នៅព្រឹកថ្ងៃទី ០៣ ខែមីនា នេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងក្នុងខេត្តនគរស្រីអយុធ្យា ប្រទេសថៃ ដោយស្រ្តីម្នាក់ដៃឆៅខឹងប្ដីវ៉ៃធ្វើបាបរាល់ថ្ងៃពេកទ្រាំពុំបាន
ក៏នាំក្មួយប្រុសព្រួតដៃគ្នាសម្លាប់ប្ដីហើយកាត់ជាកង់ៗ ច្រកថង់ខ្មៅយកទៅបោះចោល។ រឿងរ៉ាវនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងប្រទេសថៃ ព្រោះជាឃាតកម្មដ៏ព្រៃផ្សៃមួយនាដើមឆ្នាំ ២០២១ នេះ។
យ៉ាងណាមិញ បើយោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា មូលហេតុដែលនាំឱ្យប្រពន្ធឈានដល់ការធ្វើរឿងដ៏ព្រៃផ្សៃមួយនេះគឺបណ្ដាលមកពី
ប្រពន្ធអត់ទ្រាំពុំបានខណៈពេលដែលប្ដីនាងតែងតែផឹកស្រវឹងវ៉ៃធ្វើបាបនាងខ្លាំងពេក ដោយអស់ភាពអត់ធ្មត់នាងក៏បានកើតគំនិតសម្លាប់ប្ដីចោល ។
ព្រោះតែកំហឹងខ្លាំងពេក បន្ទាប់ពីសម្លាប់ហើយស្ត្រីប្រពន្ធដៃឆៅនោះក៏បានកាត់សពប្ដីជាកំណាត់ៗ ក្បាលទៅផ្សេងខ្លួនទៅផ្សេងច្រកថង់យកទៅបោះចោលក្នុងគុម្ពោតព្រៃ ។ តែសម្រាប់ស្រ្តីជនបង្កនោះក៏មិនបានរត់គេចខ្លួនទៅណាឡើយ
ព្រោះនាងដឹងថាទង្វើដែលនាងធ្វើគឺវាល្មើសច្បាប់ ហើយនាងក៏សុខចិត្តទទួលទោសដោយមិនស្ដាយស្រណោះអ្វីដែរ ដោយហេតុថានាងឆ្អែតចិត្តខ្លាំងពេកនូវទង្វើប្ដីដែលធ្លាប់ធ្វើដាក់នាងកន្លងមក ។
ពេលនេះ ស្រ្តីបង្កខាងលើ និង ក្មួយប្រុសផ្សំគំនិតនោះ ត្រូវបានប៉ូលិសឃាត់ខ្លួន និង កំពុងតែស្វែងរកចំណែកសាកសព និង ចាត់ការសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕