ល្បែងសុីសង ជាពិសេស «បៀរសុីគូថៃ» គឺជាល្បែងដ៏ពេញនិយម សម្រាប់ស្រ្តីមេផ្ទះមួយចំនួនធំ និងក៏ដូចក្រុមស្រ្តីជាអាជីវករនៅតាមបណ្តាផ្សារខេត្ត-ក្រុង ដែលគេបានឃើញលេងគ្មានលោះថ្ងៃនោះទេ ខណៈសមត្ថកិច្ចបានត្រឹមល្បីបង្ក្រាបឲ្យលឺតែមួយប្រាវៗប៉ុណ្ណោះ។
ពិតណាស់ ល្បែងសុីសងមិនថាតែបៀរសុីគូថៃ ឬ ជល់មាន់ ដែលក្រុមអ្នកញៀនប្តី ឬ ប្រពន្ធ លួចលេង ជាលទ្ធផល គឺបានត្រឹមកើតមានជម្លោះក្នុងគ្រួសារ រហូតប្តីប្រពន្ធខ្លះបែកបាក់គ្នា និងខ្លះទៀតត្រូវជាប់គុក ដោយសារចាញ់ល្បែង ដើរលួចឆក់ទ្រព្យសម្បត្តិគេ និងមួយចំនួនតូចទៀត ក៏ត្រូវអស់ផ្ទះសម្បែង ដីធ្លី ក៏ដោយសារតែល្បែងនេះដែរ។
ដោយសារតែមានការប្តឹងពីប្រជាពលរដ្ឋ ដែលជាប្តីឬប្រពន្ធ របស់អ្នកញៀនល្បែង នោះកន្លងមក គេក៏បានឃើញសមត្ថកិច្ច ធ្វើការចុះបង្រ្កាបផងដែរ។
តែទោះជាយ៉ាងណា ការបង្រ្កាបរបស់សមត្ថកិច្ច គឺហាក់ដូចបានត្រឹម «វែកចចក» ប៉ុណ្ណោះ ព្រោះថា ក្រោយពីបង្រ្កាបត្រឹមអប់រំ មិនបានប៉ុន្មានថ្ងៃផង គឺល្បែងទាំងនេះបានកើតឡើងវិញដដែល។
ដោយឡែក ថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានឃើញក្រុមស្រ្តីញៀនល្បែង៤នាក់ ត្រូវបានសមត្ថកិច្ចក្នុងខេត្តកំពត «អញ្ជើញ» មកឲ្យលេងបៀរសុីគូថៃ ទល់មុខគ្នានៅក្នុងប៉ុស្តិ៍តែម្តង ដើម្បីឲ្យល្បីដោយសារញៀនល្បែង មិនគិតខំប្រឹងរកសុី។
នេះបើតាមលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះវីដេអូ និងភ្ជាប់ Caption គួរឲ្យអស់សំណើចថា៖ «អញ្ជើញមីងៗមកលេងនៅអធិការក្រុងកំពតម្តង កុំអោយពិបាកលួចលេងនៅកន្លែងផ្សេង»៕
សូមទស្សនាវីដេអូខាងក្រោម៖