រាជធានីបាងកក៖ ប្រជាពលរដ្ឋថៃបានប្រទះឃើញស្នាមបាតជើងដ៏ចម្លែកចំនួន១២ មានទំហំធំចន្លោះពី១,៤០-១,៧០ម៉ែត្រ ធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើង ស្រាប់តែមានព្រលឹងខ្មោច ចូលទៅសណ្ឋិតនៅក្នុងខ្លួនរបស់ស្រីម្នាក់ ហើយអះអាងថា ពួកគេជាបិសាចត្រូវការស៊ីសាច់ស្រស់ រហូតធ្វើឲ្យអ្នកមានជំនឿអរូបី យកសាច់មកថ្វាយ ហើយស្រ្ដីរូបនោះក៏ខាំសាច់ស្រស់ៗលាយឈាមស៊ី នៅនឹងមុខហ្វូងមនុស្ស។
ប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា មុនពេលកើតមាននូវការភ្ញាក់ផ្អើលនោះ ប្រជាពលរដ្ឋថៃ បានប្រទះឃើញស្នាមបាតជើងមនុស្សចម្លែកចំនួន១២ នៅកណ្ដាលវាលស្រែក្បែរវត្តមួយ ស្ថិតក្នុងខេត្តឡាំប៉ាង ប្រទេសថៃ។ រីឯទំហំបាត់ជើងដ៏ចម្លែកនោះ មានទំហំចន្លោះពី១,៤០-១,៧០ម៉ែត្រ។ ស្របពេលនោះ ស្រាប់តែមានស្រ្ដីវ័យចំណាស់ម្នាក់ បានញាក់ញ័រនៅក្នុុងខ្លួន (ខ្មោចចូល) ហើយស្រែកប្រាប់អ្នកភូមិថា យើងជាអរក្ខនៅថែរក្សាវត្តនេះ ហើយពួកយើងមានកម្ពស់ប្រហែលជាង៣០ម៉ែត្រ។
ស្រ្ដីដែលអះអាងថាខ្មោចចូលសណ្ឋិតនោះ បានបន្តថា បាតជើងដ៏ធំចម្លែកនេះ គឺជាបាតជើងរបស់ពួកយើង ហើយឥឡូវនេះ យើងខឹងនឹងព្រះចៅអធិការវត្តនេះខ្លាំងណាស់ ពីព្រោះព្រះអង្គធ្វើអ្វីៗ នៅក្នុងវត្តមិនដែលនឹកនាយើងឡើយ។ យើងចង់ធ្វើគត់ព្រះចៅអធិការវត្ត និងដុតបំផ្លាញព្រះវិហារដែលទើបហ្នឹងកសាងនេះចោលឲ្យ ទើបយើងបាត់ខឹង។
ប្រភពព័ត៌មានដដែល បានបន្តថា នៅពេលឮបែបនេះ អ្នកដែលមានជំនឿលើអរូបី ក៏បានអង្វរករទៅដល់ស្រ្ដីដែលអះអាងថាខ្មោចចូលសណ្ឋិតនោះថា ចូរអស់លោកកុំធ្វើគត់ចៅអធិការអី ពីព្រោះព្រះអង្គមិនដឹងអ្វីទេ ហើយចុះកូនចៅថ្វាយតង្វាយជូន តើអស់លោកចង់សោយអ្វីដែរ? ភ្លាមនេះ ស្រាប់តែស្រ្ដីដែលអះអាងថាខ្មោចចូលនោះ ក៏បានឆ្លើយថា យើងត្រូុវការសោយសាច់ស្រស់ៗមានប្រឡាក់ដោយឈាម។
ស្រ្ដីអះអាងថា បិសាចចូលសណ្ឋិតលើកសាច់ឆៅខាំស៊ី
បន្ទាប់ពីដឹងថា ខ្មោចបិសាចនោះត្រូវការសាច់លាយឈាមហើយ អ្នកមានជំនឿលើអរូបី ក៏ទៅទិញសាច់ស្រស់លាយឈាម យកទៅរៀបចំតង្វាយ នៅជិតស្នាមបាតជើងដ៏ចម្លែកនោះ។ ភ្លាមៗនោះ ស្រាប់តែស្រ្ដីិដែលអះអាងថា ខ្មោចចូលនោះបានលើកសាច់ស្រស់ប្រឡាក់សុទ្ធតែឈាម ចាប់ខាំស៊ីធ្វើមុខមាត់ដូចជាចំណីអាហារដ៏ឆាញ់បំផុត។ លុះមួយសន្ទុះក្រោយមក ស្រាប់តែស្រ្ដីស្លៀកពាក់សនោះ បានដួលសន្លប់ស្ដូកស្ដឹង ទើបអ្នកចោមរោមមើលនាំគ្នា
គក់ច្របាច់ឲ្យមួយស្របក់ ក៏ដឹងខ្លួនឡើងវិញ ហើយសួរគេឯងថា តើមានរឿងអ្វីកើតឡើង? នៅពេលនោះ ប្រជាពលរដ្ឋក៏បានរៀបរាប់តាមដំណើរនោះទៅ។
ដោយឡែកព្រះចៅអធិការ គង់នៅក្នុងវត្តក្បែរកន្លែងកើតហេតុនោះ មានថេរដីកាថា រឿងនេះ គឺជំនឿអរូបី សម្រាប់ព្រះអង្គផ្ទាល់ គឺព្រះអង្គមិនចង់បញ្ចេញទស្សនៈអ្វីទេ បើញាតិញោជឿយ៉ាងម៉េចក៏ជឿទៅ ប៉ុន្តែយើងជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវយកបញ្ញាមកត្រិះរិះ មុននឹងជឿលើអ្វីមួយ ទើបវាមិនខាតប្រយោជន៍។ រីឯរឿងថា ខ្មោចមកយកជីវិតអាត្មានោះ គឺអាត្មា(ខ្ញុំ ពាក្យសម្រាប់ព្រះសង្ឃ ពោលទៅកាន់គ្រហស្ថ)វិញ គឺអាត្មាមិនជឿទេ៕