នៅរសៀលមួយ មានមេធាវីអឺរ៉ុបខាងកើតម្នាក់បានជិះរថយន្តធំដ៏ទំនើបរបស់គាត់ ហើយរំពេចនោះ គាត់បានឃើញបុរសពីរនាក់កំពុងស៊ីស្មៅនៅសួនច្បារតាមដងផ្លូវ។
ដោយមានអារម្មណ៍មិនស្រណុកចិត្តសោះ គាត់ក៏បានប្រាប់ឱ្យអ្នកបើកបរឈប់ឡានចេញក្រៅស៊ើបមើលថីបានជាមនុស្សសោះបែរជាទៅស៊ីស្មៅ។ នៅពេលនោះលោកមេធាវីបានសួរបុរសម្នាក់យ៉ាងដូច្នេះថា “ហេតុអ្វីបានជាលោកស៊ីស្មៅ?”។
បុរសក្រីក្ររូបនោះបានតបវិញថា “យើងមិនមានប្រាក់សម្រាប់ទិញអាហារឡើយដូច្នេះហើយយើងត្រូវបង្ខំចិត្តស៊ីស្មៅ”។ ក្រោយឮដូច្នេះមេធាវីបានតបវិញថា “អ៊ីចឹងលោកមកផ្ទះរបស់ខ្ញុំ ខ្ញុំនឹងចិញ្ចឹមលោក”។
ដោយឮដូច្នេះបុរសក្រីក្របានតបវិញថា “ប៉ុន្តែអត់ទោសលោក! ខ្ញុំមានប្រពន្ធនិងកូនពីរនាក់។ ពួកគេនៅក្រោមដើមឈើនោះ”។ មេធាវីបានតបយ៉ាងលឿនថា “នាំពួកគេមកជាមួយមកអ៊ីចឹង”។
ក្រោយនិយាយចប់ជាមួយបុរសក្រីក្រទីមួយ មេធាវីបានសម្លឹងមើលបុរសទីពីរ ហើយនិយាយទៅបុរសនោះថា “លោកក៏អាចមកជាមួយខ្ញុំបានដែរ”។
បុរសទីពីរបានតបទាំងកំសត់វិញថា “ប៉ុន្តែអត់ទោសលោក! ខ្ញុំមានប្រពន្ធនិងកូនប្រាំមួយនាក់”។ មេធាវីបានតបដោយមិនស្ទាក់ស្ទើរយ៉ាងដូច្នេះថា “ពួកគេក៏អាចមកជាមួយបានដែរ”។
បន្ទាប់មក ទាំងអស់គ្នាបានឡើងរថយន្តដ៏ធំរបស់គាត់ រួចដឹកទៅផ្ទះគាត់វឹងតែម្តង។
នៅពេលជិះតាមផ្លូវ ប្រពន្ធបុរសក្រីក្រទីមួយបាននិយាយទៅកាន់មេធាវីយ៉ាងដូច្នេះថា “លោកពិតជាចិត្តល្អណាស់! ខ្ញុំសូមអរគុណលោកចំពោះអំពើល្អនេះ”។
ដោយឮដូច្នេះមេធាវីបានឆ្លើយតបវិញថា “ខ្ញុំពិតជារីករាយណាស់ដែលបានធ្វើរឿងនេះ។ អ្នកទាំងអស់គ្នាប្រាកដជាស្រឡាញ់ផ្ទះខ្ញុំ ព្រោះស្មៅផ្ទះខ្ញុំដុះជិតមួយម៉ែត្រឯណោះ”៕