ពលរដ្ឋពីរនាក់នៅភូមិតានី និងភូមិធម្មជាតិរុនតាឯក នាស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់កុលាលភាជន៍បុរាណចំនួនពីរ ជូនអាជ្ញាធរជាតិអប្សរាកាលពីពេលកន្លងទៅថ្មីៗ ក្នុងបំណងចូលរួមចំណែកអភិរក្សសម្បត្តិដូនតាដែលមិនអាចកាត់ថ្លៃបាន។ ការស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណ ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅរក្សាទុកនេះ គឺក្រោយពីពួកគាត់បានយកទៅរក្សាទុកនៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។
កុលាលភាជន៍ទាំងពីរដែលពលរដ្ឋយកមកជូនអាជ្ញាធរជាតិអប្សរានេះ ទី១ គឺ ភាជន៍តូចហៅថា «កុណ្ឌី» មានរាងដូចប៉ាន់តែ គ្មានគម្រប កម្ពស់ប្រមាណ៩ស.ម. និងទទឹង១៣ស.ម. ជាប្រភេទភាជន៍ផុយ គ្មានស្រទាប់រលោងឡើយ។ ក្រុមអ្នកជំនាញនៅមិនទាន់ហ៊ានសន្និដ្ឋានថា ភាជន៍ប្រភេទនេះស្ថិត នៅក្នុងសម័យណានោះទេ គឺក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវនៅពេលក្រោយ។
ភាជន៍ «កុណ្ឌី» បានរកឃើញនៅឆ្នាំ ២០១៨ ដោយលោក អន់ អម ជាអ្នកភូមិតានី ស្រុកបន្ទាយស្រី ក្នុងពេលដែលគាត់ឈូសឆាយដីផ្ទះឱ្យគេនៅក្នុងភូមិ។ បន្ទាប់ពីរកឃើញលោកក៏យកទៅរក្សាទុក នៅក្នុងផ្ទះដើម្បីគោរពបូជា ព្រោះភាជន៍នេះស្អាត និងជារបស់បុរាណ។ លុះដឹងថាក្រុមអ្នកអភិរក្សចង់យកទៅរក្សាទុក លោក អន់ អម ក៏បានយកមកប្រគល់ឱ្យអាជ្ញាធរជាតិអប្សរារក្សាតែម្ដង ដោយលោកយល់ថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអាចរក្សាទុកបានល្អជាងនៅផ្ទះរបស់គាត់។
ចំណែកភាជន៍ធំវិញមានរូបរាងស្អាត ល្អ តែបែកមាត់មួយចំហៀង មានកម្ពស់ ៤៨ស.ម. ទទឹង ៣៥ស.ម. ជាប្រភេទភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត ប្រគល់ជូនដោយលោក ង៉ា ចន្ធូ ប្រធានភូមិធម្មជាតិរុនតាឯក។ ភាជន៍ធំនេះបានរកឃើញនៅឆ្នាំ ២០១១ នៅពេលឪពុកមារបស់លោកភ្ជួរស្រែនៅខាងក្រោយប្រាសាទបន្ទាយសំរ៉ែ។ បន្ទាប់ពីប្រទះឃើញ គាត់ក៏យកមកដាក់ក្នុងផ្ទះ រួចក៏យកទៅទុកចោលក្នុងគុម្ពឫស្សី។លោក ចន្ធូ បានសុំភាជន៍នេះពីឪពុកមាលោកមករក្សាទុកនាឆ្នាំ ២០១២ ហើយអះអាងថា ភាជន៍បុរាណមួយនេះហាក់ដូចជាមានវិញ្ញាណ ឬ ក៏ឫទ្ធបារមីអ្វីម្យ៉ាងនៅពេលលោកទុកពុំបានល្អដូចការសន្យា ដោយច្រកក្នុងការ៉ុង ហើយដាក់នៅក្រោមគ្រែមិនអើពើ។
បន្ទាប់មកដូចជាមានអ្វីម្យ៉ាងចេះតែធ្វើឱ្យលោកដេកមិនលក់អស់ ៧ថ្ងៃ និងចេះតែមានសំឡេងរំខាន ជួនឮសំឡេងគោះគ្រែ វាយជណ្តើរ ឡើងជណ្តើរ បើកទ្វារទាំងទ្វារជាប់សោ រហូតដល់រូបលោកលបមើល ក៏មិនឃើញមានអ្វី ប្រាប់ប្រពន្ធក៏មិនជឿ។ លុះដល់យប់ទី៧ ប្រពន្ធរបស់លោកក៏យល់សប្តិឃើញថា មានគេមកគោះទ្វារស្តែងៗ ទើបជឿ។
ម្តាយលោកឱ្យយកភាជន៍នោះទៅទុកកន្លែងដើមវិញ តែលោកអុជធូបសុំទុកនៅភូមិតានីផ្ទះម្តាយមីង។ លុះមិត្តភក្តិលោកឃើញភាជន៍ស្អាត ក៏ចង់ទិញយកទៅតាំងលម្អនៅផ្ទះ ស្រាប់តែកូនមីងរបស់លោកពីរនាក់ យល់សប្តិឃើញមានសុទ្ធតែស្រីៗ ស្លៀកពាក់បុរាណដូចស្រីស្នំស្តេច ស្រែកឱ្យជួយផងៗ មានគេចង់លក់ខ្ញុំហើយ។
ដោយសារតែហេតុចម្លែក និងការរំខាន លោក ចន្ធូ ក៏សម្រេចចិត្តយកមករក្សាទុកនៅសារមន្ទីរឡតានី ហើយប្រគល់ជូនអាជ្ញាធរជាតិអប្សរា ព្រោះជាកន្លែងមានសុវត្ថិភាព និងសុខសាន្តចំពោះវត្ថុនេះ។ លោក ចន្ធូ បញ្ជាក់ថា កាលទុកនៅព្រះដាក់ ភាជន៍នេះក៏មានគេចង់ទិញដែរ តែក្រោយដឹងថាភាជន៍នេះប្រហែលជាដាក់អដ្ឋិធាតុមន្ត្រីជាន់ខ្ពស់ មានបុណ្យសក្តិពីបរមបុរាណដែលកប់មុខប្រាសាទ អ្នកទិញក៏បដិសេធ ព្រោះខ្លាចមិនសុខសាន្ត។
អ្នកជំនាញផ្នែកអភិរក្សកុលាលភាជន៍នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី ស៊ង់ ស្រីទូច ឱ្យដឹងថា តាមការពិនិត្យសាច់ដី និងស្រទាប់រលោងរបស់ភាជន៍នេះ គឺវាប្រហាក់ប្រហែលគ្នាទៅនឹងភាជន៍ដែលគេរកឃើញច្រើននៅតំបន់ឡទ័ពជ័យ បច្ចុប្បន្ននៅក្នុងស្រុកស្វាយលើចម្ងាយប្រមាណជាង ៧០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប។ ប្រភេទកុលាលភាជន៍ដែលគេរកឃើញនៅតំបន់ឡទ័ពជ័យនោះ ត្រូវគេសន្និដ្ឋានថា វាអាចផលិតឡើងនៅក្នុងអំឡុងស.វ. ទី១១-ទី១៣ក្នុងសម័យអង្គរ។
ប្រជាពលរដ្ឋទាំងពីរនាក់ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ បងប្អូនដែលបានប្រទះឃើញវត្ថុបុរាណគ្រប់ប្រភេទ សូមកុំលក់ដូរឬរក្សាទុកនៅផ្ទះឡើយ ពីព្រោះភាគ ច្រើនវាមិនសូវជួបរឿងល្អក្នុងជីវិតនោះទេ។ សូមយកវាទៅប្រគល់ជូនសារមន្ទីរ ឬអ្នកមានសមត្ថកិច្ចដើម្បីអភិរក្សទុកជូនកូនចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្វែងយល់ ក៏ដូចជាការស្រាវជ្រាវផ្សេងៗ ពីប្រវត្តិនៃវត្ថុបុរាណទាំងនោះផង ពិសេសគឺមានសុវត្ថិភាព៕ អត្ថបទ Pressnews