មានហើយកូនក្រមុំសម័យថ្មី លើកជំនូន ហែរហមទៅស្ដីដណ្ដឹងខាងប្រុស ធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង…
បរទេស៖ ពីធីរៀបមង្គលការសម័យថ្មីមួយ ដែលល្បីល្បាញ និងមានអ្នកចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងបណ្ដាញអ៊ីនធឺណិត ក្រោយពេលមាននារីម្នាក់យកបណ្ណាការមកចូលស្ដីដណ្ដឹងខាងប្រុស មុនពេលដែលដឹងការពិតថា ហេតុអ្វីធ្វើដូច្នោះ តើអ្នកណាជាអ្នកចេញថ្លៃបណ្ណាការ?
ជាធម្មតា នៅក្នុងពិធីរៀបការយើងតែងតែឃើញកូនកំលោះ ព្រមជាមួយនិងសាច់ញាតិ បងប្អូន និងមិត្តភក្ដិ រៀបចំដង្ហែរក្បួនហែរជំនូនទៅចូលស្ដីកូនក្រមុំ។ តែស្ត្រីម្នាក់នេះ រស់នៅប្រទេសថៃ បានពិធីរៀបការមួយកន្លែងក្លាយជាទីចាប់អារម្មណ៍ ព្រោះអ្នកដែលដង្ហែរក្បួនផ្កាស្លាមិនមែនកូនកំលោះ តែបែរជាកូនក្រមុំទៅវិញ ឃើញហើយគ្រប់គ្នាឆ្ងល់ និងប្លែកចិត្ត ព្រោះមិនដែលឃើញពីមុនមកទេ។
ហើយម្ចាស់រូបក៏បានបង្ហោះប្រយោគមួយឃ្លាថា «កូនក្រមុំសម័យថ្មីចង់បានអ្វី ត្រូវហ៊ានបណ្ដាក់ទុន ចង់បានកូនប្រុសរបស់គេ ត្រូវហ៊ានទៅចូលស្ដីដណ្ដឹង»។ ពិធីរៀបការនេះ បានកើតឡើងនៅឯស្រុកនួនសិលា ខេត្តខនកេណ្ឌ ហើយកូនកំលោះមានឈ្មោះថា ឆាក់រ៉ាន់ថន ឃែរស៊ែង មានអាយុ ២៣ឆ្នាំ ចំណែកឯកូនក្រមុំមានឈ្មោះថានាង សុវ៉ាក់ណាន់ បុផ្ផាម៉ាក់តាក់ណាំង មានអាយុ ២៦ឆ្នាំ។
កូនក្រមុំបានបង្ហើបទៀតថា នាង និងស្វាមីបានទាក់ទងស្គាល់គ្នាជាង ៣ឆ្នាំហើយ ហើយពេលនេះក៏ចូលជិតដល់ឆ្នាំទី៤ ទើបយើងទាំងពីរនាក់សម្រេចចិត្តរៀបការជាមួយគ្នានៅថ្ងៃទី៩ មករា កន្លងមក ។
ចំណែកមូលហេតុដែលនាងត្រូវហែរជំនូនជំនួសកូនកំលោះ ព្រោះតែចាស់ទុំនៅភូមិនោះ បានណែនាំថា នាងជាស្រីដែលចូលមករស់នៅឯផ្ទះកូនកំលោះជាយូរមកហើយខ្លាចខុសមេបា ដូច្នោះហើយទើបត្រូវចូលស្ដីដណ្ដឹងខាងប្រុស ព្រោះមកនៅជាមួយគ្នាមុនពេលរៀបការ។
ក្រៅពីនេះក៏នៅមានរឿងមួយទៀត គឺផ្ទះរបស់នាងមិនយល់ព្រមជាមួយនិងពិធីរៀបមង្គលការនេះឡើយ ព្រោះមានផ្ទីដីតូចចង្អៀតមិនអាចរៀបចំពិធីមង្គលការបានទៅតាមវិធានការអនុវិត្តស្ដីពីការការពារជំងឺកូវីដ១៩ ទើបធ្វើអោយត្រូវទៅរៀបចំនៅឯផ្ទះខាងប្រុស។
ចំណែកឯនៅថ្ងៃរៀបការក៏បាននាំយករូបភាព និងឃ្លីបវីដេអូមកចែកអោយបានដឹង មិនគិតថាគ្រប់គ្នាចាប់អារម្មណ៍ដល់ថ្នាក់នេះទេ ហើយខ្លួននាងផ្ទាល់ក៏មិនបានគិតអ្វីដែរ។ នាងយល់ឃើញថាការណ៍ដែលកូនក្រមុំចូលទៅស្ដីដណ្ដឹងកូនកំលោះ វាមិនមែនជារឿងខុសទាស់អ្វីនោះទេ
ព្រោះសម័យនេះពិភពលោកបានបើកចំហអស់ហើយ ការរៀបការជារឿងរបស់មនុស្សពីរនាក់ និងសមាជិកក្នុងគ្រួសារ ហើយសាច់ញាតិបងប្អូនក៏យល់ឃើញថា ជារឿងមង្គល ចំណែកថ្លៃបណ្ដាលការខាងកូនកំលោះ គឺជាអ្នកទទួលខុសត្រូវទាំងអស់។
ចំណែកកូនកំលោះក៏បានប្រាប់ថា ក្រោយពេលដែលរឿងនេះបានបង្ហោះចេញទៅក៏មានអ្នកចេញមកបញ្ចេញមតិជាច្រើនផ្សេងៗគ្នា មានតែអ្នកដឹងការពិតតែប៉ុណ្ណោះដែលមកសម្ដែងក្ដីរីករាយចំណែកអ្នកមិនដឹងក៏គិតថា មិនសមនិងប្លែកខុសគេ តែគាត់ក៏មិនបានខ្វល់ខ្វាយអ្វីដែរ ព្រោះយល់ស្រាប់ហើយចំពោះសង្គមអនឡាញវាដូច្នោះឯង៕ (អត្ថបទ Khmer-global)