ខេត្តស្វាយរៀង មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ៧០នាក់

0
1062
{"uid":"694A4A2D-BD3C-4BD3-AFCD-28A26836ACD4_1607234482947","source":"other","origin":"unknown"}

(ស្វាយរៀង)៖ រយៈពេល៦ថ្ងៃមកនេះ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តស្វាយរៀង បានរកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន ៧០នាក់ ហើយត្រូវបានយកទៅដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែង។

លោកអភិបាលរងខេត្ត បានឱ្យដឹងទៀតថា មកដល់ពេលនេះអាជ្ញាធរ បានរកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍នេះ ចំនួន ៧០នាក់ មានស្ត្រី ៣០នាក់។ អ្នកពាក់ព័ន្ធទាំង៧០នាក់នេះ ត្រូវបានរៀបចំដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។

អ្នកពាក់ព័ន្ធនេះរួមមាន៖ ទី១៖ អ្នកពាក់ព័ន្ធមន្ត្រីពន្ធនាគារ ២នាក់មកលេងនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ សរុប១៣នាក់ (ស្រី០៥នាក់), ទី២៖ មន្ត្រីរាជការមកពីប្រជុំនៅខេត្តសៀមរាប ថ្ងៃទី២៧ ខែវិច្ឆកា សរុប២៥ នាក់ (ស្រី០៧នាក់), ទី៣៖ ប្រជាពលរដ្ឋបានទៅលេងផ្សារអ៉ីអន១ សរុប ០៥នាក់ (ស្រី០២នាក់) និងទី៤៖ បុគ្គលិកធនាគារកាថេសាខាក្រុងបាវិត និងក្រុមគ្រួសារសរុប ២៧នាក់ (ស្រី១៦នាក់)។

បើតាមលោក តូច ប៉ូលីវ៉ា អ្នកពាក់ព័ន្ធទាំង ៧០នាក់នេះ ត្រូវបានយកសំណាកធ្វើតេស្តរកមេរោគផងដែរ។ លទ្ធផលបង្ហាញថា មិនមានអ្នកវិជ្ជមានជំងឺកូវីដ១៩នោះទេ។ តែទោះជាយ៉ាងណា ពួកគេនៅតែដាក់ឱ្យធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបា។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានមនុស្សជាង ១ម៉ឺននាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩។ ក្នុងនោះមនុស្ស ៣០នាក់ហើយ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩៕