កុលសម្ព័ន្ធនៃជនជាតិភាគដើមភាគតិចមួយឈ្មោះ Newar ឬ Nepami ក្នុងប្រទេសនេប៉ាល់ តែងតែប្រារព្ធពិធីទំនៀមទម្លាប់ដ៏ចម្លែកពីគេមួយ ដែលក្នុងមួយជីវិតរបស់ក្មេងស្រីនៃស្រុកភូមិនោះ គឺតម្រូវឲ្យរៀបការចំនួន ៣ ដង ។
ពិធីរៀបការលើកដំបូង គឺហៅឈ្មោះថា «Belbibah ឬ Ehi» ដែលក្មេងស្រីមានអាយុចន្លោះពី ៤ ទៅ ១១ ឆ្នាំ នឹងត្រូវរៀបការជាមួយនឹងផ្លែព្នៅ ។ ពិធីសាសនាមួយនេះ គឺប្រារព្ធធ្វើឡើងរយៈពេល ២ ថ្ងៃ ដោយថ្ងៃទីមួយហៅឈ្មោះថា «Dusala Kriya» និង ថ្ងៃទី ២ មានឈ្មោះថា «Pith Puja» ។
ការរៀបការជាមួយផ្លែព្នៅនេះ ត្រូវបានអ្នកភូមិមានជំនឿថា អាចជួយក្មេងស្រីសម្រេចបាននៅភាពរុងរឿង និង ងាយស្រួលក្នុងការមានកូន ។
សម្រាប់ពិធីរៀបការលើកទី ២ គឺមានឈ្មោះថា «Bara Tayegu ឬ Gufa Rakhne» គឺជាពិធីរៀបការជាមួយព្រះអាទិត្យ ដែលប្រារព្ធឡើងក្នុងរយៈពេលជិត ១២ ថ្ងៃ ។
សម្រាប់ពិធីរៀបការទី ២ នេះដែរ ធ្វើឡើងចំពោះក្មេងស្រី ដែលមិនទាន់មានរដូវ ដែលមានអាយុចន្លោះពី ១០ ទៅ ១៥ ឆ្នាំ ។ ក្នុងអំឡុងធ្វើពិធីមួយនេះ ក្មេងស្រីតម្រូវឲ្យដាក់ក្នុងកន្លែងងងឹតមួយដូចក្នុងរូងភ្នំ ដែលចាកឆ្ងាយពីមនុស្សប្រុស ដើម្បីបញ្ជាក់ភាពបរិសុទ្ធរបស់ខ្លួន ។
ចំពោះការរៀបការលើកទី ៣ ដែលជាលើកចុងក្រោយបំផុត គឺជាការរៀបការនឹងមនុស្សប្រុស ។ ការរៀបការលើកចុងក្រោយនេះ កើតមានឡើងក្នុងជំនឿមួយរបស់ក្រុមគ្រួសារផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែក្មេងស្រី បានធ្លាប់រៀបការចំនួន ២ ដងរួចមកហើយនោះ ដូច្នេះវត្តមាននៃស្វាមីរបស់ពួកគេគឺមិនមានភាពចាំបាច់ឡើយ ។ ក្មេងស្រីដែលរស់នៅក្នុងសហគមន៍ Newari គឺមានសេរីភាពក្នុងការលែងប្ដីរបស់នាង ដោយមិនចាំបាច់មានការបញ្ជាក់ការលែងលះអ្វីឡើយ ៕
ប្រភព៖ timesofindia