មន្ទីរព្យាបាល និងសម្ភព «ម្លិះ ដង្កោ» ដែលតែងល្បីរឿងអាស្រូវកាប់តម្លៃព្យាបាល និងគ្មានក្រមសីលធម៌ទៅលើអ្នកជំងឺ បានរងការចោទប្រកាន់កក្រើកទៀតហើយថា ជាមន្ទីរពេទ្យដ៏អមនុស្សធម៌ ដោយទុកឲ្យក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ស្លាប់គួរឲ្យអាសូរ ព្រោះតែគ្រួសារក្រីក្រ ពុំមានលទ្ធផលបង់សម្រាប់ថ្លៃព្យាបាលគ្រប់ចំនួន ៤២០ ដុល្លារ។
នេះបើតាមលោក ឧត្តមសេនីយ៍ទោ ឈឿ ន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃ ទី ០៨ ខែសីហា ឆ្នាំ ២០២២ តាមរយៈផេកហ្វេ សប៊ុកផ្លូវការរបស់លោក បានធ្វើការរិះគន់ធ្ងន់ៗថា បើ ម្ចាស់មន្ទីរពេទ្យនេះ ជា ជនជាតិខ្មែរ ១០០ ភាគរយ នោះមិនអសីលធម៌ និងមិនអាក្រក់បែបនេះ ឡើយ។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ឈឿ ន ប៊ុនឆន បានរៀបរាប់ទាំងក្តីឈឺចាប់បំផុតយ៉ាងដូច្នេះថា៖ ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះ ជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ។
កុមារនេះជាកូនរបស់បុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំ ដោយសារជីវភាពគ្រួសារក្រីក្រ។
លោកបន្តថា ថ្ងៃនេះ (ទី៨ សីហា) ក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ។
ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ។
លោកបានឲ្យដឹងថា ឳពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល។
ជាមួយទង្វើដ៏អមនុស្សធម៌នេះ លោកក៏បានចោទសួរថា ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារ សុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។ ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិក័យប័ត្រនេះផងដែរ។
អ្នកក្រជួបទុក្ខ រង់ចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយដំបៅនៃសង្គមយើងសព្វថ្ងៃ…៕