ចម្លែកៗ៖ ផ្លូវហាយវ៉េមួយខ្សែដែលទើបនឹង សាងសង់រួចរាល់ ហើយបើកឲ្យដំណើរការថ្មីៗ នៅក្នុងខេត្តក្វាងទុង ប្រទេសចិន បានធ្វើឱ្យមហាជនមានការ ចាប់អារម្មណ៍ជាខ្លាំង ហើយក៏មានការព្រួយបារម្ភ ខណៈដែលផ្ទះដ៏តូច មួយនោះនៅចំកណ្ដាលផ្លូវតែម្តង ព្រោះម្ចាស់ផ្ទះបដិសេធមិនព្រមរើចេញ។
ប្រទេសចិន ត្រូវបានគេស្គាល់ថា សម្បូរទៅដោយផ្ទះនៅចំកណ្ដាលផ្លូវ ដែលគេតែងហៅថា «nail house ផ្ទះរឹងដូចក្បាលដែកគោល» ដោយសារម្ចាស់ផ្ទះ ទាំងនោះបដិសេធមិនទទួលយកសំណងក្នុងការអភិវឌ្ឍ ព្រោះមានចំនួនតិច ឬទៅកន្លែងផ្សេង មិនអំណោយផលចំពោះជីវភាពរស់នៅ។
រូបភាពត្រូវបានចែកចាយពាស ពេញប្រព័ន្ធផ្សព្វផ្សាយចិន បានបង្ហាញពីផ្ទះដ៏តូចចង្អៀតមួយនៅ ចន្លោះផ្លូវ នៃស្ពាន Haizhuyong ដែលទើបនឹងបើកដំណើរការថ្មី នៅក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ វាមានទីតាំងស្ថិតនៅក្នុង រណ្តៅមួយនៅចំកណ្តាលផ្លូវហាយវ៉េ ហើយបានក្លាយជា ចំណុច ទាក់ទាញ មួយផងដែរក្នុងតំបន់។
អ្នកស្រី Liang ម្ចាស់ផ្ទះទំហំ ៤០ ម៉ែត្រការ៉េ មានកម្ពស់មួយជាន់នេះ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលមិនបានផ្តល់ ទីតាំងល្អ ជំនួសឱ្យអ្នកស្រីវិញនោះទេ ផ្ទុយទៅវិញបែរជាផ្តល់ជូនទីតាំង នៅជិតកន្លែង បញ្ចុះស ព ដែលជាហេតុធ្វើឲ្យអ្នកស្រី មិនអាចទទួលយកបាន ទើបសម្រេចចិត្តមិនរើចេញ ហើយមិនទទួល យក សំណងតែម្តង។
អ្នកស្រីគឺជាមនុស្សតែម្នាក់គត់ ក្នុងចំណោមម្ចាស់ដី សរុបចំនួន៤៧ នាក់ និងក្រុមហ៊ុនចំនួន៧ ដែលក្រាញ ននៀល បន្តរស់នៅទីនោះ។ អ្នកផ្សេងទៀតបានទទួល យកការផ្តល់ជូនសំណង របស់រដ្ឋាភិបាល ហើយបាន រើចេញ កាលពីកន្លងទៅ។ អ្នកស្រី Liang និយាយថា៖ «អ្នកគិតថាបរិស្ថាននេះមិនល្អទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ ស្ងប់ស្ងាត់ មានសេរីភាព និងមានផាសុកភាព»។ អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតថា អ្នកស្រីជាមនុស្សចចេសឡើយ។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានចុះផ្សាយថា៖ រដ្ឋាភិបាល បានធ្វើសំណើទៅកាន់អ្នកស្រី Liang ជាច្រើនលើកច្រើនសារ ប៉ុន្តែអ្នកស្រីបានបដិសេធ។ ការដោះដូរដ៏ច្រើនបំផុតមួយរួមមាន ផ្ទះល្វែងពីរ ព្រមទាំងទឹកប្រាក់ចំនួន ១,៣ លានយ័ន ឬប្រមាណ ១៨៦ ៥០០ ដុល្លារអាមេរិក តែអ្នកស្រីបានស្នើសុំផ្ទះ៤ ល្វែង និង ទឹកប្រាក់២ លានយ័ន ប្រមាណ ២៨៧ ០០០ ដុល្លារអាមេរិក ជាហេតុដែលមិនត្រូវតម្លៃគ្នា។ ក្រោយពីខកខាន មិនបានចុះកិច្ចព្រមព្រៀងជាមួយម្ចាស់ផ្ទះ រដ្ឋាភិបាលត្រូវបានគេរាយការណ៍ថា គ្មានជំរើស ក្រៅពីផ្លាស់ប្តូរគម្រោងដើម និងសាងសង់ស្ពាននៅជុំវិញផ្ទះ តែប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖