ហេតុអ្វីបានជាចាស់ពីដើម រមែងហាមកូនចៅមិនឲ្យឈ្លោះជាមួយជាង ពេលសង់ផ្ទះ?
ដោយផ្អែកតាមជំនឿដូនតាខ្មែរ ចាស់ៗតែងហាមមិនឲ្យឈ្លោះជាមួយជាងដាច់ខាត ពេលសាងសង់គេហដ្ឋានថ្មី ព្រោះកាលណាមានជម្លោះ
ជាងអាចមិនសប្បាយចិត្ត យកដែកគោលដំសរសកន្លោង ឬបញ្ចុះនៅជើងសរស នាំគ្រួសារក្ដៅក្រហាយ រស់នៅមិនសុខសប្បាយឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ព្រហ្ម សុផល អាយុ ៥៧ ឆ្នាំ ជាអ្នករស់នៅខេត្តកំពង់ចាម។
ចាស់ទុំរូបនេះបន្តថា ជម្លោះតាំងពីចាប់ផ្ដើមសង់ផ្ទះ នាំឲ្យគ្មានមានសិរីសួស្ដី អាចប៉ះពាល់ដល់ការរកស៊ី ចំណែកញាតិមិត្តអាចរស់នៅមិនចុះសម្រុងគ្នា។
រីឯ លោក ជុង ម៉េង អាយុ ៤០ ឆ្នាំ ជាអ្នករស់នៅខេត្តកណ្ដាលបានឲ្យដឹងដែរថា ប្រសិនបើផ្ទះថ្មជាងនឹងបង្កប់ឆ្អឹងខ្មោចក្រោមឥដ្ឋឬការ៉ូ តែបើផ្ទះឈើគេនឹងបោះដែកគោល ឬបន្តក់ឈាមជាងលើមេដំបូលផ្ទះ។
ជាងផ្ទះចាស់បទពិសោធន៍រូបនេះថា បើកាលណាអ្នកសង់ធ្វើដូច្នេះ វានឹងធ្វើឲ្យម្ចាស់រស់នៅមិនសុខ ជួនកាលអាចមើលឃើញមានវិញ្ញាណអាក្រក់នៅក្នុងផ្ទះ សម្រាន្តមិនបាន ឬជួនកាលសមាជិកគ្រួសារអាចជួបគ្រោះផ្សេងៗ។
លោក ជុង ម៉េង បន្ថែមថា ប្រសិនមានករណីបែបនេះ វិធីមានតែម្យ៉ាងប៉ុណ្ណោះគឺម្ចាស់ផ្ទះត្រូវរុះរើផ្ទះចោល ឬផ្លាស់ទីលំនៅតែម្ដង។ ដោយសារតែដូច្នោះហើយ ទើបពេលសង់ផ្ទះ គេតែងថ្នមចិត្តជាង ព្រោះខ្លាចជាងធ្វើអំពើងងឹតនានាដាក់ម្ចាស់នោះឯង។
យ៉ាងណាមិញ វិស្វករជើងចាស់ អ៊ាន់ គន្ធា ជាបុគ្គលិកក្រុមហ៊ុនមួយបានលើកមតិផ្ទុយពីអបិយជំនឿខាងលើថា ឈ្លោះគ្នាជាមួយជាង តាមពិតអាចបង្កបញ្ហាច្រើន នាំឲ្យពិបាកដល់ម្ចាស់ផ្ទះជាច្រើនអន្លើ។
លោកមានប្រសាសន៍ថា ការសាងសង់នឹងយឺតយ៉ាវ ឬអាចផ្អាក ព្រោះតែជម្លោះរវាងអ្នកទាំងពីរ នាំខាតពេលវេលា។ ម្យ៉ាង ពេលជាងខឹង
អ្នកខ្លះនឹងប្រើគ្រឿងសំណង់អន់ៗ ដែលធ្វើឲ្យគេហដ្ឋានល្អមើលតែសម្បកក្រៅ មិនមានគុណភាពដល់សំណង់ជាប់យូរឡើយ ព្រមទាំងខាតបង់ប្រាក់ច្រើនផងដល់ម្ចាស់ផ្ទះ៕
តើអ្នកយល់យ៉ាងណាចំពោះគំនិត្តទាំងនេះ?