នៅ ថៃ ឯណេះ ក៏ កំពុង ផ្អើល ដែរ ជនរងគ្រោះ ច្រើន នាក់ ចាញ់បោក ក្រុម រក សុី បណ្តាញ Network អ្នកខ្លះ អស់ពីខ្លួន សូម្បី គ្មាន លុយ មើលជំងឺ កូន…
មនុស្សជាច្រើនបានផុងខ្លួនក្លាយជាជនរងគ្រោះ នៅក្នុងល្បិចឆបោកដាក់លុយចូលជាសមាជិកភាគហ៊ុន (រកសុីតាមបណ្តាញ ហៅថា Network) ដែលមានទឹកប្រាក់ខាតបង់សរុបជាង ៣០ លានបាត (ស្មើនឹងជិត១លានដុល្លារ)។
ជាមួយគ្នានេះ មេធាវីដ៏ល្បីល្បាញក្នុងប្រទេសថៃឈ្មោះ Nobi រួមជាមួយតំណាងក្រុមជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅឯការិយាល័យស៊ើបអង្កេតកណ្តាលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២។
ជនរងគ្រោះ ម្នាក់ បានបង្ហើបថា នាងអស់លុយ ហើយគ្មានប្រាក់សល់ក្នុងខ្លួន សម្រាប់ព្យាបាលជំងឺម្តាយទេ ហើយជា លទ្ធផល ម្តាយនាងក៏បានស្លាប់ ដែលធ្វើឲ្យរូបនាងខ្លោចចិត្តបំផុត។
ជនរងគ្រោះជាង១០នាក់ បានទៅជួបលោកវរសេនីយ៍ទោ Woradej Chompoopan ។ ពួកគេទាំងអស់បានយកលុយទៅបណ្តាក់ទុន ក្នុងឱកាសវិនិយោគដែលហៅថា ការវិនិយោគភាគហ៊ុន។
មេធាវី បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ ជា អ្នកភូមិ មកពីខេត្ត Udon Thani ។ ពួកគេត្រូវបានអូសទាញឱ្យដាក់លុយចូលភាគហ៊ុនដែលមានឈ្មោះខុសៗគ្នា ប៉ុន្តែ នៅពេលទទួលបានលុយច្រើនរាប់ម៉ឺនដុល្លារ ស្រាប់តែអ្នកដឹកនាំលេងភាគហ៊ុន បានប្រកាសថាក្រុមភាគហ៊ុនបានដួលរលំ។ បច្ចុប្បន្ន ការខាតបង់មានទឹកប្រាក់យ៉ាងហោចណាស់ ៣០ លានបាត។
ជនរងគ្រោះជាច្រើនដែលជាអ្នកក្រីក្រ បច្ចុប្បន្នកំពុងរស់នៅកាន់តែលំបាក បន្ទាប់ពីបានវិនិយោគប្រាក់ទាំងអស់របស់ពួកគេ ទៅក្នុងភាគហ៊ុន។ ជនរងគ្រោះម្នាក់មានកូនឈឺដេកលើគ្រែ ហើយសម្រេចចិត្តវិនិយោគលុយ ដោយសង្ឃឹមថា នឹងអាចរកប្រាក់បានបន្ថែមទៀត ដើម្បីជួយចំណាយលើការព្យាបាលកូនរបស់គាត់។ ជនរងគ្រោះ ខ្លះ គ្មានប្រាក់សូម្បីសម្រាប់ធ្វើ បុណ្យសព បន្ទាប់ពីមនុស្សជា ទីស្រឡាញ់ទទួលមរណភាព។
ចំណែកដើមទុន (ហ៊ុន) បានចាប់ផ្តើមឡើងតិចតួច ដោយបានអូសទាញមិត្តភក្តិជិតស្និទ្ធ មកចូលរួមបណ្តាក់ទុនតៗគ្នា។ ក្រុមបានចាប់ផ្តើមពង្រីក ហើយបានពង្រីកទៅជា ២ ភាគហ៊ុនសំខាន់ៗ។ ភាគហ៊ុននីមួយៗនឹងត្រូវបានគេហៅថាជាផ្ទះ, ផ្ទះទីមួយមានអ្នកចូលរួមវិនិយោគប្រហែល ៣០០ នាក់ និងទីពីរមានប្រហែល ២០០ ។
អ្នកដឹកនាំភាគហ៊ុន នឹងផ្តល់ប្រាក់ជាថ្នូរសម្រាប់អ្នកដែលនឹងស្វែងរកអ្នកវិនិយោគថ្មី។ តែទោះជាយ៉ាងណា ស្រាប់តែនៅខែមីនា ឆ្នាំ២០២២ អ្នកដឹកនាំភាគហ៊ុនថាបានដួលរលំ។ មានជនរងគ្រោះ យ៉ាងតិច ៣០ នាក់ ដែលសម្រេចចាត់វិធានការផ្លូវច្បាប់ លើ មេដឹកនាំភាគហ៊ុន ។ ជនរងគ្រោះ បញ្ជាក់ថា មេ ភាគហ៊ុន កំពុងរស់នៅ ធម្មតា និងជា ម្ចាស់ភោជនីយដ្ឋានមួយ នៅ ខេត្ត Udon Thani ៕