តារាអនឡាញចិនម្នាក់បានស្លាប់កាលពីថ្ងៃអង្គារសប្តាហ៍មុនបន្ទាប់ពីការវះកាត់យកខ្លាញ់ចេញពីផ្នែកនៃរាងកាយដើម្បីកែសម្ផស្សបានបណ្តាលឱ្យឆ្លងមេរោគស្បែកយ៉ាងធ្ងន់ធ្ងរនិងត្រូវដេកបន្ទប់សង្គ្រោះបន្ទាន់រយៈពេលពីរខែ។
គណៈកម្មការសុខាភិបាលនៃទីក្រុងហាងចូវដែលជាទីក្រុងធំជាងគេនៅខេត្តចឺជាំងភាគខាងកើត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាគ្លីនិកដែលវះកាត់នាងត្រូវតែទូទាត់សងខាងហិរញ្ញវត្ថុដល់គ្រួសារនិងបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
គណៈកម្មការនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្លីនិកគ្រឿងសំអាងវេជ្ជសាស្ត្រហួយ៉ានខ្វះការយល់ដឹងត្រឹមត្រូវអំពីការវះកាត់មុនពេលអនុវត្តការវះកាត់មានការអនុវត្តមិនត្រឹមត្រូវក្នុងអំឡុងពេលវះកាត់ និងមិនបានផ្តល់ការព្យាបាលទាន់ពេលវេលាបន្ទាប់ពីការវះកាត់។ កំហុសនេះបានបណ្តាលឱ្យជនរងគ្រោះស្លាប់”។
នាងតាយគឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់តាមអនឡាញអាយុ ៣៣ ឆ្នាំដែលមានអ្នកគាំទ្រប្រហែល ១៣០.០០០ នាក់នៅលើបណ្តាញសង្គម Weibo ហើយគេតែងល្បីហៅនាងថា សៀវ រ៉ាន់ ។
នាងបានទទួលវះកាត់កែកុននៅថ្ងៃទី ២ ឧសភាដើម្បីយកខ្លាញ់ចេញពីចង្កេះនិងពោះព្រមទាំងពង្រីកដើមទ្រូងនិងកែបបូរមាត់។
ពីរថ្ងៃបន្ទាប់ពីការវះកាត់ នាងបានត្អូញត្អែរអំពីការឈឺចាប់ធ្ងន់ធ្ងរពេញខ្លួនទាំងមូលនិងព្យាយាមតស៊ូនឹងស្ហក់ផ្នែកវេជ្ជសាស្ត្រដែលពេលខ្លះជាស្ថានភាពធ្ងន់ធ្ងរបណ្តាលមកពីកង្វះចរន្តឈាមឆ្លងកាត់រាងកាយ។
យោងតាមរូបដែលថតពីអេក្រង់ទូរស័ព្ទដែលមិត្តរបស់នាងបង្ហោះលើបណ្តាញសង្គមបានឱ្យដឹងថានាងតាយបានតេហៅឡានពេទ្យដឹកនាងទៅព្យាបាលនៅមន្ទីរព្យាបាលជំងឺបេះដូងហ្គ្រីនថោននៅក្បែរនោះ។ រូបនោះក្រោយមកត្រូវបានលុបចោលពីបណ្តាញសង្គម។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគ្រីនថោននិយាយថា នាងតាយរងគ្រោះពីការខ្សោយសរីរាងគ្រប់កន្លែង។ នៅថ្ងៃទី៥ឧសភាគ្រួសារនាងតាយបានបញ្ជូននាងទៅមន្ទីរពេទ្យសម្ព័ន្ធទីពីរនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចឺជាំង។
នាងតាយត្រូវបានធ្វើរោគវិនិច្ឆ័យឃើញឆ្លងមេរោគជាលិកាស្បែកនិងមេរោគស៊ីសាច់ ដែលអាចរាលដាលយ៉ាងឆាប់រហ័សនិងមានគ្រោះថ្នាក់ខ្លាំងណាស់។
នាងបានចំណាយពេលពីរខែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មុនពេលស្លាប់៕ ប្រភព pressnews