នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ សម្តេចតេជោ បានសរសេររៀបរាប់នៅលើ Facebook ផ្លូវការរបស់សម្តេចថា៖
«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា»។
ចំណែកឯអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គាល់ថាជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះនិងជាម្ចាស់ផលិតកម្ម Galaxy Navatra ក៏បានប្រកាសគាំទ្រ ររាជរដ្ឋាភិបាលលុបចោល ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់។ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរនៅលើ Facebook ថា៖ «ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយបងប្អូនដែលស្រលាញ់កូនឈើអាចមកដាំ កូនឈើជាមួយខ្ញុំ»។
រីឯឧកញ៉ា ខេមរៈ សិរីមន្ត វិញ ក៏បានប្រកាសគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងចូលរួមដាំកូនឈើឡើងវិញផងដែរ។ ឧកញ៉ា ខេមរៈ សិរីមន្ត បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ នឹងសូមចូលរួមផ្តល់ កូនធ្នង់ចំនួន 1000ដើម នឹងដាំឡើងវិញជាមួយ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា❤️បើបងប្អូនមានចំណាប់អារម្មណ៍ចូលរួមដាំទាំងអស់គ្នាណាបាទ»៕