បើគិតដល់អាហារកូរ៉េ ឬ ជប៉ុន លោកអ្នកប្រាកដជាស្គាល់ «គីមបាប់» ដែលរមូលបាយចូលគ្នាជាមួយនឹងគ្រឿងផ្សំផ្សេងៗនោះជាមិនខាន ។ អាហារប្រភេទនេះ ភាគច្រើនប្រសិនជាចង់ញុំាវា ប្រាកដជាទៅភោជនីយដ្ឋានកូរ៉េជាមិនខាននោះទេ ដូច្នេះច្បាស់ណាស់ថានឹងចំណាយលុយច្រើនបន្តិចហើយ ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងមកប្រាប់ពីរបៀបធ្វើ «គីមបាប់» ទុកញុំានៅផ្ទះ សន្សំលុយ មិនចាំបាច់ទៅញុំានៅហាង ។
របៀបធ្វើ «គីមបាប់» ឬ «បាយខ្ចប់កូរ៉េ»
+ គ្រឿងផ្សំ
– បាយដាំឆ្អិន (ជាមួយសារាយក្រអូប)
– សារាយបន្ទះ
– ការ៉ុត
– ត្រសក់
– ស្រាក្រអូប (ឬទឹកខ្មេះ)
– ប្រេងល្ង
– ល្ង (ស) លីង
– គីមឈី
– ឫសស្ពៃក្រហម (ជ្រក់)
– ស៊ុត (ពងទា)
– ត្រីធូណា (ត្រីកំប៉ុង)
– សាច់ក្រក
– បន្ទះ ឫ ស្សីសម្រាប់រុំ
+ វិធីធ្វើ
១. ដួសបាយ ដែលដាំឆ្អិនជ្រោយឲ្យត្រជាក់ រួចដាក់ប្រេងល្ង ស្រាក្រអូប ល្ង (ស) លីង អំបិលច្របល់ចូលគ្នាឲ្យសព្វល្មមបានក្លិន ។
២. ស៊ុត (ពងទា) គោះវឹកឲ្យឡើង ហើយចៀនជាបន្ទះស្តើងៗ ពេលឆ្អិនយកមកកាត់ជាចំណិតវែងៗ ។
៣. ការ៉ុត និង ត្រសក់ចិតជាសរសៃតូចវែងៗ ហើយយកមកឆាពីរបីត្រលប់នឹងប្រេងល្ង កុំឲ្យឆ្អិនពេក រួចដួសទុកឲ្យត្រជាក់មួយអន្លើ ។
៤. លាបបន្ទះឫស្សី ហើយយកសារាយបន្ទះមកដាក់ពីលើ រួចដួសបាយមកដាក់ពង្រាយលើបន្ទះសារាយឲ្យល្មម ដោយទុកចន្លោះខាងលើ និង ខាងក្រោមឲ្យសល់ប្រហែលមួយសង់ទីម៉ែត្រ ។
៥. ដាក់ស្នូលផ្សេងៗដែលបានត្រៀមទុក (ពងទា ការ៉ុត ត្រសក់ ឫសស្ពៃ គីមជិ សាច់ក្រក ត្រីធូណា) ពីលើបាយតាមលំដាប់លំដោយដោយឲ្យត្រីធូណា (ឬជំនួស ដោយសាច់ក្តាម) នៅពីលើគេ ។
៦. មូរបន្ទះឫស្សីឡើងលើថ្នមៗឲ្យបានរាងមូលទ្រវែង បន្ទាប់មកកាត់វាជាដុំៗល្មមមួយម៉ាត់ជាការស្រេច ៕ប្រភព៖ ប្រជាប្រិយ
***(ស្នូលអាចប្តូរតាមចំណូលចិត្តរបស់អ្នក)