ផ្ទុះការរិះគន់ បាញ់យ៉ាងព្រោងព្រាត ក្រោយពេល មហាជនបាន ទស្សនាកម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia សំណួរសួរថា ផ្លូវគោកនៅកម្ពុជា ចែកចេញជាប៉ុន្មានប្រភេទ ….

0
456

ភ្នំពេញ ៖ កំពុង​មាន​ការ​ចែករំលែក ​និង​ផ្ទុះ​ការរិះគន់​បាញ់​ចាក់​ស្រោច​យ៉ាង​ព្រោងព្រាត​ ក្រោយពេល​មហាជន​បាន​ទស្សនា​កម្មវិធី​ល្បងប្រាជ្ញា​Heaven or Hell Cambodia​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ខណៈដែល​ពិធី​ការិនី​ស្រី​ស្រស់ស្អាត​ បាន​ចោទសួរ​ទៅកាន់​បេក្ខជន​ លោក ​កៅ សីហា ដល់​ត្រង់​ចំណុច​សំណួរ​ទី​៥ ​ជា​សំណួរ​ឈ្នះ​រង្វាន់​ទឹកប្រាក់​១០០០​ដុល្លារ​។ ​ប៉ុន្តែ​ជា​ចម្លើយ​ បែរជា​ផ្ទុយ​នឹង​ការ​ពិត​ដែល​លោក កៅ សីហា បាន​ឆ្លើយ​ត្រឹមត្រូវ​ទៅវិញ​។​

​បើ​ផ្អែក​តាម​សំនួរ​ដែល​ត្រូវបាន​កម្មវិធី​ដាក់​ឲ្យ​ពិធី​ការិនី​សួរ​ទៅកាន់ ​លោក កៅ សីហា នោះបាន​សួរ​ដូច្នេះ​ថា​ យោងតាម​សៀវភៅ​វិញ្ញាសា​ជ្រើសរើស​សម្រាប់​ថ្នាក់​ទី​៩ តើ​នៅ​ប្រទេស​កម្ពុជា គេ​ចែក​ផ្លូវ​គោក​ជា​ប៉ុន្មាន​ប្រភេទ​?​។​ ហើយ​ជា​ជម្រើស​មានដូចជា​ ៖ ២​ប្រភេទ , ៣​ប្រភេទ​, ៤​ប្រភេទ ភ្លាមៗ​នោះ​បេក្ខជន កៅ សីហា​បាន​ឆ្លើយថា​ ជ្រើស​រើសយក​ចម្លើយ​មាន​២​ប្រភេទ ​គឺ​ផ្លូវថ្នល់​និង​ផ្លូវ​ដែក ប៉ុន្តែ​ជា​ចម្លើយ​របស់​កម្មវិធី​បានផ្តល់​មក​ថា​មាន​៣​ប្រភេទ​គឺ ផ្លូវជាតិ , ផ្លូវ​ខេត្ត និង រុក្ខបាល។ ​ បន្ទាប់ពី​មានការ​ប្រកាស​ចម្លើយ​ពី​សំណាក់​ពិធី​ការិនី​ដែល​តម្រូវ​មក​តាម​កម្មវិធី​ផ្តល់​ឲ្យ​ថា​ចម្លើយ​របស់ លោក កៅ សីហា គឺជា​ការឆ្លើយ​ខុស ហើយ​ចម្លើយ​ដែល​ត្រឹម​ត្រូវមាន​៣​ប្រភេទ​គឺ ផ្លូវជាតិ , ផ្លូវ​ខេត្ត និង ផ្លូវ​រុក្ខ​បាល នោះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ការ​ហួសចិត្ត ​រហូត​ផ្ទុះ​ការរិះគន់​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ទាមទារ​ឲ្យ​មានការ​ចេញមុខ​បកស្រាយ​ឡើងវិញ។

​ជាក់ស្តែង​តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​ប្រតិកម្ម​រិះគន់​យ៉ាង​ចាស់ដៃ​ថា​ តាំងពី​កើត​ពី​ពោះ​ម៉ែ​ខ្ញុំ​មក មិនដែល​ឮ​ទេ ផ្លូវគោក​មាន​៣​ប្រភេទ រៀន​ថ្នាក់​ទី​៩​ដល់ទី​១២​សៀវភៅ​ភូមិវិទ្យា បោក​អ្នករៀន​មែន​ថា​មាន​២​ប្រភេទ​អញ្ចឹង​មានតែ​ដុត​សៀវភៅ​នឹង​ចោល​ឲ្យ​អស់​ទៅ។ ​ចំណែកឯ​ខ្លះទៀត ​បាន​រិះគន់​ដោយ​លើកឡើងថា​ ខ្ញុំ​សូម​ស្នើ​ទៅដល់​ខាង​ទូរទស្សន៍​ហង្ស​មាស​ ជាពិសេស​កម្មវិធី​លុយ​១០០០​ដុល្លារ ​នឹង​តែម្ដង​។​

​ជួយ​បកស្រាយ​អោយ​ច្បាស់លាស់​បំផុត​ទាក់ទង​ទៅនឹង​សំណួរ​ចោទសួរ​ទៅ​បេក្ខជន​ថា​តើ​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​យើង​នឹង​មាន​ប៉ុន្មាន​ប្រភេទ ? ចម្លើយ​ដែល​បេក្ខជន​ឆ្លើយថា​២​ប្រភេទ ​គឺ​ផ្លូវថ្នល់​និង​ផ្លូវដែក​តែ​បែរជា​ពិធី​ការិនី​ឆ្លើយថា​ មិន​ត្រឹមត្រូវ​ទេ ​គឺមាន​៣​ប្រភេទ​ទៅវិញ ​ដោយ​៣​ប្រភេទ​នឹង​មាន ​៖ ផ្លូវជាតិ​(​ផ្លូវ​មេ​) ផ្លូវ​ក្នុង​ខេត្ត និង​ផ្លូវ​រុក្ខ​បាល​។​សរុបសេចក្ដី​មក​តាម​សៀវភៅ​ភូមិវិទ្យា​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​ដែល​បាន​ចងក្រង​ជា​មេរៀន​ថា​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​យើង​ចែកជា​២(​ផ្លូវថ្នល់​និង​ផ្លូវដែក​)​នឹងមិន​ត្រឹមត្រូវ​ឬក៏​យ៉ាង​ម៉េច​?​ខ្ញុំ​ឆ្ងល់ តែ​បងប្អូន​មហាជន​ទាំងមូល​ក៏​ឆ្ងល់​ដូច​ខ្ញុំ​ដែរ​។​ ប្រភព​បាន​បន្ត​។​

​ទាក់ទង​នឹង​ការរិះគន់​ខាងលើនេះ​ គេ​នៅ​មិនទាន់​ឃើញ​មានការ​ចេញមុខ​បកស្រាយ​នៅឡើយ​ទេពី​សំណាក់​ខាង​ទូរទស្សន៍​ហង្ស​មាស ​និង កម្មវិធី​ទាំងមូល​ថា ​តើ​នេះ​ជា​កំហុស​កើត​ចេញ​ដោយ​អចេតនា​ឬមួយ​យ៉ាងណា​នោះ​ទេ​។ ​ខណៈ​ពិធី​ការិនី​ស្រី​នៅ​ក្នុង​កម្មវិធី​នេះ ​ក៏​មិន​អាច​ស្វែងរក​ការ​បក​ស្រាយ​បាន​នៅឡើយ​ដែរ​៕ប្រភព៖ Kampuchea Thmey Daily