ខេត្តពោធិ៍សាត់ : វាលវែងជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង៧ របស់ខេត្តពោធិ៍សាត់ មានចម្ងាយផ្លូវ ១០៩គីឡូម៉ែត្រ ដោយគិតពីផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ១៩១ពីទីរួមខេត្ត ។ ស្រុកវាលវែង គឺជាស្រុកមួយ ដែលហ៊ុមព័ទ្ធទៅដោយ ព្រៃភ្នំ ធ្វើឱ្យស្រុកនេះ មានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និងស្ថិតនៅប្រមាណជា៥គីឡូម៉ែត្រ ពីទីតាំងស្រុក មានសហគមន៍មួយឈ្មោះថា ” សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ”។
ទីតាំងខាងលើនេះ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំជាលក្ខណៈទេសចរណ៍ផ្សងព្រេងឡើងភ្នំ ( ភ្នំទំព័រ) ដែលជាភ្នំជាប់ ចំណាត់ថ្នាក់ ភ្នំដែលមានកម្ពស់ខ្ពស់ ក្នុងចំណោមភ្នំទាំង ១០ នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយយោងទៅតាមការចុះផ្ទាល់ របស់មន្រ្តីទេសចរខេត្ត បានអោយដឹងថា ការធ្វើដំណើរផ្សេងព្រេងឡើងភ្នំទំព័រ ត្រូវចំណាយពេល២យប់៣ថ្ងៃ និងបែងចែកជាពីរជំរំ សម្រាប់ស្នាក់នៅ ។
ពេលនេះ សូមរៀបរាប់អំពីការធ្វើដំណើរឡើងទៅ កាន់ជំរំទី១នៃភ្នំទំព័រ៖ ចាប់ផ្តើមពីជើងភ្នំ (ស្នាក់ការសហគមន៍) ទៅកាន់ជំរំទី១(ជួរភ្នំ) មានរយ:កម្ពស់៦៦០ម៉ែត្រ ត្រូវចំណាយ ពេលប្រមាណជាង២ម៉ោងទៅ៣ម៉ោង តាមកម្លាំងភ្ញៀវទេសចរដើរយឺតឬលឿន ដែលត្រង់ទីតាំងនេះ មានកម្រាលផ្ទាំងថ្មដ៏ធំ ដែលយើងអាចគយគន់ទឹកធ្លាក់ សម្រស់ធម្មជាតិស្រស់ត្រកាល នៅតាមបណ្តោយជម្រាលភ្នំ ភូមិឋានប្រជាសហគមន៍ ។
រីឯនៅប៉ែកខាងក្រោម ព្រះអាទិត្យបានបង្អួតពន្លឺ ស្ថិតនៅចន្លោះភ្នំពីរ គឺភ្នំដាឡាល័យនិងភ្នំទំព័រ ដែលជាគោលដៅយើងត្រូវ ឡើង ។ គួររំលឹកផងដែរថា នៅត្រង់ចំណុចនេះ មិនមានប្រភពទឹកសម្រាប់ប្រើប្រាស់ឡើយ ដូច្នេះ តម្រូវឱ្យយើងមានការសន្សំសំចៃទឹក សម្រាប់ទទួលទាននិងប្រើប្រាស់ចាំបាច់។
? ចំពោះការសម្រាក ឬស្នាក់នៅយកកម្លាំងរបស់ភ្ញៀវទេសចរ អាចលំហែកាយបែបបោះតង់ ឬសម្រាកចងអង្រឹង ស្រស់ស្រូបអាហារ ដែលចំអិនដោយបងប្អូនប្រជាសហគមន៍ ជាពិសេស ភ្លក់រសជាតិទឹកតែក្រវាញ ដោយអង្គុយជជែកគ្នា លេង ជុំវិញភ្នក់ភ្លើង អមដោយអាកាសធាតុត្រជាក់ល្មម នាពេលរាត្រីដ៏សែនមនោរម្យ ដែលក្នុងនោះ មានទេសភាពខៀវខ្ចី អមដោយវាយោបក់បំពេអារម្មណ៍រណ្ដំចិត្ត ពិតជាអំណោយផលដល់ផាសុកភាពភ្ញៀវទេសចរ ដែលមានបំណងចង់យកបទ ពិសោធន៍ប្លែកៗ សម្រាប់ដំណើរកម្សាន្តបែបឡើងភ្នំផ្សងព្រេង(កម្រិតមធ្យម) និងជាពិសេស ពេលចុះមកវិញ យើងអាចទៅ ងូតទឹកជ្រោះលេង ដែលមានរយ:កម្ពស់៧០ម៉ែត្រផងដែរ។