បណ្ដាក់ទុករកស៊ីចូលគ្នា ជារឿងល្អសម្រាប់អាជីវកម្មនានា បើសិនមានដៃគូល្អ។ ប៉ុន្តែវាជារឿងស្មុគស្មាញ ខាតប្រយោជន៍ បើមិនចេះសង្កេតមើលមនុស្សដែលដាក់ទុនជាមួយនោះទេ។
ខាងក្រោមនេះជាជាចរិតមនុស្ស ៧ ប្រភេទដែលមិនគួររកស៊ីជាមួយ៖
១/ ស្គាល់តែចំណេញ
ធ្វើអាជីវកម្ម តើនរណាមិនចង់បានប្រាក់ចំណេញ? ប៉ុន្តែបើដៃគូដាក់ទុនភ្លាម រកចំណេញភ្លែត នោះក៏មិនគួរចំណាយពេលរកស៊ីជាមួយមនុស្សប្រភេទនេះ ដែរព្រោះបើជួញដូរខាត ពួកគេនឹងរត់ចោល ដោយសារមិនបានស្រឡាញ់ មិនតស៊ូ ប៉ុន្តែចង់បានតែចំណេញ។
២/ មនុស្សគ្មានភាពស្មោះត្រង់
កុំដាក់ទុនរកស៊ីជាមួយមនុស្សដែលពេលប្រជុំគ្នា និយាយមកបែបងាយៗ ហើយចូលចិត្តនិយាយពីក្រោយខ្នង អ្នកនេះឬអ្នកនោះ មិនសូវល្អ ។ មនុស្សប្រភេទនេះតែងតែនិយាយអឺអើយ៉ាងម៉េចចក៏បាន ឬ មិនអីទេនោះ ប៉ុន្តែសុទ្ធតែមិនគួរឱ្យទុកចិត្តឡើយ។
៣/ មនុស្សខ្វះជំនាញច្បាស់
មានគំនិតរកស៊ីជារឿងល្អមួយ តែបើគ្មានជំនាញពិតប្រាកដ ក៏ពិបាកចាប់ដៃគូជាមួយដែរ ដោយសារក្នុងវិស័យជំនួញត្រូវការជំនាញច្រើន។ យ៉ាងហោចណាស់ ដៃគូគួរតែមានជំនាញមួយឬពីរដូចជា ទីផ្សារ ឬដឹកនាំជាដើម។ យ៉ាងណា បើពួកគេគ្មានជំនាញអ្វីសោះ ហើយមានតែលុយ នោះរកស៊ីមិនងាយទៅមុខទេ។
៤/ មនុស្សនិយមផ្លូវកាត់
មនុស្សចូលចិត្តលេងផ្លូវកាត់ ជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់ ងាយចាញ់បោកគេ និងងាយបោកគេដូចគ្នា។ ប្រភេទពួកគេ មិនដែលគិតរឿងគុណធម៌អីទេ សំខាន់ឲ្យតែចំណេញច្រើន ធ្វើអ្វីបានទាំងអស់។ រាល់ជំនួញទាំងឡាយ បើនិយមផ្លូវកាត់ មិនអាចឈរជើងបានយូរឡើយ មិនយូរមិនឆាប់ រលំមិនខាន។
៥/ មនុស្សសម្បូរជម្រើស
មនុស្សដែលតែងតែចង់ធ្វើនេះ ឬចង់ធ្វើនោះ គ្រប់ពេល គ្មានភាពច្បាស់លាស់ កុំរកស៊ីជាមួយអី។ ពួកគេគ្មានពេលផ្តោតអារម្មណ៍ទៅលើអាជីវកម្មរបស់ខ្លួនទេ ដោយសារតែ រវល់តែចង់ចាប់ផ្តើមជំនួញច្រើនមុខពេកក្នុងពេលតែមួយ។ បើដាក់ចិត្តចាប់ដៃគូ ក៏នឹងឈឺក្បាលវិលមុខជាមួយពួកគេមិនឈប់ឡើយ។
៦/ មនុស្សមានបញ្ហាច្រើន
មនុស្សដែលមានបញ្ហាគ្រប់ពេលវេលា ទាំងជីវិតផ្ទាល់ខ្លួននិងគ្រួសារ ពិតជាពិបាកដាក់ទុនជាមួយណាស់ ដោយសារតែពួកគេរវល់ដោះស្រាយជាមួយបញ្ហា គ្មានពេលជួយអាជីវកម្មឲ្យជោគជ័យឡើយ។ ម្យ៉ាងទៀត បើសម្បូរបញ្ហាពេក ពួកគេមិនសូវមានអារម្មណ៍ផ្តោតលើការរកស៊ីឡើយ ដូច្នេះកុំរកស៊ីជាមួយធ្វើអី។
៧/ មនុស្សខ្វះការតស៊ូ
ប្រភេទមនុស្សនិយាយ ១០ តែធ្វើបានតែ១ មិនចេះតស៊ូនឹងការងារលំបាក ហើយបានត្រឹមតែប៉ប៉ោចតែប៉ុណ្ណឹង។ នៅពេលចាប់ផ្ដើមអាជីវកម្មហើយជួបបញ្ហា ពួកគេក៏ផ្ដើមរអ៊ូរទាំ គ្មានភាពអំណត់ ព្រោះតែប្រភេទពួកគេ ជាប្រភេទអួត រមែងមើលស្រាលបញ្ហា ប៉ុន្តែពេលជួបបញ្ហាមិនចេះដោះស្រាយនោះទេ។ បើជួបក្រុមមនុស្សនេះ កុំខាតពេលជួញដូរជាមួយឲ្យសោះ៕ប្រភព៖ Kampuchea Thmey Daily