គឺ​នៅ​ស្រុក​ប្រាសាទបាគង នៅ​ថ្ងៃស្អែក៕ប្រភព៖ Kampuchea Thmey Daily