មានបងប្អូនជាច្រើនបានយល់ច្រឡំ ហើយក៏ឃើញមានការផ្សព្វផ្សាយដោយខុសឆ្គងលើការធ្វើសៀវភៅគ្រួសារ និងស្នាក់នៅ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់យ៉ាងច្បាស់ថា (ក្នុងប្រការ២) បានសម្រេចផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។
ចំណែក (ក្នុងប្រការ៣) ក្រសួងក៏បានផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែតម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។
ដូច្នេះតាមខ្លឹមសារខាងលើបានន័យថា បើពលរដ្ឋចង់ធ្វើសៀវភៅស្នាក់នៅឬចង់កែសម្រួលអី ត្រូវទៅធ្វើនៅប៉ុស្ថិ៍រដ្ឋបាលតាមឃុំសង្កាត់ តែបើចង់ធ្វើសៀវភៅគ្រួសារត្រូវទៅទាក់ទងទៅរដ្ឋបាលស្រុក ឬខណ្ឌ៕ប្រភព៖ Kampuchea Thmey Daily
សូមបងប្អូនអានសេចក្តីប្រកាសខាងក្រោមដើម្បីកុំឲ្យមានការយល់ច្រឡំ៖