ភ្នំពេញ៖ មានករណីបាក់ប្លង់សេសំណង់ទើបសាងសង់ថ្មី បានសង្កត់លើកម្មករសំណង់បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីចាក់បេតុង កាលពីវេលាម៉ោង ៩:៣០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង មានរបងព័ទ្ធជិត តាមផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកម្មករ បានឲ្យដឹងថា មុនពេលកើតហេតុ សំណង់អគារខាងលើ បានចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើជន្ទល់ដែក បេតុងប្លង់សេបានចាក់រួចរាល់ហើយ។ ពេលនោះកម្មករម្នាក់បានចុះមកក្រោម នៅតែម្នាក់ បន្តវីបេតុងពង្រាបឲ្យស្មើ។ ខណៈកំពុងតែវីស៊ីម៉ង់នៅលើប្លង់សេទើបចាក់រួច ស្រាប់តែបាក់ធ្លាក់សង្កត់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ បានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗកម្មកររបួសម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ នៅសល់តែសពជនរងគ្រោះ ត្រូវបានរើកកាយយកចេញ រហូតដល់ថ្ងៃរសៀលទើបធ្លាយរឿងនេះ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។ ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ បន្ទាប់ពីមត្ថកិច្ចចុះទៅពិនិត្យរួច៕
សូមទស្សនាវីដេអូខាងក្រោម៖