ថ្នាំបំប៉ន សម្រាប់ប៉ូវសុខភាពផ្លូវភេទបុរស កំពុងតែរីកលូតលាស់ខ្លាំងនៅលើទីផ្សា ប៉ុន្តែ ហេតុអ្វីបានជាអ្នក មិនព្រមសាកល្បងនូវជីវជាតិ ដែលមានក្នុងចំណីអាហារ តែអាចជំរុញដល់សុខភាពផ្លូវភេទខ្លាំងដូចគ្នាដែរទៅ នៅពេលញ៉ាំវាបានទៀងទាត់?
មិនខ្វល់ថាអ្នក កំពុងតែស្វែងរកវិធីសាស្ត្រ ដើម្បីពង្រឹងដល់សុខភាពមេជីវិតឈ្មោលកាន់តែល្អទេ តែការព្យាបាលបែបធម្មជាតិ ទៅលើការមិនឡើងរឹងរបស់លិង្គ ឬកម្លាំងផ្លូវភេទនោះ គឺជារឿងចាំបាច់ ដែលត្រូវដោះស្រាយជាមួយចំណីអាហារដំបូងគេសិន។ តាមការស្រាវជ្រាវគេរកឃើញថា មានអាហារពីរប្រភេទដែលមានសមត្ថភាព ជំរុញដល់សុខភាពផ្លូវភេទកាន់តែរឹងមាំ។
ផ្លែប៉ែស
ផ្លែឈើមួយនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែដោយសារតែវីតាមីន C ដ៏ខ្ពស់របស់វាបានធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏ល្អមួយ ដើម្បីបង្កើនភាពសកម្មភាព របស់មេជីវិតឈ្មោល។ ការសិក្សាបង្ហាញថា បុរសដែលជក់បារីច្រើន ហើយបែរជាញ៉ាំវីតាមីនC ច្រើនដែរនោះ ឃើញថា គាត់អាចកែប្រែជីវិតរបស់ខ្លួន ពីអសមត្ថភាពមានកូន មកមានកូនឡើងវិញបាន។
ក្រៅពីនេះ វីតាមីន C ជួយបន្ថយអ័រម៉ូនតានតឹងក្នុងខ្លួនឈ្មោះថា Cortisol។ អ័រម៉ូន Testosterone ជាអ័រម៉ូនភេទបុរស សម្រាប់ជំនួយដល់ចំណង់ផ្លូវភេទ និងសុខភាពមេជីវិតឈ្មោល តែអ័រម៉ូនមួយនេះតែងតែប្រឆាំងនឹងគ្នានឹង អ័រម៉ូន Cortisol ទៅវិញ។ បើសិនជា Cortisol ឡើងខ្ពស់ អញ្ជឹង Testosterone ចុះទាប។ ដូច្នេះការញ៉ាំវីតាមីន C ច្រើននឹងជំរុញឲ្យ Cortisol ចុះទាប ហើយ Testosterone នឹងឡើងខ្ពស់វិញ ព្រមទាំងផ្លូវភេទមានសុខភាពល្អ។
អយស្ទ័រ
បើសិនជាអ្នកហាត់ប្រាណក្នុងក្លិបនោះ អ្នកទំនងជាបាត់បង់ជាតិស័ង្គសីពីក្នុងខ្លួនច្រើន ជាពិសេស អ្នកហាត់ប្រាណអត្តពលកម្មតែម្តង។ តាមការស្រាវជ្រាវបញ្ជាក់ថា កីឡាករអត្តពលកម្ម មិនទទួលបានជាតិស័ង្គសីគ្រប់គ្រាន់ទេ ហើយបើសិនជាអ្នកខ្វះជីវជាតិមួយនេះ អ្នកអាចនឹងមានបញ្ហាមួយ គឺខ្សោយអ័រម៉ូនភេទ Testosterone ជាងធម្មតា។ ដូច្នេះ ដើម្បីបង្កើនចំនួនអ័រម៉ូននេះ អ្នកត្រូវតែញ៉ាំអាហារ សម្បូរសារធាតុមួយនេះដូចជា អយស្ទ័រ ព្រោះវាសម្បូរជាតិស័ង្គសី ខ្ពស់ជាងអាហារផ្សេងៗទៀតខ្លាំងណាស់៕ប្រភព៖ Thmey Thmey