រាជធានីភ្នំពេញ ៖ ជាប្រវត្តិស្ពានជ្រោយចង្វាទី១ ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងពេលប្រទេសកម្ពុជាជួបភ្លើងសង្គ្រាម នាដើមទសវត្សរ៍ឆ្នាំ១៩៧០ ។ ក្នុងអំឡុងនៃពេលដាច់នោះ ប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក ជិះកាណូត ឆ្លងកាត់ទន្លេដ៏ធំមួយនេះ ។
តាមកំណត់ប្រវត្តិសាស្ត្រ នាហេតុការណ៍នោះត្រូវបានគេដឹងថា នៅឆ្នាំ១៩៧២ ទ័ពព្រៃចំនួន១០១នាក់ បានប្រើប្រាស់រថយន្តកាមីញ៉ុង១គ្រឿង បើកមកលើស្ពានពេលយប់ និងបានបំផ្ទុះគ្រាប់ផ្តាច់ស្ពានបាក់ធ្លាក់ក្នុងទឹកអស់២កង់ផ្នែកកណ្តាល ។ ទោះបីជាបែបណា ពួកកុម្មង់ទ័ពព្រៃទាំង១០១នាក់ ត្រូវបានទាហានសាធារណរដ្ឋខ្មែរសម្លាប់ទាំងអស់ ។ ចាប់តាំងពីពេលនោះមក ស្ពានជ្រោយចង្វា មិនត្រូវបានតភ្ជាប់ឡើងវិញនោះទេ ។
រហូតមកដល់ឆ្នាំ១៩៩២ ក្នុងពេលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វែងរកសន្តិភាព រកការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ពីគ្រប់ភាគីជម្លោះនោះ ស្ពានជ្រោយចង្វាទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយនៅឆ្នាំ១៩៩៦ ក៏បើកឲ្យដំណើរការជាថ្មី និងបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ។
លុះមកដល់ចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះ មានអាយុកាលកាន់តែច្រើន ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ក៏តម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ។ តាមការគ្រោងទុក ស្ពាននេះនឹងត្រូវបញ្ចប់ការជួសជុលនៅពាក់កណ្តាលឆ្នាំ២០១៩ ។ ប៉ុន្តែដោយសារការប្រឹងប្រែងជួសជុល ទាំងភាគីជប៉ុន និងកម្ពុជា ដោយធ្វើការទាំងថ្ងៃទាំងយប់នោះ ក៏ធ្វើឱ្យការជួសជុលរួចមុនកាលកំណត់ និងជ្រើសយកថ្ងៃទី៣ ខែមេសា ដាក់ឱ្យដំណើរការឡើងវិញ ដើម្បីជួយសម្រួលការធ្វើដំ
ណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ការជួសជុលស្ពាននេះ បានចំណាយថវិកាប្រមាណ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការជួសជុលស្ពាននេះ គឺមានគុណភាពរឹងមាំល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជប៉ុន និងកម្ពុជា ។
ចាប់ពីដើមឆ្នាំ ២០២២ ចូលមកដល់ ស្ពានជ្រោយចង្វាហាក់មានការចាប់អារម្មណ៍ខ្លាំង ចំពោះអ្នកមានវិបត្តិ ចង់បញ្ចប់ជីវិត ជាច្រើន។ ហើយស្ពានមួយនេះមានរឿងរ៉ាវជាច្រើន ដែលជួបប្រទះកន្លងមក នូវរឿងខ្មោចជាច្រើន។ សូមទស្សនាវីដេអូសម្រាយរឿង ដូចខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖