ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នោព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។
ក្នុងនោះក្រសួងបានបញ្ជាក់ឱ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុ និង ធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា
(Signal Booster/Repeater) បានបង្កការឆ្លងរំខាន និង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។
ចំពោះរឿងនេះ ក.ប.ទ. ស្នើដល់ពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និង បញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន និង
ស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។
ទន្ទឹមនោះ ក.ប.ទ. ក៏បញ្ជាក់ផងដែរថា យោងតាមមាត្រា ៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា «ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬ ការកែប្រែហេដ្ឋារចនាសម្ព័ន្ធ និង បណ្តាញទូរគមនាគមន៍ ឬ
គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬ ការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធទូរគមនាគមន៍ ឬ បង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល»៕