ញ៉ាក់សាច់!! សមត្ថកិច្ចឃាត់ខ្លួនសិស្សសាលា៤នាក់ ដែលដេញកាប់គ្នាទាំងថ្ងៃរត់ប្រសាច ផ្អើលអ្នកស្រុកនៅប៉ោយប៉ែត

0
538

ប៉ោយប៉ែត​ ៖​ យ៉ាងហោចណាស់​ ក៏មាន​សិស្សសាលា​ចំនួន​២​ក្រុម បាន​ដេញ​កាប់​គ្នា​ផ្អើល​អ្នកស្រុក ទាំង​ថ្ងៃ​ ក្រោយពេល​កើតហេតុ​ ប៉ូលិស​ បាន​លើកគ្នា​ទៅ​ឡោមព័ទ្ធ​ទីតាំង​កើតហេតុ ​ហើយ​ចាប់បាន​ជនបង្ក​ចំនួន៤​នាក់ ​និង​តាម​ចាប់ខ្លួន​ក្រុម​ផ្សេងទៀត​ដែល​បាន​រត់គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព។ ​ទោះជា​យ៉ាងណាក៏ដោយ ប៉ូលិស​បាន​អះអាងថា ​មុន​ និង​ក្រោយ​ គង់តែ​ជាប់អន្ទាក់​ដដែល​ទេ ព្រោះ​ក្រុម​នេះ​ពូកែ​ខ្លាំងណាស់​រឿង​ដេញ​កាប់​ចាក់​គ្នា ​មិន​ថា​យប់​ ឬ​ថ្ងៃ​ឡើយ​។​

ក្នុង​ករណី​បង្ក្រាប​ក្មេង​ទំនើង ​ដែល​ជា​សិស្សសាលា​ដេញ​កាប់​ចាក់​គ្នា​នោះ ​​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​៣០ ខែ​កក្កដា ​ឆ្នាំ​២០១៩ ​ ​​​នៅ​ចំណុច​ខាងជើង​ហាង​តា​ឡាក់​​​ស្ថិតនៅ​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ហេតុការណ៍​នេះ​ដែរ ​កើត​ឡើង ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​កំពុងតែ​នាំគ្នា​​​ប្រកប​មុខរបរ​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ស្រាប់តែ​គេ​ក្រឡេក​ឃើញ​មាន​ក្រុម​សិស្សសាលា​១៥​នាក់ ​​​ដេញ​កាប់​គ្នា​ប្រសាច​ពេញ​តាម​ដង​ផ្លូវ​​ ហើយ​ពួកគាត់​បាន​ទូរស័ព្ទ​ហៅ​ប្រជា​ការពារ​ភូមិ ​និង ​ប៉ូលិស​ មក​ធ្វើ​អន្តរាគមន៍​ចាប់​បាន​ភ្លាម​តែម្ដង​។​

​សូម​បញ្ជាក់ដែរថា មកដល់ពេលនេះ គេ​នៅតែ​បន្ត​ឃើញ​ក្រុម​ក្មេង​ទំនើង មិន​ថា​ជា​សិស្សសាលា​ ឬក៏​អ្វី​នោះទេ ពួកគេ​តែងតែ​ណាត់ជួប​គ្នា ​ហើយ​ដេញ​កាប់​គ្នា​បែប​អនាធិបតេយ្យ ​បង្ក​ការ​ភ្ញាក់ផ្អើល​អ្នក​ភូមិ​ជាប្រចាំ។ ​ទោះជា​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​បន្ត​ឃើញ​សមត្ថកិច្ច​របស់​យើង​បង្ក្រាប​បាន​ទាន់​ពេល​វេលា​ផងដែរ ហើយ​ក្រុម​ក្មេង​ទាំងនោះ ​ភាគច្រើន ​គឺ​មកពី​បណ្តា​ភូមិ​ផ្សេងៗ​ពីគ្នា និង​សាលា​ផ្សេងៗ​ពី​គ្នា បាន​ជួបជុំគ្នា​នៅ​កន្លែង​ស្ងាត់​ ​​រួច​ក៏​ដកហូត​ដាវ​ចេញ​ពី​​កែបម៉ូតូ ​រួច​ប្រយុទ្ធ​គ្នា​ដូច​ក្នុង​រឿង​ហុងកុង​អីចឹង បង្ក​ឲ្យ​មាន​អ្នកស្លាប់​ និង​របួស​ជា​បន្តបន្ទាប់​រួចមកហើយ​កន្លងទៅ​។​

​លោក​ធិ​ន​ ស៊ិន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា យើង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន៤​នាក់​នេះ ​ភាគច្រើន​ជា​សិស្សសាលា ហើយ​យើង​មើល​ក្នុង​ស្លាក​សម្គាល់​របស់​សាលា ​គឺ​គេ​រៀន​នៅ​សាលា​ពន្លក​ខ្មែរ​ ក្នុង​ក្រុង​ប៉ោយប៉ែត។ ​​ទោះជា​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​ឃាត់ខ្លួន​សួរនាំ​ថា​ តើ​អ្នកណា​ជា​ជន​បង្ក ហើយ​ដាវ​ដែល​ពួកគេ​បាន​យកមក​កាប់​គ្នា​នោះ ​តើ​បានមកពី​អ្នកណា ហើយ​យើង​ត្រូវតែ​យក​​ពួកគេ​៤​នាក់​នេះ​ទៅធ្វើ​តេស្ត​ទឹកនោម​ឲ្យ​បាន​ត្រឹមត្រូវ​ ក្រែងលោ​​​មាន​សារធាតុ​ញៀន ​ទើប​ពួកវា​ដើរ​បង្ក​បញ្ហា។ ​តែ​រាល់ថ្ងៃ​នៅក្នុង​ក្រុង​ប៉ោយប៉ែត បើសិនជា​យើង​រកឃើញថា​ ពួកគេ​មាន​សារជាតិ​គ្រឿងញៀន​ក្នុង​ខ្លួន​មែន យើង​នឹង​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់ ​​ បើសិនជា​យើង​រក​ពុំ​ឃើញ​មាន​សារជាតិ​មាននៅ​ក្នុង​ខ្លួន​ជនបង្ក​នោះ គឺ​យើង​ធ្វើការ​អប់រំ ​ហើយឲ្យ​ឪពុកម្ដាយ​មក​ធ្វើ​កិច្ច​សន្យាធានា​យក​ទៅផ្ទះ​វិញ​៕ប្រភព៖ Kampuchea Thmey Daily