បរទេស៖ ក្មេងស្រីជនជាតិឥណ្ឌូនេស៊ីអាយុ ១៧ ឆ្នាំម្នាក់ ដែលដេកលក់អស់រយៈពេលជាច្រើនថ្ងៃក្នុងពេលតែមួយ ហើយត្រូវបានគេដាក់ឈ្មោះថា “កូនស្រីកំពូលដេក ប្រចាំខេត្តកាលីម៉ាន់តាន់ខាងត្បូង”។
នាង Echa មកពីទីក្រុង Banjarmasin ក្នុងតំបន់មួយនៃខេត្តកាលីម៉ាន់តាន់ខាងត្បូង ប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតកាលពីពេលកន្លងទៅថ្មីៗនេះ នៅពេលដែលសារព័ត៌មានអន្តរជាតិបានរាយការណ៍ថា ពេលមួយនោះ នាងបានគេងអស់រយៈពេល ១៣ ថ្ងៃជាប់គ្នា។
នាងបានឆ្លងកាត់កាលៈទេសៈគួរឱ្យព្រួយបារម្ភជាច្រើនដង។ ពេលខ្លះនាងគេងប្រហែលមួយថ្ងៃកន្លះ ហើយកាលពីសប្តាហ៍មុន ស្ថានភាពរបស់ Echa កាន់តែអាក្រក់ទៅៗ ដោយសារនាងគេងអស់រយៈពេល ៧ ថ្ងៃជាប់គ្នា។ ឪពុកម្តាយរបស់នាង បាននាំនាងទៅមន្ទីរពេទ្យ Ansari Saleh នៅទីក្រុង Banjarmasin ប៉ុន្តែការធ្វើតេស្តបញ្ជាក់ថា នាងមិនមានបញ្ហាអ្វីទេ។ ទីបំផុតនាងបានភ្ញាក់ពីគេង ប៉ុន្តែគ្រូពេទ្យនិយាយថា សុខភាពនាងនៅខ្សោយនៅឡើយ។
គ្មាននរណាម្នាក់ដឹងថា បញ្ហាអ្វីដែលបណ្តាលឱ្យគេងយូរខុសប្រក្រតីបែបនេះនោះទេ ប៉ុន្តែរោគសញ្ញាបានបង្ហាញថា នាងកំពុងមានជំងឺ hypersomnia (ជំងឺគេងថ្ងៃច្រើនពេក) ជាជំងឺប្រព័ន្ធសរសៃប្រសាទដ៏កម្រមួយ ដែលបណ្តាលឱ្យអ្នកជំងឺមានអារម្មណ៍ងងុយគេងខ្លាំងពេកក្នុងពេលថ្ងៃ ហើយដេកលក់យូរ។ ជំងឺសរសៃប្រសាទ មានច្រើនទម្រង់ ហើយមានមូលហេតុជាច្រើន ដែលអាចបណ្តាលមកពីការខូចខាតផ្នែកសរសៃប្រសាទ ដល់កត្តាហ្សែន និងប៉ះពាល់ផ្នែករាងកាយ ឬអារម្មណ៍។
ឪពុករបស់ Echa គឺលោក Mulyadi បានប្រាប់អ្នកសារព័ត៌មានថា៖ គាត់បានព្យាយាមដាស់កូនស្រីនេះជាច្រើនដង ប៉ុន្តែគ្មានបានផលអ្វីទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ កូនស្រីនេះត្រូវបានគេរាយការណ៍ថា បានទំពារ និងលេបអាហារនៅក្នុងដំណេកប្រសិនបើឪពុកម្តាយបញ្ចុកនាង ហើយនាងគេងរសាប់រសល់ បើសិននាងត្រូវការប្រើបន្ទប់ទឹក ឬឃ្លានអាហារពេលគេងលក់។ ស្ត្រីជាម្ដាយបាននិយាយថា ពេលនាំទៅដល់បន្ទប់ទឹក នាងអង្គុយលើចានបង្គន់ ហើយបត់ជើងតូចភ្លាមទាំងបិទភ្នែក។
រោគសញ្ញានៃការគេងយូរនេះ គេមិនដឹងថាមានការព្យាបាលជាសះស្បើយ ឬអត់នោះទេ ប៉ុន្តែឪពុកម្តាយរបស់ Echa សង្ឃឹមថា យ៉ាងហោចណាស់ អាការរបស់នាងអាចគ្រប់គ្រងបានល្អប្រសើរជាងមុន ដូច្នេះនាងអាចរីករាយនឹងជីវិតធម្មតា។ ដោយឡែក មានក្មេងស្រីម្នាក់ទៀតមានឈ្មោះ Sharik Tovar មានវ័យជំទង់មកពីប្រទេសកូឡុំប៊ី ត្រូវបានគេរាយការណ៍ថា បានដេករហូតដល់ពីរខែក្នុងមួយដងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/zP6edZaCFhs