ក្រោយពេលស្រលាញ់គ្នាបាន៥ខែ ហើយបានជូនកាដូរដល់មិត្តស្រីរួចហើយ តែដោយសារនាងមិនព្រមចូលផ្ទះសំណាក់ជាមួយខ្លួន បុរសមកពីវៀតណាមម្នាក់បានទារកាដូរនាងវិញនៅលើផ្លូវតែម្ដង។
សម្រាប់មនុស្សស្រីស្ទើរតែគ្រប់រូបទៅហើយ ត្រូវបានមិត្តប្រុសជូនកាដូរ គឺមានអារម្មណ៍ថាពិតជាពិសេសមិនថាកាដូរនោះតូច ឬធំ មានតម្លៃតិច ឬច្រើនក៏ដោយ។ អាស្រ័យហេតុនេះហើយ ដើម្បីឲ្យសង្សារឆាប់បាក់ចិត្តស្រលាញ់ខ្លួន មនុស្សប្រុសមិនតិចឡើយ ក្រោយពេលស្រលាញ់គ្នាបានមួយរយៈនឹងឧស្សាហ៍ជូនកាដូរដល់មិត្តស្រី ដើម្បីយកចិត្តនាងឲ្យបានលឿន។
យ៉ាងណាក្ដី នៅពេលជូនកាដូរគឺមានក្ដីសុខ តែពេលបែកគ្នាមិនប្រាកដថា នឹងមានអារម្មណ៍ដូចគ្នាឡើយ។ ដោយខណៈមនុស្សប្រុសខ្លះ ពេលបែកគ្នានៅតែរក្សាតម្លៃរបស់ខ្លួនឯង ដោយមិនទារកាដូរវិញនោះ ក៏មានមួយចំនួនខ្លះ ដែលទោះបីជាជូនគេហើយ តែពេលបែកគ្នា បែរជាទារកាដូរមកវិញ។
ជាក់ស្ដែង មុននេះបន្តិច បណ្ដាញសង្គមនៅប្រទេសវៀតណាម នៅទីក្រុងហូជីមិញ បាននាំគ្នាចែករំលែកវីដេអូឃ្លីបមួយ ដែលគូស្នេហ៍មួយគូ កំពុងឈ្លោះគ្នានៅកណ្ដាលផ្លូវ ហើយខាងប្រុសក៏ទារកាដូរដែលបានជូនសង្សារមកវិញ។ អ្នកថតវីដេអូមួយនេះ បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ មិនដឹងថាឈ្លោះគ្នាមកពីណា ប៉ុន្តែមកដល់ចំណុចខាងលើ ក៏ឈប់ម៉ូតូដើម្បីនិយាយគ្នាឲ្យដាច់ស្រេច។
តាមអ្វីដែលលោកស្ដាប់បាននោះគឺ ពួកគេបានស្រលាញ់គ្នា ៥ខែមកហើយ តែនៅពេលខាងប្រុសទារខាងស្រីចូលផ្ទះសំណាក់ ខាងស្រីមិនព្រមក៏កើតជាជម្លោះ បណ្ដាលឲ្យឈ្លោះប្រកែកគ្នា។ ទ្រាំមិនបាន ខាងស្រីក៏និយាយថាបែកគ្នា ឯខាងប្រុសក៏មិនណយដែរ ដោយព្រមបែកភ្លាមៗតែម្ដង។
តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ខាងប្រុសបានទាររ៉ូបដែលខាងស្រីកំពុងពាក់វិញ ព្រោះជាកាដូរដែលខ្លួនបានជូននាង។ ដោយចិត្តក្ដៅខ្លាំងពេក ខាងស្រីក៏ដោះរ៉ូបនេះភ្លាមៗ ទោះបីជាកំពុងស្ថិតនៅលើផ្លូវក៏ដោយ។
ក្រោយពេលវីដេអូនេះ ត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គម មិត្តប្រុសត្រូវគេរិះគន់យ៉ាងចាស់ដៃ ដោយសារមិនចេះរក្សាតម្លៃឲ្យស្ត្រី ដោយនាងដោះរ៉ូបនៅខាងក្រៅ មិនហាមឃាត់នាងទៀត ព្រោះតែចិត្តចង់ឈ្នះរបស់ខ្លួន៕