តម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌៖ ជាស្ថានីយ៍បុរេប្រវត្តិសាស្ត្រតែមួយ គត់នៅខេត្តបាត់ដំបង ដែលអ្នកស្រាវជ្រាវបានរកឃើញបំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ គេបានរកឃើញផ្នូរបុរាណចំនួន ២ អាយុកាល ជាង ៣៣០០ឆ្នាំ និងវត្ថុបុរាណជាច្រើននៅជិតផ្នូរដូចជា ផ្តិល កាំបិត ពូថៅ ធ្វើពីថ្មរំលីង និងថ្មរឹង បំណែកឆ្អឹងសត្វរមាស ពពែ ក្តាន់ និងប្រើស។
សារ:សំខាន់ផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រ៖ យោងតាមគេហទំព័រ កេរដំណែល ភ្នំទាក់ទ្រាំងកកើតឡើងនៅចុងស័កទី១ សម័យពែមីញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ ក្នុងភ្នំនេះ មានល្អាងធំមួយ ដែលគេហៅ ថាល្អាងស្ពាន។ល្អាងស្ពាននេះ បង្កើតឡើង ដោយធម្មជាតិ មានរាងដូចស្ពាន ទាក់ទាញណាស់ដល់មនុស្សគ្រប់រូប ចង់ឃើញ និងមើលផ្ទាល់។
ផ្នែកជីវ:ចម្រុះ ភ្នំនេះគ្របដណ្តប់ដោយដើមឈើ និងរុក្ខជាតិដែលមានពណ៌ខៀវស្រងាត់ តែនៅមិនទាន់ដឹងថាទីជម្រកធម្មជាតិនេះមានជីវៈចម្រុះ ជាពិសេស ប្រភេទសត្វនិងរុក្ខជាតិប៉ុន្មានជាប្រភេទរងការគំរាមកំហែង ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។
ភ្នំនេះស្ថិតនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបងឆ្ពោះទៅខេត្តប៉ៃលិន មកដល់គីឡូលេខ៤០ បត់ចូលតាមផ្លូវក្រាលគ្រួសធម្មជាតិ ចំងាយជិត ៤គីឡូម៉ែត្រនឹងទៅដល់ភ្នំទាក់ទ្រាំង។
រដ្ឋាភិបាលបានចេញច្បាប់(លេខ៦៧អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០) អនុញ្ញាត្តឱ្យក្រសួងបរិស្ថានរៀបចំអភិរក្សភ្នំទាក់ទ្រាំងទំហំ៧៩,៨២ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ សម្រាប់ជាមរតកមនុស្ស គ្រប់ជំនាន់។
ថតនៅ ខែឧសភា ឆ្នាំ២០២០។
សូមជូនពរសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ១៩។
ប្រភព៖ បេតិកភណ្ឌប្រចាំថ្ងៃ