វីវរហើយ!! ជំងឺបេស្តជ្រូកកើតមាននៅស្រុកអររាំងឪ ប្រជាពលរដ្ឋស្នើសុំអោយមានដំណោះស្រាយជាបន្ទាន់

0
273

(ត្បូងឃ្មុំ)៖ ជ្រូកនៅក្នុងស្រុកអូររាំងឪដែលរងការវាយប្រហារដោយជំងឺបេស្តជ្រូក បានងាប់ជារៀងរាល់ថ្ងៃបង្កទៅជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាម្ចាស់ជ្រូក ខណៈវិធានការជាដំណោះស្រាយត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវនៅឡើយ។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្នុងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឈានដល់ផ្ទុះការតវ៉ាសុំកិច្ចអន្តរាគមន៍នានាពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ។ ប្រជាពលរដ្ឋជាអ្នកចិញ្ចឹមជ្រូកដែលរងការវាយប្រហារដោយជំងឺបេស្តជ្រូកនេះ បានស្នើសុំលក់ជ្រូកដែលនៅរស់ និងជួយឧបត្ថម្ភជាថវិកាដល់ជ្រូកដែលងាប់។

ប្រជាពលរដ្ឋដែលតវ៉ាបានបន្ថែមថា ប្រសិនបើមិនឱ្យពួកគេលក់ជ្រូកចេញទេ មិនមានប្រាក់សងបំណុលធនាគារនោះឡើយ។

ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចិញ្ចឹមជ្រូកប្រមាណ ៨៤៨គ្រួសារ។ ជ្រូកដែលចិញ្ចឹមទាំងកូន មេ និងចិញ្ចឹមយកសាច់ មានចំនួនជាង ៩ពាន់ក្បាល។ មកដល់បច្ចុប្បន្នជំងឺបេស្តជ្រូកធ្វើឱ្យងាប់ជ្រូកប្រមាណ ៣៣៧ក្បាល និង៦៧ក្បាលទៀតកំពុងមានជំងឺ។

ប្រជាពលរដ្ឋ បានសម្តែងការព្រួយបារម្ភថា ពួកគេនឹងត្រូវខាតបង់កាន់តែខ្លាំងប្រសិនបើមិនមានដំណោះស្រាយណាមួយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេនោះ ខណៈពួកគេមើលឃើញថា វិធានការដំណោះស្រាយរបស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមិនបានឆ្លើយតបនឹងបញ្ហានៅឡើយ៕
ប្រភព៖ Fresh News