រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបានស្គាល់គ្នាជាមួយនារីម្នាក់ដែលមានមុខរបរជាអ្នកម៉ាស្សា កោសជប់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់មកក៏បានណាត់គ្នាដើរលេងនៅកោះពេជ្រ រហូតដលយប់ពាក់កណ្ដាលអាធ្រាត្រទើបនាំគ្នាចាកចេញ ប៉ុន្តែយុវជនរូបនេះពុំបានដឹកនាងទៅផ្ទះឡើយ បែរជាដឹកទៅកន្លែងស្ងាត់ បន្ទាប់មកឈប់ម៉ូតូ រួចចា.ប់នាងរំលោ.ភរហូតបានសម្រេច ព្រមទាំងលួ.ចយកលុយនិងទូរស័ព្ទរួចគេចខ្លួនបាត់ ។ ក្រោយមកនាងបានដាក់ពាក្យប្ដឹង ហើយនគរបាលខណ្ឌកំបូលបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបាន។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចដីវាលមួយកន្លែង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
នគរបាលបានប្រាប់ថា យុវជនជាជនសង្ស័យខាងលើនោះឈ្មោះ ផេង ភក្តី ហៅ និចហ្ស៊ីន អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកស្ត្រីគ្រោះមានអាយុ២២ឆ្នាំ មុខរបរម៉ាស្សាកោសជប់ មានទីលំនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រវាងជនសង្ស័យនិងនារីរងគ្រោះបានស្គាល់ និងទាក់ទងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយនៅវេលាយប់ថ្ងៃទី២៥ ខែវិច្ឆិកា បានណាត់ជួបគ្នានៅចំណុចសួនកុមារពោធិ៍ចិនតុង បន្ទាប់មកជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៍ស ពាក់ស្លាកលេខ តាកែវ 1R-8350 ទៅដឹកនារីរងគ្រោះរូបនោះទៅដើរលេងកោះពេជ្រ ហើយបាននាំគ្នាផឹកស៊ីនៅទីនោះអស់ចិត្ត ទើបនាំគ្នាចាកចេញដើម្បីត្រឡប់ទៅផ្ទះវិញ។
តាមប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា ក្រោយពេលចាកចេញពីកោះពេជ្រ ជនសង្ស័យពុំបានដឹកនារីរងគ្រោះទៅផ្ទះនោះឡើយ បែរជាដឹកទៅកន្លែងផ្សេង ហើយពេលទៅដល់ចំណុចដីវាលស្ងាត់ក៏បានឈប់ម៉ូតូ ។ បន្ទាប់មកក៏បានធ្វើសកម្មភាពចា.ប់នាងរំលោ.ភរហូតបានសម្រេច រួចលួ.ចយកទូរស័ព្ទ និងលុយរបស់នាង ហើយគេចខ្លួនបាត់ស្រមោល ។
ខណៈនោះនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះឲ្យជួយអន្តរាគមន៍ ទើបនគរបាលប៉ុស្តិ៍ខាងលើសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើនោះបាន រួចនាំទៅសាកសួរនិងកសាងសំណុំរឿងហើយនៅវេលាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជាធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕ ប្រភព កោះសន្តិភាព