រាជធានីភ្នំពេញ ៖ យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន ក្រោយយុវជនរូបនេះបានផ្ញើសារសំឡេងតាមទូរស័ព្ទទៅគំរាមទារប្រាក់ពីនារីជាសង្សារជាថ្នូរនឹងការមិនបង្ហោះរូបអាសអាភាសរវាងជនរងគ្រោះនិងជនសង្ស័យធ្លាប់បានគេងជាមួយគ្នា និងគំរាមសម្លាប់ថែមទៀត ដោយ
ជនសង្ស័យខឹងជនរងគ្រោះដើរលេងជាមួយបុរសម្នាក់ជាសង្សារថ្មី ។យុវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹងរបស់នារីរងគ្រោះ ។
សមត្ថកិច្ច ខណ្ឌដង្កោឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សឿ សារ៉ន ហៅ រាជ សុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុន បានទូរស័ព្ទគំរាមនារីរងគ្រោះឈ្មោះ ហ.សត អាយុ៣១ឆ្នាំ ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា
ដោយគំរាមថានឹងបង្ហោះរូបភាពអាសអាភាសដែលខ្លួនដេកជាមួយនាង កាលពីអំឡុងចុងឆ្នាំ២០២០ និង គំរាមសម្លាប់នារីរងគ្រោះ និង បានជេរប្រមាថប្រើពាក្យធ្ងន់ៗជាច្រើនទៀត ខណៈដែលនារីរងគ្រោះបានដើរលេងជាមួយបុរសម្នាក់ទៀតនៅភ្នំតាម៉ៅ ខេត្តតាកែវ ។
ប្រភពបន្តថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ ធ្លាប់ត្រូវបានជនសង្ស័យនាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជនសង្ស័យក៏បានរៀបចំបន្ទប់ឱ្យជនរងគ្រោះដេក រួចធ្វើធ្វើសកម្មភាពចាប់បង្ខំរួមភេទបានសម្រេច០១លើក និងលួចថតរូបភាពនៅពេលដេកជាមួយគ្នានោះតាមទូរស័ព្ទ ។នៅពេលនោះ ជនសង្ស័យក៏បានគំរាមជនរងគ្រោះថា បើហ៊ានប្តឹង
ឬទៅប្រាប់អ្នកដទៃ រូបគេនឹងបង្ហោះរូបភាពនេះចូលក្នុងហ្វេសប៊ុកឱ្យផ្អើលតែម្តង ។ ដោយបានរូបភាពនឹងដៃបែបនេះ ហើយជនសង្ស័យក៏បានតម្រូវឱ្យជនរងគ្រោះទិញម៉ូតូម៉ាក PGX ០១គ្រឿងតម្លៃ២៥០០ដុល្លារ ទៅឱ្យជនសង្ស័យ បើមិនធ្វើតាមទេ រូបគេនឹងយករូបភាពនេះទៅបង្ហោះ ។ ជនរងគ្រោះខ្លាចខ្មាស់គេ ក៏បានទិញម៉ូតូតាមការចង់បានរបស់ជនសង្ស័យ ដោយធ្វើការបង់រំលស់រយៈពេល០៣ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់មកនៅថ្ងៃខាងលើដោយការគំរាមកំហែង និងគាបសង្កត់ពីជនសង្ស័យខ្លាំងពេក ជនរងគ្រោះទ្រាំពុំបានក៏សម្រេចចិត្តប្តឹងរាយការណ៍ទៅសមត្ថកិច្ច ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើសារជេរប្រមាថ និង
គំរាមជនរងគ្រោះ ដោយវត្ថុតាងតាមរយៈសំឡេងផ្ញើសារនៅក្នុងទូរស័ព្ទមិនអាចប្រកែកបាន ។ បន្ទាប់មក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕