ជួយស៊ែរផងអោយដឹងដល់កសិករខ្មែរយើងផង ! ចេកអំបូងលឿងដែលនាំចេញពីកម្ពុជាទៅចិន កំពុងមានការគាំទ្រយ៉ាងពេញទំហឹង

0
389

ភ្នំពេញ ​៖​ លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៤​កក្កដា បាន​ថ្លែងថា ចេកអំបូង​លឿង ដែល​កម្ពុជា​នាំទៅ​កាន់​ទីផ្សារ​ចិន បាន កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ចិន។​

លោក លី អាន​ ថ្លែង​បែបនេះ​ធ្វើឡើង ក្នុងជំនួប​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៤​កក្កដា នៅ​ទីស្ដីការ​ក្រសួង​មុន ពេល​លោក​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​។ នា​ឱកាស​នោះ លោក លី អាន សាទរ​ចំពោះ​ការនាំចេញ​ចេកអំបូង​លឿង​ទៅកាន់​ទីផ្សារ​ចិន ដែល​ត្រូវបាន​អនុញ្ញាត​កាលពីពេល​ថ្មីៗ​នេះ ហើយ​លោក​បាន​បញ្ជាក់​ថា កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​ចិន​។​

លោក​បន្តថា ក្រៅពីនេះ ការសិក្សា​អំពី​នីតិវិធី​ច្បាប់ និង​បច្ចេកទេស​ដើម្បី​ធ្វើការ​នាំចេញ​ផ្លែ​ស្វាយ និង​មៀន​ទៅកាន់​ទីផ្សារ​ចិន គឺ​ភាគី​ទាំងពីរ​បាននិងកំពុង​ចរចា​យ៉ាងសកម្ម ហើយ​សង្ឃឹមថា នឹង​អាច​ចាប់​ផ្តើម​ធ្វើការ​នាំចេញ​កសិផល​ទាំងនោះ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ចំពោះ​ផ្លែ​ស្រកានាគ ម្រេច និង​ទឹកមាត់​ត្រចៀកកាំ គឺ​កំពុង​រៀបចំ​ឯកសារ​បច្ចេកទេស និង​ត្រៀម​ធ្វើការ​ចរចា​។​

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ថ្លែងអំណរគុណ​រដ្ឋាភិបាល​ចិន​ចំពោះ​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន និង​ជាពិសេស​តាមរយៈ​គោលនយោបាយ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ​របស់​រដ្ឋាភិបាល​ចិន​ បាន​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​សំខាន់ៗ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុង​នោះ​ចំពោះ​វិស័យ​កសិកម្ម រដ្ឋាភិបាល​ចិន​បានសម្រេច​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ដល់​ទៅ​៤០​ម៉ឺន​តោន ហើយ​ថ្មីៗ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ឆ្ពោះ​ដោយ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន​ផង​ដែរ។

បន្ថែម​ពី​នេះ លោក ក៏បាន​ស្នើ​ឲ្យ​ភាគី​ចិន សហការ​ជាមួយ​ក្រសួង និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ពិនិត្យ និង​ជំរុញ​ចំពោះ​ការនាំចេញ​ផលិតផល​ពោត​ពី​កម្ពុជា​ផងដែរ​៕ប្រភព៖ Kampuchea Thmey Daily