រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសុខាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ
និងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលមានផ្ទុកជំងឺអុតស្វា ប៉ុន្ដែរត់គេចពីការព្យាបាលនៅប្រទេសថៃ ហើយសំដៅមកប្រទេសកម្ពុជា។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរថៃ ពាក់ព័ន្ធការរត់គេច
របស់អ្នកជំងឺអុតស្វាម្នាក់នោះ នៅពេលនេះក្រសួងសុខាភិបាល និងសមត្ថកិច្ចកំពុងទំនាក់ទំនងគ្នា នៅគ្រប់ច្រកចូលទាំងអស់ដែលជាប់ព្រំដែនថៃ មិនថាតែច្រកទ្វារអន្ដរជាតិ ច្រកតំបន់ ឬច្រករបៀង និងផ្លូវទឹកជាដើម។
លោកស្រី យក់ សម្បត្តិ បានបន្ថែមថា៖ ក្រោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រប់មន្ដ្រីសុខាភិបាលដែលប្រចាំការនៅតាមច្រកទាំងអស់ ដោយសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងត្រៀម។
អាជ្ញាធរកំពុងដុតដៃដុតជើងគ្រប់ច្រកទាំងអស់ មិនថាដីគោក ឬផ្លូវទឹក ហើយមន្ដ្រីឆ្លើយតបបន្ទាន់របស់យើងនៅតាមព្រំដែន បានប្រុងត្រៀមជាស្រេច ៕ ប្រភព៖ ខ្មែរណូត