ប្រសើណាស់ !! ផ្លូវលំមួយខ្សែ នៅសង្កាត់កំបូលដែលមានការខូចខាត ពិបាកក្នុងការធ្វើដំណើរ អាជ្ញាធរ ខណ្ឌកំបូល កំពុងជួសជុលកែលំអ….

0
356

ភ្នំពេញ ៖ បន្ទាប់​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​កំបូល​ដោយសារ​ស្ថានភាព​ផ្លូវលំ​មួយ​ខ្សែ​នេះ​មានការ​ខូចខាត​ច្រើន​ពិបាក​ក្នុងការ​ធ្វើដំណើរ ទើប​អាជ្ញាធរ​ខណ្ឌ​កំបូល​សម្រេច​ដាក់​គ្រឿងចក្រ​ឈូសឆាយ​កែលំអ​ឡើងវិញ​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ធ្វើដំណើរ​ទៅមក។

លោក សេង គន្ធ​ អភិបាលរងខណ្ឌ​កំបូល ​ដែល​បាន​ចុះទៅ​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា ផ្លូវ​១​ខ្សែ​នេះ​មាន​ប្រវែង ៥០៣ ម៉ែត្រ ខាង​ត្បូង​វត្ត​តា​ភេ​ន ភូមិ​តា​ភេ​ន​ សង្កាត់​កំបូល ត្រូវ​បាន​លោក​អភិបាលខណ្ឌ​កំបូល ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​វិញ​ តប​តាម​ការ​សំណូមពរ ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៦ ​ខែកក្កដា ​ឆ្នាំ​២០១៩ ដែល​ពួកគាត់​បាន​លើក​ឡើង​ពី​លំបាក​ក្នុង​ពេល​ធ្វើ​ដំណើរ ពេលនេះ​បានល្អ​ប្រសើរ​ឡើងវិញ​ហើយ បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​ត្រេកអរ​ចំពោះ​អាជ្ញាធរ​ខណ្ឌ​កំបូល​ដែល​ទើប​បង្កើត​ថ្មី​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​បាន​ល្អ​ប្រសើរ ​ទោះជា​ថ្ងៃ​ចុង​សប្ដាហ៍​ត្រូវ​ឈ​បើ​សម្រាក​ក្ដី​ក៏​លោក​បាន​បញ្ជា​ដឹកនាំ​ឈូស​ឆាយ​ផ្លូវ​មួយ​ខ្សែ​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី១៣​ ខែកក្កដា ​ឆ្នាំ​២០១៩ ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​សង្កាត់​ផងដែរ។

លោក​សេង គន្ធ បាន​ឲ្យ​ដឹង​ថា ​ទោះបី​ថា​ រដ្ឋបាល​សាលាខណ្ឌ​កំបូល​ទើប​ករ​វែក​ក​ឆ្នាំង​ក៏ដោយ​តែ​ចំពោះ​ការងារ​ចំពោះ​មុខ ​គឺ​យើង​ត្រូវតែ​បំពេញ​តួនាទី​ក្នុងនាម​យើង​ជា​អាជ្ញាធរ​ខណ្ឌ ព្រោះ​ប្រជាពលរដ្ឋ​គាត់​កំពុង​ត្រូវការ​យើង​ឲ្យ​ជួយ​ពួកគាត់​ហេតុនេះ​យើង​ត្រូវតែ​ដោះស្រាយ​ជូន​ពួកគាត់​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ មានន័យថា​យើង​ធ្វើ​បាន​តិចតួច​ប្រសើរ​ជាង​យើង​អត់​ធ្វើ ម្យ៉ាងវិញទៀត​រាល់​កិច្ចការ​អ្វី​ក៏ដោយ​យើង​តែង​ចាប់ផ្ដើម​ធ្វើ​ពី​តិច​ទៅ​មុន​ទើប​យើង​ឈាន​ទៅ​ធ្វើ​កិច្ចការ​ធំដុំ​បាន។

ជា​មួយ​គ្នា​នេះ ​លោក​ក៏បាន​សំណូមពរ​ផង​ដែរ ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​ចេះ​មើល​ថែរក្សា​ផ្លូវ​ទាំងអស់​គ្នា​ ទោះជា​ផ្លូវលំ​ ឬ​ ផ្លូវ​បេតុង​ក្ដី រាល់​ផ្លូវ​ទាំងអស់​ធ្វើឡើង​សុទ្ធ​តែ​មាន​បដិភាគ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​បងប្អូន​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដោយ​ការពារ​កុំ​រថយន្ដ​ធុន​ធំ​ដឹក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​បណ្ដាល​ឲ្យ​ខូចខាត​ជាដើម៕ប្រភព៖ Kampuchea Thmey Daily