ស្ត្រីអាយុ ៤៤ ឆ្នាំ ម្នាក់បានបង្កភាពចម្រូងចម្រាស ក្នុងប្រទេសថៃ បន្ទាប់ពីបានបង្ហោះ ការផ្សព្វផ្សាយស្វែងរកស្ត្រី ដើម្បីមកបំពេញមុខតំណែងជា ស្រីកំណាន់ឱ្យប្តី។
និយាយចេញពីផ្ទះល្វែងមួយ នៅក្នុងទីក្រុងបាងកក ស្ត្រីឈ្មោះ Pattheema Chamnan ថ្មីៗនេះ បានឲ្យដឹងថា រូបនាងមិនបានដេកនៅជាមួយប្តីមួយរយៈមកហើយ ដែលធ្វើឲ្យនាងមានអារម្មណ៍ថា ខ្លួនដូចជាប្រពន្ធអាក្រក់។ ហេតុដូចនេះ នាងក៏បានសម្រេចចិត្ត ចង់ជួលស្រីកំណាន់ម្នាក់ឱ្យប្តី ដែលអាចផ្គាប់ចិត្តប្តីបាន “រូបរាងកាយ” ប៉ុន្តែ ក៏មានបុគ្គលិកលក្ខណៈ រីករាយ និងជំនាញទំនាក់ទំនងល្អផងដែរ។
Pattheema បាននិយាយថា នាងបានផ្តល់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ការងារនេះក្នុងតម្លៃ $450 បូករួមទាំងអាហារឥតគិតថ្លៃ និងការស្នាក់នៅក្នុងគេហដ្ឋានគ្រួសារ។ ស្ត្រីជនជាតិថៃ រូបនេះក៏បានបញ្ជាក់ឲ្យដឹងថា រូបនាងបានជ្រើសរើសរួចហើយ ក្នុងចំណោមបេក្ខភាព២នាក់ សម្រាប់ការងារនេះ។
ស្ត្រីវ័យ ៤៤ ឆ្នាំរូបនេះ បានលើកឡើងជាមួយហេតុផលនេះ ថា ៖ « ខ្ញុំចង់រកស្រីកំណាន់ឲ្យប្តីខ្ញុំ ខណៈ ដែលខ្ញុំកំពុងតែ លំបាកខាងផ្លូវកាយ»។ ខ្ញុំមានជំងឺធ្លាក់ទឹកចិត្តរ៉ាំរ៉ៃហើយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចមើលថែ ប្តីខ្ញុំបានល្អទេ។ ខ្ញុំមិនបានដេកជាមួយប្តីទេ ហើយវា ធ្វើ ឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមែនជា ប្រពន្ធល្អសោះ »។
កាលពីសប្តាហ៍មុន កាសែត The Mirror របស់អង់គ្លេស បានរាយការណ៍ថា ប្តីរបស់ស្ត្រីរូបនេះដែលមានឈ្មោះ Pattagorn ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់បានឃើញវីដេអូផ្សាយពាណិជ្ជកម្មការងារនៅលើអ៊ីនធឺណិត កាលពីខែមុន ប៉ុន្តែ គាត់មិនបានជំទាស់ទៅនឹងគំនិតរបស់ប្រពន្ធទេ។
បុរសជាប្តីរូបនោះ បាននិយាយថា ៖ « ប្រពន្ធខ្ញុំប្រាប់ខ្ញុំថា នាងចង់រកអ្នកណា មកមើលថែ ខ្ញុំ ។ ខ្ញុំភ្ញាក់ផ្អើល ពេលបានដឹងអំពីរឿងនេះ។ បុរសផ្សេងទៀតដែលចង់ធ្វើ ដូចខ្ញុំ គួរតែ ទាក់ទងប្រពន្ធរបស់ខ្ញុំអំពីរឿងនេះ។
ពួកគេ គួរសុំការអនុញ្ញាតពីប្រពន្ធ ដើម្បីកុំឱ្យមានបញ្ហា ទៅ ថ្ងៃ អនាគត។ ខ្ញុំមិនដែលចង់មានស្រីកំណាន់ទេ ប៉ុន្តែ ចាប់តាំងពីប្រពន្ធខ្ញុំ “ជូន” មក ខ្ញុំមិនបដិសេធទេ»។
នៅក្នុងវីដេអូ Pattheema បានធានាចំពោះបេក្ខជនដែលមានសក្តានុពលថា «នឹងមិនមានការឈ្លោះប្រកែកគ្នារវាងពួកយើងទេ» និងបានឲ្យដឹងបន្ថែមថា នាងមិនមានបញ្ហាជាមួយប្តីរបស់នាង ដែលកំពុងដេក ឬចំណាយពេលជាមួយអ្នកផ្សេងទេ។
យោងតាមកាសែត Daily Star តំណែងនេះត្រូវបានបំពេញដោយស្ត្រីអាយុ ៣៣ ឆ្នាំ ម្នាក់ ដែលជាមិត្តភក្តិផ្ទាល់របស់នាង Pattheema តែម្តង៕