លោកអ្នកប្រាកដជាគិតថាក្រោមទឹកគ្រាន់តែជាទីជម្រករបស់មច្ឆាមែនទេ? ប៉ុន្តែអ្វីដែលអ្នកនឹកស្មានមិនដល់នោះគឺទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំក៏មាននៅក្រោមទឹកផងដែរ។ ខាងក្រោមនេះគឺជាទីក្រុងក្រោមទឹកដ៏អាថ៌កំបាំងទាំង ៥ កន្លែងដែលមានប្រវត្តិមិនធម្មតាដែលអ្នកមិនធ្លាប់ដឹង៖
១. ទីក្រុង Baiae នៃប្រទេសអ៊ីតាលី
Baiae គឺជាទីក្រុងបុរាណក្រោមទឹកដ៏ល្បីដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ទីក្រុងក្រោមទឺកនេះតែងតែទទួលបានការកោតសរសើរពីមហាជនថា ជាទីក្រុងបុរាណក្រោមទឹកដែលទេសភាពប្លែកគួរឲ្យចង់ទៅទស្សនាដោយវាមានដូចជារូបចម្លាក់ប្លែកៗ និងភូមិគ្រឹះដែលមានរូបរាងចម្លែកជាដើម។ សម្រាប់អ្នកចុះលេងនៅទីនេះ ត្រូវបានហាមដាច់ខាតមិនឱ្យយករបស់បុរាណនានាឡើងមកលើគោកនោះទេ។
២. ចេតិយ Yonajuni Monument នៃប្រទេសជប៉ុន
ចេតិយ Yonaguni Monument ដែលត្រូវបានគេស្គាល់ថា “Yonaguni Submarine Ruins” គឺត្រូវបានសាងសង់ឡើងក្រោមទឹកដែលស្ថិតនៅឆ្នេរ Yonaguni ភាគខាងត្បូងនៃកោះ Ryukyu ក្នុងប្រទេសជប៉ុន។ ចេតិយនេះបានរកឃើញក្នុងឆ្នាំ ១៩៨៦ ក្នុងស្រុក Yaeyama នៃតំបន់អូគីណាវ៉ា។ គេនៅមិនដឹងថាមូលហេតុអ្វីបានធ្វើឲ្យវាស្ថិតនៅក្រោមទឹកនោះទេ តែគេជឿថាមនុស្សបង្កើតវាឡើងតាំងពី ១ ម៉ឺនឆ្នាំមុនមកម្ល៉េះ។
៣. ទីក្រុង Pavlopetri នៃប្រទេសក្រិក
ទីក្រុងនេះត្រូវបានលោក Nocholas Flemming រកឃើញក្នុងឆ្នាំ ១៩៦៨ ហើយវាត្រូវបានគេជឿថា ទីក្រុងនេះបានកសាងឡើងក្នុងឆ្នាំ ១៦០០ ដល់ ១១០០ មុនគ្រិស្តសករាជ។ អ្នកជំនាញបានរកឃើញក្អមឆ្នាំង សំណង់អគារ ទីធ្លា ផ្នូរ សំណង់សាសនា និងផ្លូវដើរដ៏ស្រស់ស្អាត ដែលមានអាយុកាលតាំងពីសម័យយុគថ្មមកម៉្លេះ។ ទីក្រុងបុរាណនេះគឺមានជម្រៅក្រោមទឹកត្រឹមតែ ៣ ទៅ ៤ម៉ែត្រតែប៉ុណ្ណោះ។
៤. ទីក្រុង Cleopatra’s Palace ប្រទេសអេហ្ស៊ីប
Cleopatra ស្ថិតក្នុងចំណោមអច្ឆរិយបុរាណដ៏អស្ចារ្យមួយក្នុងលោក។ គេបានរកឃើញទីក្រុងនេះឡើងវិញក្នុងឆ្នាំ ១៩៩០ អមជាមួយកប៉ាល់ដឹកទំនិញបុរាណ គ្រឿងអលង្ការ ថូបុរាណ ទីសក្ការបូជា និងចម្លាក់ Sphinxes រក្សារូបរាងនៅល្អឥតខ្ចោះ។ ទីក្រុងនេះត្រូវបានលិចដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិជាង ១៤០០ ឆ្នាំមកម៉្លេះ។
៥. ទីក្រុង Lion City ប្រទេសចិន
ទីក្រុង Lion បានលិចបាត់មើលលែងឃើញក្នុងទន្លេ Qiandao ក្នុងខេត្ត Zhejiang ដែលវាបានបង្កើតឡើងតាំងពីសម័យរាជវង្សហាន និងតាំង។ ទីក្រុងនេះត្រូវបានគេបោះបង់ចោលជាង ៥០ ឆ្នាំមកហើយ ប៉ុន្តែវាត្រូវបានគេរកឃើញឡើងវិញក្នុងឆ្នាំ ២០០១។ អត្ថបទ golpage cambodia