អាជីវកម្មចិញ្ចឹមពស់វែកហាក់ជារបរចម្លែកនិងថ្មីស្រឡាងនៅស្រុកខ្មែរ អ្នកខ្លះគ្រាន់តែលឺក៏ចង់សើចដែរ ព្រោះគិតថារបរនេះវាគ្រោះថ្នាក់ណាស់ ស្របពេលដែលកសិករនៅខេត្ដមួយក្នុងប្រទេសវៀតណាម បានចាប់យកអាជីពចិញ្ចឹមពស់នេះ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
ថ្លែងប្រាប់សារព៍ត៌មានវៀតណាម លោក Toan បានឲ្យដឹងថា លោកបានចាប់យករបរនេះ បន្ទាប់ពីឪពុករបស់លោក វាជារបរមួយដែលអ្នកភូមិនិមយចិញ្ចឹម។ ដោយសារតែទទួលបានបច្ចេកទេសក្នុងការចិញ្ចឹមពីឪពុក លោក Toan បានមានប្រសាសន៍ថា “ពស់វែកមិនពិបាកចិញ្ចឹមនោះទេ ប៉ុន្ដែវាទារទាមឲ្យយើងផ្ដល់ចំណីច្រើន និងត្រូវការដើមទុនច្រើនគួរសម សម្រាប់ចំណាយទៅលើចំណីនិងការធ្វើទ្រុង។
យ៉ាងណាមិញពស់វែកនេះ គឺមានតម្លៃណាស់ និងប្រយោជន៍ច្រើន យើងអាចលក់ បានទាំង ស្បែក ពិស ថ្លើម និងសាច់ជាដើម ប៉ុន្ដែក្នុងកសិដ្ឋានរបស់ខ្ញុំ គឺចាប់លក់រស់ ព្រោះយើងមិនចេះបច្ចេកទេសក្នុងការធ្វើវាឡើយ។ រីឯទីផ្សារដែលយើងលក់ចេញ គឺលក់ក្នុងស្រុកតិចតួចណាស់ ភាគច្រើនគឺត្រូវបាននាំចេញទៅកាន់ប្រទេសចិន”។
លោក Toan បានឲ្យដឹងទៀតថា កាលពីមុនគ្រួសាររបស់លោកមិនត្រឹមតែចិញ្ចឹមនោះទេ ឪពុករបស់លោកថែមទាំងបានបើកហាងលក់ម្ហូបធ្វើពីសាច់និងពងពស់នៅភាគខាងត្បូងប្រទេសវៀតណាមថែមទាំងផង ដោយឱពុករបស់លោកជាមេចុងភៅ។ ប៉ុន្ដែអាជីពនេះមិនបានបន្ដមកដល់លោកនោះទេ ដោយហេតុថា លោក Toan បានទទួលព័ត៍មានថា នៅខាងប្រទេសចិនមានទទួលពស់វែកដោយមានតម្លៃថ្លៃ ដោយគុណគូរមើលទៅឃើញថា ទទួលបានផលចំណេញច្រើនជាងការចំម្អិនជាអាហារលក់ លោកToan ក៏សម្រេចចិត្ដចិញ្ចឹមពស់ស្រស់តែមួយមុខប៉ុណ្ណោះ។
ចំណាយពេលជាង ១០ ឆ្នាំ ប្រឡូកក្នុងរបរមួយនេះ លោក Toan បាននិយាយថា លោកបានទទួលបានផលចំណេញច្រើន ព្រោះពស់លក់បានថ្លៃមួយគីឡូក្រាមតម្លៃ ១,២ លានដុង(ប្រហែល ៤៥ ដុល្លារ)។ ដោយទទួលបានប្រាក់ចំណេញច្រើនគួរសម លោកក៏បានពង្រីកអាជីវកម្មនេះ រហូតកសិដ្ឋានរបស់លោកអាចផលិតបានកូនពស់រហូតដល់ ៣០០០ ក្បាល មេពូជ ១០០០ក្បាល និងពស់ពេញវ័យល្មមលក់មានចំនួន ១០០០ ក្បាល។
ត្បិតថារបរចិញ្ចឹមពស់វែក ធ្វើឲ្យកសិករវៀតណាមខាងលើទទួលបានផលចំណេញច្រើនក៏ពិតមែន ប៉ុន្ដែរបរនេះបានពឹងផ្អែកទាំងស្រុកលើការនាំចេញ ដូច្នេះក្នុងស្ថានភាពនៃការរីករាលដាលជំងឹកូវីដ១៩ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះកសិដ្ឋានចិញ្ចឹមពស់របស់លោក Toan និងអ្នកភូមិផ្សេងទៀត ព្រោះមិនអាចនាំចេញពស់ទៅកាន់ប្រទេសចិនបាន ហើយពស់ក៏កាន់តែធំ ត្រូវការចំណាយទៅលើចំណីកាន់តែច្រើន នេះសម្រាប់ម្ចាស់កសិដ្ឋានដែលមានទុនបង្វិលច្រើនគឺមិនជាបញ្ហាទេ ប៉ុន្ដែវាជារឿងគ្រោះថ្នាក់សម្រាប់អ្នកគ្មានទុនបង្វិល។
យ៉ាងមិញ លោក Toan នូវតែបញ្ជាក់ថារបរចិញ្ចឹមពស់នេះ នៅតែជាមួយរបរចំណូលខ្ពស់មួយ ដែលជួយជីវភាពគ្រួសារលោកឲ្យប្រសើរឡើង ព្រោះបើគ្មានកូវីដ១៩ ពស់របស់លោកវាមិនចេះខ្វះទីផ្សារទេ ហើយលក់បានថ្លៃថែមទៀតផង៕ អត្ថបទ៖ Bussiness Cambodia