ជារឿងចម្លែកមិននឹកស្មានដល់ ដែលបុរសវ័យចំណាស់ម្នាក់ ត្រូវគេបូជាអស់រយៈពេល ៧ ខែទៅហើយ ស្រាប់តែបង្ហាញខ្លួន ដើរចូលផ្ទះធ្វើព្រងើយ ធ្វើឲ្យបងប្អូនសាច់ញាតិរបស់លោក ភ័យចង់លួសព្រលឹង។លោកត្រូវបានគេស្គាល់ឈ្មោះថា Sakorn Sachiwa វ័យ៤៤ ឆ្នាំ បានឃ្លាតពីក្រុមគ្រួសារ ទៅធ្វើការលើទូកនេសាទ អស់រយៈពេលប្រមាណពីរឆ្នាំ ដោយមិនបានខលមកលេងក្រុមគ្រួសារ និងបងប្អូនសាច់ញ្ញាតិសូម្បីតែម្តង។
ក្រុមគ្រួសាររបស់គាត់ បានទទួលដំណឹងគួរឲ្យតក់ស្លុតមួយ ព្រោះមានគេប្រាប់ថា លោក Sakorn បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារជំងឺក្រពះ ហើយតម្រូវឲ្យក្រុមគ្រួសារ មកទទួលសព (រីកហើម) របស់គាត់ តម្កល់ទុកនៅបរិវេណមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងក្រុងបាងកក។គេបានសន្និដ្ឋានថា សាកសពខាងលើ ជាសាកសពរបស់គាត់ពិតមែន ព្រោះគេឃើញមាន អត្តសញ្ញាណប័ណ្ណនៅជាប់សាកសពតែម្តង ខុសអីតែធ្មេញរបស់សាកសពមានគ្រប់ចំនួន រីឯកាលនៅរស់ គេចាំបានថា ធ្លាប់បាក់ធ្មេញខាងមុខអស់ពីរ។
ខាងក្រុមគ្រួសារ បានជម្រាបភាពមិនប្រក្រតីនេះ ទៅកាន់សមត្ថកិច្ចក្នុងតំបន់ដែរ តែពួកគេមិនអើពើ រួចក៏ចាត់ទុករឿងរ៉ាវមួយនេះ ឲ្យហីទៅចុះ ព្រមទាំងទទួលបានលិខិតមរណភាពជាផ្លូវការ ក្នុងរយៈពេលបីថ្ងៃបន្ទាប់។លុះរយៈពេលប្រមាណប្រាំពីរខែក្រោយពីបូជារួច មានអី លោក Sakorn Sachiwa ដែលតាមការពិតមិនទាន់ស្លាប់ផង បានសម្រេចចិត្តលាឈប់ពីការងារជាអ្នកនេសាទ ត្រឡប់មកជួបជុំក្រុមគ្រួសារនៅស្រុកកំណើតវិញ ធ្វើឲ្យគ្រប់ៗគ្នាភ័យលួសព្រលឹង ខ្លះវិញឡើងបះសក់ច្រូង ស្មានថាគាត់ជាខ្មោច។
ម្តាយរបស់បុរសម្នាក់នេះ បានស្ទាបអង្អែលខ្លួនប្រាណកូនប្រុសទាំងរំជួលចិត្ត រួចក៏សួរគាត់ថា “ឯងស្លាប់ហើយ ម៉េចក៏ឯងមកវិញកើត?”លោក Sakorn Sachiwa ដែលគ្រប់គ្នាគិតថា ស្លាប់នោះ បានពន្យល់ដើមហេតុបង្ក ឲ្យមានការយល់ច្រឡំយ៉ាងដូចនេះថា តាមពិតទៅអត្តសញ្ញាណប័ណ្ណរបស់គាត់ ត្រូវបានកម្មករលើទូកនេសាទម្នាក់បានលួចយកទៅ ព្រមទាំងបានជម្រាបរឿងនេះទៅកាន់ការិយាល័យក្នុងស្រុក Khanom ដែរ ហើយគេបានធ្វើប័ណ្ណថ្មីឲ្យគាត់ប្រើ មិននឹកស្មានថា កើតមានរឿងរ៉ាវបែបនេះទៅវិញសោះ។
បច្ចុប្បន្នខាងសមត្ថកិច្ចបានបញ្ជាក់ថាខ្លួននឹង បើកការស៊ើបអង្កេតជុំវិញករណីនេះ ដើម្បីចងដឹងថា អ្នកដែលស្លាប់នោះជានរណាឲ្យប្រាកដ ហើយគេនឹងសារើ ក៏ដូចជាផ្លាស់ប្តូរកំណត់ហេតុចាស់ ដែលសរសេរថាលោក Sakorn Sachiwa បានស្លាប់នោះ នឹងកែប្រែដាក់ថាឲ្យនៅរស់វិញ ដែលនឹងចំណាយពេលរាប់សប្តាហ៍ ទម្រាំបានរួចរាល់៕