ពិភពលោករបស់យើងនេះ គឺពោរពេញទៅដោយជីវិតមនុស្ស និងសត្វជាច្រើនប្រភេទខុសៗគ្នា។
ក្នុងចំណោមប្រភេទសត្វមានជីវិតខ្លះមិនដែលបង្កគ្រោះថ្នាក់ដល់មនុស្សទេ ហើយមានរូបរាងគួរឲ្យស្រឡាញ់ តែមួយចំនួនទៀតមិនត្រឹមតែអាចបង្កគ្រោះថ្នាក់ខ្លាំងនៅពេលវាធ្វើការវាយប្រហារដើម្បីចំណី ឬការពារខ្លួននោះ ថែមទាំងមានរូបរាងគួរឲ្យខ្លាច និងខ្ពើមជាទីបំផុត។
ខាងក្រោមនេះគឺជាសត្វទាំង ១០ ប្រភេទដែលមានរូបរាងចម្លែក និងគួរឲ្យខ្លាច៖
១-ត្រីចចក៖ សត្វត្រី ចចក ភាគច្រើនគេឃើញមាននៅតំបន់មហាសមុទ្រអាត្លង់ទិក។ មូលហេតុដែលគេហៅវាថា ត្រីចចកដោយសារតែប្រអប់មាត់ ដែលមានធ្មេញគួរឲ្យខ្លាចដូចជាឆ្កែចចក (មានរូបភាព) របស់វានោះតែម្តង។
២-អាពីងយក្ស៖ អាពីង គឺជាប្រភេទសត្វដែលធម្មតាៗសម្រាប់កម្ពុជា តែអាពីងយក្សដែលបានលើកឡើងមកនេះមានភាពចម្លែកត្រង់វាជាសត្វដែលមានមាឌធំប៉ុនបាតដៃរបស់មនុស្សពេញវ័យ។ ក្រៅ ពីមានមាឌធំ វាមានពិសខ្លាំងនិងសាហាវវាយប្រហារចំណីយ៉ាងរហ័ស ហើយអាហាររបស់វារាប់បញ្ចូលទាំងសត្វស្លាបផងដែរ។
៣-សត្វអៃអៃ៖ សត្វប្រភេទនេះរស់នៅតំបន់ម៉ាដាហ្គាស្ការ។ ក្រៅពីឈ្មោះហៅដ៏ចម្លែកហើយនោះ វាមានរូបរាងមើលទៅយ៉ាប់មែនទែន។ ទោះជាមើលទៅមានរោមមិនស្អាតភ្នែកលឿង ត្រចៀកដូចប្រចៀវ តែវាជាសត្វស្លូតបូតខ្លាំងណាស់ គ្មានការបង្កគ្រោះថ្នាក់នោះទេ។ ប្រសិនបើមិនបានប្រាប់ជាមុនថា វាជាសត្វស្លូតអ្នកប្រាកដជាយល់សប់អាក្រក់មិនខានដោយសារសត្វអៃអៃ។
៤-ត្រីឆ្លាមហ្កុបលីន៖ ត្រីឆ្លាមប្រភេទនេះមានរស់នៅតែបាតនៃមហាសមុទ្រធំៗប៉ុណ្ណោះ។ ដូចនេះមនុស្សកម្រនឹងស្គាល់វាណាស់។ ដោយសារធ្មេញសជ្រោងឡើងគួរខ្លាច ពណ៌នៃដងខ្លួនទាំងមូលរួមទាំងច្រមុះវែងទៅមុខដូចដាវបានធ្វើឲ្យសត្វប្រភេទនេះចម្លែកមែនទែន។
៥-ជ្រូកសមុទ្រ៖ វាមានឈ្មោះបច្ចេកទេសថា Scotoplanes រស់នៅក្នុងបាតមហាសមុទ្រអាត្លង់ទិច ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាក្នុងជម្រៅប្រមាណជា ៣០០០ ទៅ ៥០០០ម៉ែត្រចុះទៅ។ វាមិនបង្កគ្រោះថ្នាក់ទេទោះបីមើលទៅគួររអើមក៏ដោយ បើប្រៀបធៀបនឹងជ្រូកធម្មតា គឺជ្រូកលើគោកស្អាតជាងឆ្ងាយណាស់។
៦-រុយ Bot fly៖ អ្នកអាចនឹងឆ្ងល់ថាគ្រាន់តែជាសត្វរុយហេតុអ្វីក៏ចម្លែក? អ្វីដែលគួរឲ្យខ្លាចក្រៅពីមានរូបរាងធំជាងរុយក្បាលខៀវយើងធ្លាប់ស្គាល់ហើយនោះ វាមិនពងកូនលើសាកសពសត្វនានាឬក៏សំរាមកាកសំណល់លាមកនោះទេ។ រុយ Bot fly តែងពងកូននៅក្រោមស្បែកក្នុងសាច់សត្វគោ ក្របី ឆ្កែ ឆ្មា រួមទាំងមនុស្សតែម្តងពោលគឺសត្វមានជីវិតទៀបពងកូនដាក់។ ពេលកូនវាញ៉ាស់ ពួកវាក្លាយជាដង្កូវស ប៉ារ៉ាស៊ីត មានធ្មេញ និងរោមជាប់ខ្លួនដូចបន្លា ខាំស៊ីរូងសាច់ចូលទៅជ្រៅ ហើយរីកលូតលាស់នៅក្នុងសាច់ឈាមរបស់អ្នកតែម្តង។
៧-កណ្តុរអាក្រាត៖ ពួកវាហាក់បីដូចជាកណ្តុរក្នុងខ្សែភាពយន្តភ័យរន្ធត់យ៉ាងដូច្នោះ។ ពួកវាមាន ហ្ស៊ែន ចម្លែកបណ្តាលឲ្យការរីកលូតលាស់រោមមិនប្រក្រតី។ ដូចនេះហើយរូបរាងពួកវាមើលទៅគួរភ័យតក់ស្លុតជាជាងបង្កគ្រោះថ្នាក់។ ភាគច្រើនគេប្រទះឃើញកណ្តុរពូជនេះរស់នៅតំបន់អាហ្វ្រិកខាងកើត។
៨-សត្វក្រពើ ហ្ការាល៖ ភាគច្រើនសត្វក្រពើ ហ្ការាល មានទំហំធំជាងសត្វក្រពើធម្មតាៗខ្លះ។ ពួកវាមានលក្ខណៈខុសប្លែកពីសត្វក្រពើទូទៅត្រង់មានមាត់តូចវែងពោរពេញទៅដោយធ្មេញមុតស្រួចជាច្រើន។ ការពិតទៅវាគួរឲ្យខ្លាចតិចជាងក្រពើធម្មតាដោយសារមាត់របស់ពួកគេមិនអាចខាំហែក កន្ត្រាក់ចំណីធំៗ រួមទាំងមនុស្សបាននោះទេ។
៩-សត្វ Mole ច្រមុះផ្កាយ៖ សត្វ Mole គឺជាថនិកសត្វរស់នៅតាមរូងក្រោមដី មានត្រចៀក និងភ្នែកតូចៗស្ទើមើលមិនឃើញ។ ជាធម្មតាវាមានមាត់តូចដូចប្រមោយវែងមូលបន្តិចសម្រាប់ចាប់ស្រមោច ដង្កូវ ជន្លេន និងសត្វតូចៗក្នុងដីផ្សេងទៀត។ ក៏ប៉ុន្តែសម្រាប់សត្វ Mole ច្រមុះផ្កាយនេះ មានច្រមុះខុសពូជធម្មតាដោយបែកចុងជាចម្រៀកៗ។ វាគ្មានគ្រោះថ្នាក់ដល់មនុស្សទេ តែវាជាពេជ្ឈឃាតជន្លេនផ្តាច់មុខ។
១០-សត្វប្រចៀវជញ្ជក់ឈាម៖ ជាធម្មតាប្រចៀវមានមុខមាត់មិនសូវស្អាតស្រាប់ទៅហើយ។ វាតែងចេញរកស៊ីសត្វពេលយប់ប៉ុណ្ណោះ។ ចំណីរបស់សត្វប្រភេទនេះមានដូចជាផ្លែឈើ សត្វល្អិត។ ដោយឡែកចំពោះសត្វប្រចៀវជញ្ជក់ឈាមប្រភេទនេះជាថនិកសត្វ ក្រៅពីស៊ីសត្វល្អិតគឺតែងលួចបឺតឈាមសត្វផ្សេងៗផងដែរ។ វាលួចតោងបឺតឈាមថនិកសត្វផ្សេងដូចជាគោ ក្របី រួមទាំងសុនខជាដើម។ បើសួរថាក្នុងលោកនេះមានបិសាចជញ្ជក់ឈាមមនុស្សដែរឬទេ? ចម្លើយគឺគ្មានទេ បិសាចជញ្ជក់ឈាម មានតែប្រចៀវបឺតឈាមនេះឯង៕ អត្ថបទ Postkhmer