នៅពេលដែលមករដូវ ស្រីគួរញ៉ាំអាហារល្អដល់សុខភាព មិនគួរញ៉ាំរបស់ផ្តេសផ្តាសទេ ទោះវាជាបញ្ហាសុខភាពពីធម្មជាតិក៏ដោយ។ មាននារីៗមួយចំនូនលើកឡើងថា ពេលមករដូវញ៉ាំភេសជ្ជៈមានជាតិហ្គាសដូចជា ទឹកក្រូចកំប៉ុង និងភេសជ្ជៈផ្សេងៗអាចធ្វើឲ្យបាត់ការឈឺចាប់ពេលមករដូវ ហើយក៏អាចធ្វើឲ្យអារម្មណ៍បានធូរស្រាល។
ឆ្លើយនឹងការលើកឡើងមួយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យមិត្តិភាពកម្ពុជា-ចិនសែនសុខ បានបកស្រាយឲ្យដឹងថា ជាធម្មតា ការញ៉ាំភេសជ្ជៈមានជាតិហ្គាសអាចញ៉ាំបានក្នុងពេលមករដូវ ក៏ប៉ុន្តែវាអាចផ្តល់ផលពិបាកដល់សុខភាពដែរ ដូចជា មានការឈឺចាប់កាន់តែខ្លាំងអំឡុងពេលមករដូវ។
បើធ្ងន់ធ្ងរនោះ វាអាចបណ្តាលឲ្យក្រហាយ និងរលាកក្រពះយើងបាន ដោយសារតែភេសជ្ជៈអស់នោះ មានជាតិអាស៊ីដ។
យកល្អ នៅពេលមករដូវ ស្រីៗគ្នាយើងគួរញ៉ាំអាហារដែលល្អចំពោះសុខភាពវិញមាន៖
– សាច់ត្រី មាន់
– បន្លែបៃតង ផ្លែឈើ
– ខ្ញី
– យាអ៊ួរ
-សូកូឡាខ្មៅ និងអាហារល្អៗដទៃទៀតដែលជួយផ្តល់កម្លាំងដល់យើង។
ស្របគ្នានេះដែរ ដើម្បីមិនឲ្យប៉ះពាល់ដល់សុខភាពពេលមករដូវ ស្រីៗដាច់ខាតមិនត្រូវបង្អត់អាហារ ឬញ៉ាំអាហារមិនគ្រន់គ្រាន់អំឡុងពេលដែលរាងកាយកំពុងបាត់បង់ឈាមដែលធ្វើឲ្យកម្លាំងខ្សោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ ប្រភព៖ Khmerload