ជំនឿ៖ ក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញថា ដំណើរកម្សាន្ត តាមបែបផ្សងព្រេង ឬបោះតង់ នៅតាមតំបន់ព្រៃភ្នំ ហាក់កំពុងតែទទួលបាន នូវប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ ដែលចង់លំហែអារម្មណ៍ ជាមួយនឹងទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់សម្រស់ធម្មជាតិ រំសាយទុក្ខកង្វល់ជាមួយ មិត្តភក្តិជិតស្និទ្ធជាដើម។
តែជាការពិត អ្នកដែលនិយមចូលចិត្ត ធ្វើដំណើរកម្សាន្តបែបនេះ ក៏គួរតែដឹងផងដែរថា នៅតាមតំបន់ព្រៃភ្នំជ្រៅៗ បើតាមជំនឿរបស់ចាស់ៗ តែងតែហាមប្រាណ ក៏ដូចជាមានតំណមមួយចំនួន ព្រោះនៅកន្លែងទាំងនោះ គឺសុទ្ធសឹងតែជាកន្លែង ដែលមានម្ចាស់ទឹកម្ចាស់ដី នៅចាំថែរក្សាដូចជាអារុក្ខ អារក្ស អ្នកតា ព្រលឹង ព្រាយបិសាចជាដើម។ ដូច្នេះហើយទើបបានជា ចាស់ៗនៅពេលដែលដឹងថា មានកូនចៅត្រូវធ្វើដំណើរ ទៅក្នុងព្រៃជ្រៅៗ តែងតែផ្តាំផ្ញើថា ត្រូវចេះប្រយ័ត្នមាត់ក ព្រោះការដែលភ្លេចខ្លួន លេងសើចមិនគោរព មាត់កមិនគិត មិនជឿបែរជាប្រមាថ ផ្សេងៗនោះ នឹងអាចបង្កទៅជាគ្រោះថ្នាក់ មកដល់ខ្លួនឯងនិង អ្នកធ្វើដំណើរជាមួយគ្នាបាន។
លោក វង្ស មុនីរយដាវ សាវឌី
ជាមួយគ្នានេះ បើតាមសម្តីលោក វង្ស មុនីរយដាវ សាវឌី ដែលជាគ្រូមន្តអាគមមួយរូប បានលើកឡើងពាក់ព័ន្ធ នឹងជំនឿនេះផងដែរថា សម្រាប់អ្នកដែលចូលចិត្ត ទៅកម្សាន្តឬ ចូលទៅបោះតង់ ក្នុងតំបន់ព្រៃភ្នំ គួរតែមាននៅការប្រុងប្រយ័ត្នខ្ពស់ និងគួរតែដឹងនៅតំណមខ្លះៗជាមុនសិន មុនពេលចូលទៅក្នុងព្រៃភ្នំ។ ហើយតំណមទាំងនេះ មានដូចជា៖តំណមទី១៖ ទោះបីជាឃើញអ្វី ក៏ដោយក៏កុំចង់ដឹង ចង់លឺ ឬទៅប៉ះពាល់របស់គេឲ្យសោះ។ ឧទាហរណ៍៖ ដូចជាស្មៅគួច ដែលគេចង់ដើមឈើ ឬរបស់ដែលគេសែនព្រេន ដាក់ចោលនៅក្នុងព្រៃ ព្រោះរបស់អស់ទាំងនោះ ពេលខ្លះវាជាសំណែន ដែលគេសែន ទៅឲ្យអ្វីមួយក៏ថាបាន។
តំណមទី២៖ ហាមដាច់ខាត ឃើញអ្វីក៏ដោយ សត្វអ្វីក៏ដោយ ត្រូវធ្វើចិត្តឲ្យរឹងមាំ កុំស្រែកឆោឡោ កុំស្រែកជេរកុំប្រទិច ព្រោះអ្វីដែលយើងបានឃើញនោះ អាចជាព្រលឹងខ្មោច ឬអ្នកតា ដែលពេលខ្លះ គេលលេងនឹងយើង។
តំណមទី៣៖ ហាមដាច់ខាត និយាយលេងជាមួយមិត្តភក្តិ ដោយសម្តីអសុរោះ ជេរគ្នា មិនសមរម្យ (ឧទាហណ៍៖ អាស្លាប់ ឬអាងាប់) ជាដើម។ ព្រោះរឿងហេតុអាចកើតឡើង ដូចទៅតាមនឹងពាក្យដែលយើង បានជេរនោះពិតប្រាកដមែន។
តំណមទី៤៖ ហាមនិយាយថា កន្លែងនេះស្អាតណាស់ ចង់រស់នៅទីនេះ។ ព្រោះបើនិយាយបែបនេះ គេអាចនឹងយកយើង ទុកនៅកន្លែងនោះ ពិតប្រាកដមែន។
តំណមទី៥៖ ហាមលេងល្បែង ដូចជាល្បែងខ្មោចកំប៉ុង ល្បែងលេងសួរខ្មោច ព្រោះខ្លាចមានម្ចាស់ថែរក្សា នៅទីនោះប្រកាន់ ធ្វើឲ្យយើងវង្វេងផ្លូវ ឬអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ណាមួយ។
តំណមទី៦៖ ហាមចង់បាន របស់ដែលនៅកន្លែងនោះ។ ពេលខ្លះអ្នកថែរក្សា នៅកន្លែងនោះ គេលលេងជាមួយយើង បង្ហាញរបស់នេះ របស់នោះ ធ្វើឲ្យយើងចង់បាន តែអ្នកដែលចង់បានរបស់គេ ភាគច្រើនតែងមិនដែល បានសុខនោះទេ។ចុះសម្រាប់ អ្នកដែលកំពុងតែធ្វើដំណើរនៅក្នុងព្រៃ ហើយជួបនៅហេតុការណ៍ទាំងអស់នោះ តើពួកគេគួរតែធ្វើបែបណាទៅ?
ដូច្នេះសម្រាប់អ្នកដែលបាន ជួបហេតុការណ៍ និយាយខុសមាត់ខុសក បានឃើញអ្វីផ្តេសផ្តាស ក្នុងពេលនោះ មានវិធីសាស្ត្រមួយ គឺកុំផ្តល់ ឥទ្ធិលពលទៅលើ វិញ្ញាណម្ចាស់ព្រៃខ្លាំងពេក។ ហើយចាប់ផ្តើមរំលឹកដល់ គុណមាតាបិតាមុនគេបង្អស់ ព្រោះគ្មានអ្វីដែលល្អ និងស័ក្កិសិទ្ធិ ជាងបាលីគុណមាតាបិតា ទៀតនោះទេ។ ឬម្យ៉ាងទៀតអាចលុតជង្គង់សំពះ ម្ចាស់ទឹកម្ចាស់ដី សុំខមាទោស នៅអ្វីដែលបានធ្វើខុស។ ក៏ប៉ុន្តែ ក្នុងពេលសុំខមាទោសនោះ ហាមដាច់ខាត គឺការសន្យាធ្វើឲ្យជាប់មាត់ ជាប់.ក។
ឧទាហរណ៍៖ ដូចជាសន្យាថា សុំឲ្យកូនចៅសុខសប្បាយ ហើយចាំកូនចៅត្រឡប់មក សែនព្រេនឲ្យវិញជាដើម។ ព្រោះអាចនឹងធ្វើឲ្យយើង មានគ្រោះថ្នាក់ដោយសារតែ ការសន្យានោះបាន ប្រសិនបើយើងមិនអាចធ្វើបានឲ្យគេ។
យ៉ាងណាមិញ ទាំងនេះគ្រាន់តែជា ការចូលរួមចែករំលែក នៅជំនឿ និងតំណមខ្លះៗ ដែលចាស់ៗបុរាណខ្មែរយើង ដែលពួកគាត់ធ្លាប់បាន ជួបប្រទះតែប៉ុណ្ណោះ។ ជារួមសម្រាប់ ការជឿឬមិនជឿ គឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ ក៏ប៉ុន្តែបើមិនជឿ ក៏សូមកុំប្រមាថដូចគ្នាដែរ៕ប្រភព៖ khmerload