រឿងអាថ៌កំបាំងកំពុងហ៊ុំព័ទ្ធគ្រោងឆ្អឹងយក្ស ដែលបានបោកបក់មកទើរលើឆ្នេរសមុទ្រស្កុតលែន អំឡុងព្យុះសង្ឃរា Ciara ។ក្រុមអ្នកស្រុក នាំគ្នាទាល់គំនិតក្រោយមើលឃើញរូបថតដែលដូចគ្នានឹងគ្រោងឆ្អឹងសត្វរលួយ ត្រូវបានគេបង្ហោះតានអនឡាញកាលពីដើមសប្តាហ៍នេះ ក្នុងនោះពួកគេមួយចំនួន បានលើកឡើងថា វាអាចជាគ្រោងឆ្អឹងរបស់សត្វចម្លែក Loch Ness ។
រូបភាពនេះ ត្រូវបានគេចែករំលែកនៅលើ ផេក Facebookឈ្មោះ Fubar News ដែលមានមូលដ្ឋាននៅទីក្រុង Aberdeen រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយព្យុះ Ciara បោកបក់មកលើចក្រភពអង់គ្លេស ជាមួយនឹងកម្លាំងខ្យល់បក់ ១៤៥គ.មក្នុង១ម៉ោង។ផេក Fubar News បានបង្ហោះរូបជាមួយនឹងសារជាអក្សរថា “មកមើលសត្វចម្លែកមួយនេះ នៅថ្ងៃនេះ នៅជិតទីក្រុង Aberdeen ។ តើអ្នកយល់ឃើញថា វាគឺជាសត្វអ្វី?”។
អ្នកលេង Facebookមួយចំនួន បាននិយាយថា គ្រោងឆ្អឹងនេះ អាចជាគ្រោងឆ្អឹងរបស់សត្វចម្លែក Loch Ness ដែលមានប្រវត្តិនៅក្នុងរឿងព្រេងស្កុតលែន។អ្នកលេង Facebookម្នាក់ឈ្មោះ Meg Plumm បានរសេរថា “អូ! វាគឺជាគ្រោងឆ្អឹងសត្វចម្លែក Loch Ness”។គួរឲ្យដឹងថា វាមិនមែនជាលើកដំបូងនោះទេ ដែលមានមនុស្សនាំគ្នាព្យាការណ៍ពីការមានសត្វចម្លែក Loch Ness ។
ថ្វីត្បិតតែមានការប្រទះឃើញជាច្រើនលើក នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះក៏ដោយ ពួកគេនៅតែគ្មានភស្តុតាងច្បាស់អាចបញ្ជាក់ថា សត្វចម្លែកមួយនេះ មានពិតប្រាកដដដែល។ នៅក្នុងជីវប្រវត្តសង្ខេបរបស់សង្ឈអៀរឡង់ Saint Columba បានសរសេរថា សត្វចម្លែក Loch Ness ត្រូវបានគេប្រទះឃើញដំបូងគេនៅក្នុងឆ្នាំ៥៦៥ ពេលដែលវាបានអូសបុរសម្នាក់រហូតដល់ស្លាប់នៅក្នុងទន្លេ Ness របស់ស្កុតលែន៕