ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើលេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរស័ព្ទបន្ថែម ដែលមិនត្រូវការប្រើគ្រប់ប្រព័ន្ធទាំងអស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ ។ ការចេញសេចក្តីជូនដំណឹង បន្ទាប់ពីនាពេលកន្លងមក មានការត្អូញត្អែរពី
អ្នកប្រើប្រាស់ អំពីបញ្ហាកាត់ទឹកប្រាក់ទូរស័ព្ទ ពីប្រតិបត្តិករ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗ ដោយមិនបានដឹង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដោយមានការត្អូញត្អែរ ពីអ្នកប្រើប្រាស់អំពីបញ្ហាកាត់ទឹកប្រាក់ទូរស័ព្ទ
ពីប្រតិបត្តិករ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់ សេវាកម្មផ្សេងៗដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករ ទូរស័ព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្តាច់រាល់សេវាបន្ថែម
ដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ ។ ក្រសួងសូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរស័ព្ទបានបែងចែកសេវាកម្មទូរស័ព្ទជាពីរប្រភេទ គឺ៖ – សេវាទូរស័ព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរស័ព្ទ និងការប្រើ
អ៊ីនធឺណិត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។ – សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកម្សាន្ត មាន ជាអាទិ៍ សេវាហោរាសាស្ត្រ សេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call
Alert នឹង សេវា CallTune ជាដើម។ អ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើន អាចមានជួបប្រទះបញ្ហាកាត់ទឹកប្រាក់ដោយសារ “សេវាឌីជីថល” ។ ដើម្បី ផ្តាច់ចេញនូវសេវាទាំងនេះ សូមទស្សនាវីដេអូណែនាំ និងខិត្តប័ណ្ណផ្សព្វផ្សាយពន្យល់បន្ថែមតាមគេហទំព័រ និងទំព័រ បណ្តាញសង្គមផ្លូវការរបស់ក្រសួង
ប្រៃសណីយ៍ និងទូរគមនាគមន៍។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់គួរយល់ដឹងអំពីទំហំ កញ្ចប់សេវាកម្មដែលខ្លួនកំពុងប្រើ សុពលភាព និងសេវាបន្ថែមរបស់ក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់នៅពេល មានការភ្ជាប់គម្រោងទាំងនោះ។ សូមបញ្ជាក់ផងដែរថា មុនពេលបញ្ចូលទឹកប្រាក់ ដើម្បីភ្ជាប់គម្រោង ឬ
សេវាកម្មណាមួយ អ្នកប្រើប្រាស់គួរបិទអ៊ីនធឺណិតជាមុន ដើម្បីជៀសវាងការកាត់ទឹកប្រាក់ ដោយសារការប្រើសេវាអ៊ីនធឺណិតជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ផ្នែកសេវាអតិថិជន របស់ក្រុមហ៊ុនទូរស័ព្ទ ដែលលោកអ្នកកំពុងប្រើប្រាស់ដូចជា ក្រុមហ៊ុនស្មាតតាមលេខ ៨៨៨ ក្រុមហ៊ុនមិត្តហ្វូនតាមលេខ ១៧៧៧ និងក្រុមហ៊ុនសែលកាតតាមលេខ ៨១២៕