ខេត្តកំពត ៖ ថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះសារដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកទេសចរទាំងឡាយ ដែលទៅលេងលើភ្នំបូកគោ កុំចោលសំរាមផ្តេសផ្តាស ប្រយ័ត្នត្រូវបណ្តាសាឱ្យជួបគ្រោះថ្នាក់។
ការក្រើនរំលឹកបែបនេះ ធ្វើឡើងបន្ទាប់ពីគេបានឃើញមានគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថា ជាសន្តិសុខនៅរមណីយដ្ឋានឋានសួគ៌បូកគោ ដោយធុញទ្រាន់នឹងអ្នកចោលសំរាមផ្តេសផ្តាស ក៏បានបង្ហោះសារដាក់បណ្តាសា (ដាក់ទំនាយ) ថា ជនណាបំផ្លាញបរិស្ថាន (ចោលសំរាមផ្តេសផ្តាស) ជននោះនឹងមានគ្រោះថ្នាក់ជាក់ជាមិនខាន ពេលដែលធ្វើដំណើរ ត្រឡប់ទៅវិញ។
លោកសុង វីរៈ ជាបុគ្គលិកសន្តិសុខនៅរមណីយដ្ឋានឋានសួគ៌បូកគោ បានបង្ហោះរូបភាពគំនរសំរាម ដែលប្រជាពលរដ្ឋ អ្នកទេសចរ ចោលរាយប៉ាយលើភ្នំបូកគោ ក្នុងគណនីបណ្តាញ សង្គមហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ជាមួយសំណេរថា “បងប្អូនបាននាំយកសំរាមធ្វើដំណើរមកកម្សាន្តលើភ្នំបូកគោ ជាមួយបងប្អូនយ៉ាងច្រើន ក្នុងថ្ងៃឆ្លងឆ្នាំ តែបងប្អូនមិនបានប្រមូលសំរាមយកទៅជាមួយបងប្អូនវិញទេ។ ជនណាស្រឡាញ់បរិស្ថាន ជន
នោះ នឹងមានសេចក្តីសុខសាន្តគ្រប់ការធ្វើដំណើរ ជនណាបំផ្លាញបរិស្ថាន ជននោះនឹងមានគ្រោះថ្នាក់ជាក់ជាមិនខាន ពេលដែលធ្វើដំណើរត្រឡប់ទៅវិញ”។ បន្ទាប់ពីមានការបង្ហោះនូវរូបភាពនិងខ្លឹមសារខាងលើ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ជាច្រើន ដោយមានការបញ្ចោញយោបល់តាមការយល់ឃើញរៀងៗខ្លួន ដោយមួយចំនួនថា នេះជាការដាស់តឿនក្រើនរំលឹកដល់មនុស្សមួយចំនួន ដែលមានទម្លាប់មិនល្អ ចោលសំរាម
ផ្តេសផ្តាស ឱ្យភ្ញាក់ខ្លួន ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជួយការពារបរិស្ថានយើង។ ប៉ុន្តែជាមួយគ្នានេះ មានមនុស្សមួយចំនួនយល់ថា គួរ ត្រឹមតែដាស់តឿនក្រើនរំលឹកទៅបានហើយ មិនគួរដល់ថ្នាក់ដាក់ទំនាយ ឬដាក់បណ្តាសាឱ្យគ្នាធ្វើដំណើរត្រឡប់ទៅវិញជួបគ្រោះថ្នាក់នោះទេ និងអ្នកខ្លះថា បើតាមធម៌ព្រះពុទ្ធ អ្នកចោលសំរាមនៅកន្លែងដែលគេខំសម្អាត គឺបាបហើយ ឱ្យគេទទួលតាមអំពើកម្មរបស់គេចុះ។ ទោះជាយ៉ាងណា បុរសជាសន្តិសុខ
ខាងលើ បានឆ្លើយតបថា ដោយសារគាត់ហត់នឿយពេក ព្រោះដើរប្រមូលសំរាមតាំងពីថ្ងៃឆ្លងឆ្នាំ រហូតដល់ពេលនេះមិនទាន់អស់ផង ហើយសំរាមហើរពេញដី ពេញវាល ក្នុងជ្រោះ ក្នុងស្មៅ តាមកន្លៀតថ្ម បង្កក្លិនស្អុយអាក្រក់ណាស់។ បញ្ហាសំរាមនេះ កន្លងមក គាត់ធ្លាប់បានបង្ហោះសារក្រើនរំលឹកជារឿយៗមកហើយថា សូមបងប្អូន ដែលមកកម្សាន្តលើភ្នំបូកគោ កុំយកអាហារមក ក៏ដូចជាយកសំរាមមកបោះចោលក្នុង បរិវេណនៃរមណីយដ្ឋាន។ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោកសុង វីរៈ បានបង្ហោះ
ក្នុងគណនីហ្វេសប៊ុក របស់លោក នូវរូបសំរាមជាច្រើនដែលអ្នកទៅលេងលើភ្នំបូកគោ បោះចោលនៅទីនោះ ជាមួយសំណេរអំពាវនាវថា “ចូរនាំគ្នាឱ្យតម្លៃបរិស្ថានយើងទាំងអស់គ្នា ដូចឱ្យតម្លៃខ្លួនយើង តើបងប្អូនពិតជាសប្បាយចិត្តមែនទេ ពេលដែលបងប្អូនមើលឃើញពួកខ្ញុំឈរនៅលើគំនរសំរាម ដើរប្រមូល
សំរាមដែលស្អុយរលួយជាច្រើនតោន ក្នុងមួយថ្ងៃៗ តាមដងផ្លូវលើភ្នំបូកគោ ហាលភ្លៀង ហាលថ្ងៃ? ពួកយើងខ្ញុំពិតជាមានផលលំបាកខ្លាំងណាស់ក្នុងការគ្រប់គ្រងសំរាមទាំងអស់នេះ ហេតុដូចនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាអធ្យាស្រ័យផងចុះ ក្នុងការមិនអនុញ្ញាតឱ្យបងប្អូនយកអាហារឡើងមកលើភ្នំ។ សូមអរគុណ!”។